សេដ្ឋកិច្ច
រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ ដើម្បីអនុវត្តគម្រោងសាងសង់អាកាស យានដ្ឋាននៅមណ្ឌលគីរី
រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី ដែលគណៈកម្មការនេះ ដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

គណៈកម្មការនេះមានសមាសភាពចំនួន១៣រូបរួមមាន ទី១, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធាន ទី២, លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន ទី៣, លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន ទី៤, លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាសមាជិក និងមានសមាសភាពសមាជិកមួយចំនួនទៀត។
គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដឹកនាំ និងចរចាលើការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Power China international group /PIG) ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី នៅខេត្តមណ្ឌលគិរី, ដឹកនាំ ត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់អនុសាសន៍លើការសិក្សាទាំងឡាយ ដែលពាក់ព័ន្ធដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដោយសហការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ដឹកនាំចរចា លើការរៀបចំកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជនរហូតដល់ការចុះកិច្ចសន្យាជាស្ថាពរ, ត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងតាមដានកាតព្វកិច្ច សមិទ្ធកម្ម និងវឌ្ឍនភាព នៃការអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាក់ព័ន្ធរហូតគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ, ពិនិត្យ វាយតម្លៃ និងដាក់ចេញនូវអនុសាសន៍ណែនាំចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងករណីមានបញ្ហា ត្រូវស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធ្វើរបាយការណ៍ និងលើកយោបល់ជូនរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយនៅខេត្តមណ្ឌលគិរី ហើយអាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group។
ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម ហើយរាជរដ្ឋាភិបាល ក៏ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាផងដែរ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ដោយសាតែកន្លែងចាស់មានសភាពតូចចង្អៀត ព្រោះប្រជាពល រដ្ឋរស់នៅជុំវិញច្រើន តែព្រលានយន្ដហោះចាស់នោះ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ដោយរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។
បើតាមលោកស្វាយ សំអ៊ាង ទីតាំងថ្មីសម្រាប់ព្រលានយន្តហោះនេះ មានផ្ទៃដីប្រមាណ៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យប្រមាណជាង២០គីឡូម៉ែត្រ ហើយទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិបាន អាស្រ័យលើការសិក្សារបស់អាកាសចរស៊ីវិល និងក្រសួងពាក់ព័ន្ឋ។
អភិបាលខេត្តមណ្ឌលគីរីបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។
ទាក់ទងបញ្ហានេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ ដែលគម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍រួចហើយ។
បច្ចុប្បន្ន កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មដោយក្រុមហ៊ុន SCA របស់បារាំង៕
កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?