ព័ត៌មានជាតិ
មូលនិធិអភិវឌ្ឍន៍ជំនាញដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅកម្ពុជា
មូលនិធិអភិវឌ្ឍន៍ជំនាញបានដើរតួនាទីសំខាន់ណាស់ ក្នុងការចូលរួមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”នៅព្រឹកថ្ងៃទី៣០មករានេះ លោក ឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាព, ភាពប្រកួតប្រជែង និងកម្រិតជីវភាពដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេងនៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ ដែលការណ៍នេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតី បុរេសកម្ម ពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ (ជាពិសេសវិស័យ ឯកជន) ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យសម្រេចឱ្យបានគោលដៅយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ជាមួយគ្នានេះ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ បានបង្កើតកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនចំនួន ២៩៧ រោងចក្រ សហគ្រាស ទៅនឹងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន ៤៤, ផ្ដល់ថវិកាបដិភាគទៅដល់គម្រោងបណ្ដុះបណ្ដាលចំនួន ១២១ ដែលរៀបចំដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលជាដៃគូដែលមានទឹកប្រាក់ ៨,៣ លានដុល្លារ ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុប ១៧,២ លានដុល្លារដោយមានសិក្ខាកាម១៦ 0៧៥ នាក់ ក្នុងនោះ ស្ត្រី ៣៥%។ បន្ទាប់ពីបណ្តុះបណ្តាលចប់ អត្រាបោះបង់ការសិក្សា មានកម្រិតទាប ត្រឹម ៤%, រីឯ អត្រាមានការងារធ្វើ ខ្ពស់ រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានជាមធ្យម ២៤៦ ដុល្លារ និងអត្រាពេញចិត្តរបស់និយោជកខ្ពស់ រហូតដល់ ៨៥%។
លោកបានបន្តថា ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចជាពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ, បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធីបណ្តុះបណ្តាល ដែលត្រូវនឹងតម្រូវការវិស័យឯកជន និងដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែម ដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ, ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម ។
លោក ផាន់ ផល្លា ក៏បានអំពាវនាវដល់វិស័យឯកជន រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះ-បណ្តាលទាំងអស់បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការជាក់ស្តែង ដើម្បីដាក់ស្នើមកកាន់ SDFខណៈSDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមគាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី ប្រមូល, គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល