Connect with us

ព័ត៌មានជាតិ

យុវតីមកពីគ្រួសារក្រីក្រនៅខេត្តស្វាយរៀង ពេញចិត្តវគ្គបណ្ដុះបណ្ដាលបច្ចេកទេស​របស់រាជរដ្ឋាភិបាល

បានផុស

នៅ

យុវតី ឈឹម រចនា ដែល​កំពុង​រៀន​ជំនាញ​ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន ស្វាយរៀង បាន​លើក​ឡើង​ថា ខ្លួន​ពេញចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល ហើយ​រូបគេ​សង្ឃឹម​ថា ការ​រៀន​ជំនាញ​វិជ្ជាជីវៈ នឹង​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​គ្រួសារ​របស់​គេ​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី​រូប​នេះ ថា «ដោយសារតែ​ខ្ញុំ​ពេញចិត្ត ពីព្រោះ​វា​ជា​ឱកាស​សម្រាប់​យុវជន​ដែល​មាន​ជីវភាព​ខ្វះ​ខាត​អាច​រៀន​ជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ ថែមទាំង​មាន​ប្រាក់ឧបត្ថម្ភ​ថែមទៀត»។

យុវតី​រូប​នេះ បន្ថែម​ថា ក្នុង​រយៈពេល ៣ សប្ដាហ៍ ក្នុង​ការ​ចាប់ផ្ដើម​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ខ្លួន​បាន​សិក្សា​នូវ​ជំនាញ​ទន់ ប្រមុម ការ​ត​ចរន្ត​ក្នុង​គេហដ្ឋាន និង​ការ​សិក្សា​ការ​វាស់​តង់ស្យុង​ផ្សេងៗ ជាច្រើន​ទៀត។ កម្មវិធីសិក្សា​ទាំងនេះ កញ្ញា សង្ឃឹម​ថា សិក្ខាកាម​អាច​ស្រូប​យក​ចំណេះ​ជំនាញ​បាន​ឆាប់រហ័ស និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​ឱ្យ​មក​សិក្សា​បាន​គ្រប់ៗ គ្នា​ផង​ដែរ​។

យុវតី ឈឹម រចនា ថា «ក្រៅពី​សិក្សា​លើ​មុខវិជ្ជា​ទាក់ទង​នឹង​ជំនាញ ក្នុង​នោះ​ដែរ គ្រូបង្រៀន ក៏បាន​ផ្តោត​លើ​ការ​បង្រៀន​ការ​ធ្វើ​ការងារ​ជា​ក្រុម ឱ្យ​ចេះ​សហការ​គ្នា ស្រលាញ់​គ្នា និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ផង​ដែរ ត្បិត​ការ​ចុះ​កម្មសិក្សា និង​ការ​ចូល​រោង​ជាង​អនុវត្ត​មិន​ទាន់​បាន​ចាប់ផ្ដើម​នៅ​ឡើយ»។ យុវតី រចនា បន្ថែម​ថា នារី ក៏​អាច​រៀន​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​បាន​ដែរ ត្បិត​ជំនាញ​នេះ​ភាគច្រើន​សំបូរ​តែ​បុរស​រៀន​នា​ពេល​កន្លងមក។ យុវតី​រូប​នេះ បាន​សម្រេច​ចិត្ត​រៀន​ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​នេះ​ដោយ​ខ្លួនឯង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គាត់​អាច​ធ្វើ​បាន និង​ជោគជ័យ​លើ​ជំនាញ​នេះ។

ជាមួយ​គ្នា​នេះ យុវតី ឈឹម រចនា ក៏បាន​បន្ត​ទៀត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ របស់​រាជរដ្ឋាភិបាល ជា​ក្តី​សង្ឃឹម​តែមួយគត់ អាច​ឱ្យ​ខ្លួន​បាន​សិក្សា​ជំនាញ​ទាំង​ដែល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ អាច​រក​ការងារ​បាន​ធ្វើ មាន​ប្រាក់ចំណូល​សមរម្យ។ យុវតី​រូប​នេះ រំពឹង​ថា ខ្លួន​នឹង​ជា​អ្នក​ស្រោចស្រង់​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​ឪពុកម្ដាយ​កាន់តែ​ជរា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គួរ​ជម្រាប​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ បាន​បោះជំហាន​ទៅ​មួយ​ដំណាក់កាល​ទៀតហើយ ដោយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ចូល​រៀន​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម