ព័ត៌មានជាតិ
ស្វែងយល់ពាក្យគន្លឹះបច្ចេកទេសក្នុងច្បាប់វិនិយោគថ្មីប្រកាសដាក់ឲ្យប្រើប្រាស់
កម្ពុជាបានអនុម័តច្បាប់ស្តីពីវិនិយោគ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន ដើម្បីទាក់ទាញនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសក្នុងប្រទេសកម្ពុជា។
ច្បាប់ស្ដីពីវិនិយោគមានវិសាលភាពអនុវត្ត ចំពោះរាល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា “គ. ល. គ.” ” គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណះសម្បត្តិគ្រប់គ្រាន់ ” គ. ព. គ. ល. គ.” និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ “គ. ធ. វ.” ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណ:កម្មាធិការវិនិយោគរាជធានីខេត្ត។
ច្បាប់នេះផ្តល់ការលើកទឹកចិត្តវិនិយោគលើវិស័យនិងសកម្មភាពសំខាន់ៗ តាមរយៈយន្តការនៃការលើកទឹកចិត្តផ្នែកពន្ធជាមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេសផ្សេងទៀត។
នៅក្នុងច្បាប់វិនិយោគនេះ ក៏មានកំណត់និយមន័យពាក្យវាក្សសព្ទសំខាន់ៗសម្រាប់ការប្រើប្រាស់ផងដែរ។
-«វិនិយោគិន» សំដៅដល់បុគ្គលអនុវត្តតម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។
-«សកម្មភាពវិនិយោគ» សំដៅដល់សកម្មភាពធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើតឡើង ឬត្រូវបានទិញយក ឬត្រូវបានលក់ ឬត្រូវបានធ្វើអនុប្បទាន ឬត្រូវបានពង្រីក ឬត្រូវបានរួមបញ្ចូលគ្នា និងត្រូវបានអនុញ្ញាតជាលាយលក្ខណ៍អក្សរដោយស្ថាប័នទទួលបន្ទុកដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
-«វិញ្ញាបនបត្រចុះបញ្ជី» សំដៅដល់វិញ្ញាបនបត្រដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬដោយ អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត បញ្ជាក់ពីការទទួលស្គាល់គម្រោងវិនិយោគ។
-«សំណើសុំចុះបញ្ជីគម្រោងវិនិយោគ» សំដៅដល់សំណើដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ដាក់ជូនអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តដោយបុគ្គលណាមួយក្នុងគោលបំណងបង្កើតគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ល. គ) និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ (គ. ធ. វ.) សំណើនេះអាចរាប់បញ្ចូលដំណាក់កាលមួយឬច្រើន ដោយរួមបញ្ចូលទាំងសំណើសុំពង្រីកគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ល. គ.) ។
-«អ្នកដាក់ពាក្យសុំ» សំដៅដល់បុគ្គលដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។
-«គម្រោងវិនិយោគ» សំដៅដល់គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ។
-«គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់» សរសេរជាអក្សរកាត់ «គ. ល. គ» សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។
-«គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ» សំដៅដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានលក់ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
-«គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ» សំដៅដល់ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលផលិតផលរបស់ខ្លួនក្នងសមាមាត្រណាមួយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។
-«គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុក» សំដៅដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមិនបម្រើឱ្យការនាំចេញ។
-«គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់» សរសេរជាអក្សរកាត់ «គ. ព. គ. ល. គ» សំដៅដល់ការពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើង តាមរូបភាពណាមួយមានជាអាទិ៍ ការពង្រីកផលិតកម្មដែលមានស្រាប់ ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតនៅក្នុងសែស្រឡាយផលិតផលជាមួយគ្នា ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មី ដែលលើកកម្ពស់ផលិតភាព ឬ ការពារបរិស្ថាន ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាទូរគមនាគមន៍មូលដ្ឋាន ឬការពង្រីកក្រោមរូបភាពផ្សេងទៀតដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ។
-«គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ» សរសេរជាអក្សរកាត់ «គ. ធ. វ.» សំដៅដល់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដោយមានបញ្ជាក់ច្បាស់ថាជាគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ ប៉ុន្តែពុំទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ។
-«ថ្ងៃធ្វើការ» សំដៅដល់ថ្ងៃប្រតិទិនដែលជាថ្ងៃធ្វើការជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។
-«ធាតុចូលផលិតកម្ម» សំដៅដល់វត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេច និងសម្ភារៈបន្ទាប់បន្សំ រួមទាំងទំនិញ ដែលត្រូវបំប្លែងនៅក្នុងកិច្ចដំណើរការផលិតកម្ម លើកលែងតែផលិតផលតេលសិលានិងគ្រឿងបន្លាស់យានយន្ត។
-«នីតិបុគ្គលសញ្ជាតិខ្មែរ» សំដៅដល់ក្រុមហ៊ុនដែលមានទីកន្លែងអាជីវកម្មនិងបានធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានភាគហ៊ុនចាប់ពី ៥១ (ហាសិបមួយ) ភាគរយ ក្នុងក្រុមហ៊ុន ត្រូវបានកាន់កាប់ដោយបុគ្គលដែលមានសញ្ជាតិខ្មែរ។
-«បរិក្ខារសំណង់» សំដៅដល់បរិក្ខារដែលត្រូវបានផ្តុំ បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ឬបំពាក់ភ្ជាប់នឹងសំណង់ ដើម្បីបង្កើនគុណភាព ផាសុកភាព និងភាពងាយស្រួលនៃការប្រើប្រាស់សំណង់ មានជាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែកាបអុបទិក ឡាវ៉ាបូ រ៉ូប៊ីណេ ផើងងូតទឹក ជណ្ដើរយន្ត និងទុយោ លើកលែងតែម៉ាស៊ីនត្រជាក់។ ការនាំចូលម៉ាស៊ីនត្រជាក់សម្រាប់សកម្មភាពឬគម្រោងវិនិយោគក្នុងវិស័យជាក់លាក់ណាមួយ នឹងទទួលបានការលើកទឹកចិត្តដោយឡែក ដែលនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឬនៅក្នុងអនុក្រឹត្យ។
-«បុគ្គល» សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល។
-«សម្ភារៈបរិក្ខារផលិតកម្ម» សំដៅដល់គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗសម្រាប់ប្រើ ប្រាស់ជាមូលដ្ឋានសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្ម លើកលែងតែយានយន្ត។ ចំពោះការនាំចូលយានយន្ត សម្រាប់សកម្មភាពឬគម្រោងវិនិយោគក្នុងវិស័យជាក់លាក់ណាមួយ នឹងទទួលបានការលើកទឹកចិត្តដោយឡែក ដែលនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឬនៅក្នុងអនុក្រឹត្យ។
-«សម្ភារៈសាងសង់» សំដៅដល់សម្ភារៈសំណង់ដែលបានបំប្លែងឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការសាងសង់សំណង់នានា រួមបញ្ចូលទាំងបរិក្ខារសំណង់សម្រាប់ គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ល. គ.) ប្រើប្រាស់ដើម្បីដំណើរការសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងដំណាក់កាលសាងសង់ដំបូងឬពង្រីក។
បរិក្ខារសំណង់ សម្ភារៈសាងសង់ និងសម្ភារៈបរិក្ខារផលិតកម្មត្រូវមាន លក្ខខណ្ឌបច្ចេកទេសនិងបរិមាណសមស្របទៅនឹងគម្រោងវិនិយោគ។
-«អនុក្រឹត្យ» សំដៅដល់អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕
បន្តអាន៖ ១៩ វិស័យជំរុញឲ្យវិនិយោគ សម្រួលទាំងពន្ធដារពន្ធគយ បន្ថែមលើកទឹកចិត្តជាច្រើនទៀត
បន្តអាន៖ ច្បាប់វិនិយោគថ្មីកំណត់ត្រឹម ២០ ថ្ងៃយ៉ាងយូរត្រូវចេញវិញ្ញាបនបត្រផ្តល់ភ្លើងខៀវសំណើវិនិយោគ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ