ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ ថា ការដោះសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបាតទន្លេ ធានាសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវទឹក
ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេ ពិតជាមានសារសំខាន់ណាស់ក្នុងការពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវទឹក។ នេះជាការលើកឡើងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

ក្នុងវេទិកាសាធារណៈស្ដីពីកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅខេត្តកណ្ដាល លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានថ្លែងដូច្នេះថា៖ «ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម និងនាវាលិចក្នុងបាតទន្លេ មានសារសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ សុខសុវត្ថិភាពការដឹកជញ្ជូនផ្លូវទឹក និងសុខសុវត្ថិភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ»។

លោកអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា ប្រសិនបើមិនមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកទេនោះ កម្ពុជា អាចនឹងមាននាវាទេសចរណ៍អន្តរជាតិធំៗចូលមកកាន់ប្រទេសកម្ពុជាតាមដងទន្លេ និងជាភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយទន្ទឹមនឹងនេះ នៅពេលដែលការបោសសម្អាតសំណល់យុទ្ធភណ្ឌ និងបំណែកនាវាលិចនៅបាតទន្លេរួចរាល់ កម្ពុជា ក៏អាចយកសំណល់យុទ្ធសង្គ្រាម និងបំណែកនាវាទាំងនោះ មកដាក់តាំងបង្ហាញឱ្យសាធារណជន ក៏ដូចជាភ្ញៀវអន្តរជាតិទស្សនាបាន។
បើតាមរបាយការណ៍របស់លោក ម៉ុង សុគន្ធារ័ត្ន ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកកងឯកភាពបោសសំអាតមីន ដើម្បីអភិវឌ្ឍន៍ និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក គឺកម្ពុជា ត្រូវបានរងការវាយប្រហារចំនួន ៣៨៤លើក និងការទម្លាក់គ្រាប់បែកធំៗ ប្រភេទ KM៨៤ ទម្ងន់ ៩២៥គីឡូក្រាម KM៨៣ ទម្ងន់ ៤៥០គីឡូក្រាម KM៨២ ទម្ងន់ ២៣០ គីឡូក្រាម ពីយន្តហោះជាង១ម៉ឺនគ្រាប់នៅតាមដងទន្លេ ក្នុងចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣។

មន្ត្រីជំនាញរូបនេះ បានបន្តឱ្យដឹងថា ផ្អែកតាមព័ត៌មានពីប្រជាពលរដ្ឋ ព័ត៌មានស្រាវជ្រាវស៊ើបអង្កេតតាមបច្ចេកទេស និងឯកសារនានា គឺក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សង្គ្រាមមានការបាញ់ប្រហារនាវាដឹកគ្រាប់ជាច្រើននៅតាម ដងទន្លេមេគង្គ ដែលជាក់ស្ដែង នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង គឺអង្គភាពស៊ីម៉ាក់ បានរកឃើញ និងស្រង់គ្រាប់មិនទាន់ផ្ទុះ និងមីន ចេញពីនាវាដែលបានបាញ់លិច បានចំនួនសរុប ២១ ៥៥៦គ្រាប់ និងបំណែកនាវាទម្ងន់ ២២១ ៨០៤គីឡូក្រាម៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ