សន្តិសុខសង្គម
ផ្តន្ទាទោសប្អូនថ្លៃដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សា លាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង រំលោភលើទំនុកចិត្ត ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម។
សាលក្រមបានផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ និងតម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២៨៩ ១៧៩ ដុល្លារអាមេរិក និងពិន័យចូលរដ្ឋចំនួន ១៦ លានរៀល។
សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលា ដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឆបោក (រំលោភលើទំនុកចិត្ត) មួយករណី មកបើកសវនាការជាសាធារណដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជអាជ្ញារងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
នៅចំពោះមុខអង្គសវនាការមានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ ជាអាជីវករ អមមេធាវីការពារក្តី។ រីឯដើមបណ្តឹងរដ្ឋប្បវេណីមានឈ្មោះ វ៉ា សូលីដា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (ដើមបណ្តឹង និងជនជាប់ចោទត្រូវជាបងថ្លៃ និងប្អូនថ្លៃ)។
សវនាការបានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ទៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ នេះ។
ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ពន្ធករណី ឆបោក ដែលមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក បែរជាបង្ហូរទឹកភ្នែកឲ្យគេអាណិតព្រមទាំងបានសំណូមពរឲ្យតុលាការដោះលែងឲ្យនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ។
តែការសំណូមពរនេះត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្កាមិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាងដែលជនជាប់ចោទមានល្បិចគេចវេសតាំងពីមិនទាន់ត្រូវបានចាប់ខ្លួន ។
ទាក់ទិននិងអង្គហេតុក្នុងសំណុំរឿងរំលោភទំនុកចិត្ត ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះ ត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សុលីដា និងជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងថ្លៃនិងប្អូនថ្លៃតាំងពីឆ្នាំ២០២០ បន្ទាប់ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ ២៤ បេ ផ្លូវលេខ ៩៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងអំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយពីរឿងអបិយជំនឿប្រាប់បងថ្លៃថា គាត់ (ដើមបណ្តឹង) ជាមនុស្សអភ័ព្វគូ និងរកស៊ីមិនសមប្រកប ហើយបើចង់កែប្រែវាសនាគេ (ជនជាប់ចោទ) បានស្គាល់លោកសង្ឃមួយអង្គនៅខេត្តតាកែវ។
ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះឲ្យជឿជាក់លើខ្លួនដោយប្រៀបធៀបទៅលើបុគ្គលដែលរកស៊ីដោយជោគជ័យមួយចំនួននៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកលោកសង្ឃអង្គនោះឲ្យជួយធ្វើមន្តអាគម្ភអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ។
ដោយមានការជឿលើអបិយជំនឿនិងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃជនរងគ្រោះបានយល់ព្រមឲ្យជួយទាក់ទងទៅលោកសង្ឃនោះ ដើម្បីឲ្យជួយធ្វើកិច្ចកែប្រែវាសនាឲ្យគាត់ដើម្បីឲ្យរកស៊ីកាត់តែលូតលាស់មានបានទៅមុខទៀត។
ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមមិនឲ្យជនរងគ្រោះទាក់ទងទេ ពោលគឺការងារចាត់ចែងអ្វីៗ ឈ្មោះ ម៉ន សូលីដែត អនុវត្តផ្ទាល់ទាំងអស់។ បន្ទាប់មកទៀត ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឲ្យវេរលុយផ្តល់តាមអាខោន ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់សរុបទឹកប្រាក់ ២០៧.៥៧៩ ដុល្លារអាមេរិក ដើម្បីយកទៅតម្កល់កំណល់ “ជើងព្រះ” មាស ចំនួនពីរដុំទម្ងន់ ២០ ដំឡឹង ស្មើទឹកប្រាក់ចំនួន ៤៧.០០០ ដុល្លារអាមេរិក សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន (ម៉ន សូលីដែត) សម្រាប់ចម្លងដៃ (ចម្លងកិច្ចអបិយជំនឿ) លើទឹកប្រាក់ចំនួន ៣៤.៦០០ ដុល្លារអាមេរិក។
តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀតឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួងលោមជនរងគ្រោះឲ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿព្រោះនៅពេលដាក់លុយឲ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរងគ្រោះក៏បានឈប់បន្តធ្វើកិច្ចតទៅទៀត ទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយនិងមាសយកមកវិញ ពេលនោះឈ្មោះ ម៉ន សូលីដែត បានទៅកាយយកមាសដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយយកមកប្រគល់ឲ្យជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះបានឆោឡោ ទើបឈ្មោះ ម៉ន សូលីដែត និយាយថារូបគេជាអ្នកទទួលខុសត្រូវ ។
លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួអន្តរាគមន៍ឆែកឆេរលើឈ្មោះ ម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ ហើយត្រូវបានតុលាការឃុំខ្លួនរហូតមក៕
អត្ថបទ៖ មករា
-
ចរាចរណ៍១៦ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)