Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ការអនុវត្តស្តង់ដាសាលារៀនគំរូដើម្បីពង្រឹងចំណេះដឹង និងសីលធម៌សិស្ស

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ដោយផ្តោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ កុម្ភៈនេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ នៅរាជធានីភ្នំពេញ ដែលជាការឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន ៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមានទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងអប់រំបានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀន គំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា រួមមានស្តង់ដាទី១ ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២ ផ្តោតលើ ការបង្រៀននិងរៀន ស្តង់ដាទី៣ ផ្តោតលើ ការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤ ផ្តោតលើ ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន ។សាលារៀនគំរូនឹងផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ដោយសាលារៀនត្រូវផ្តោតការ យកចិត្តទុកដាក់ និងកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល ដោយប្រើប្រាស់យន្តការ ពីលើចុះក្រោម និងពីក្រោមទ្បើងលើ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះយន្តការពីលើចុះក្រោមគឺក្រសួងនឹងជ្រើសរើសវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០០ ដែលមានអត្រាសិស្សទទួលបាននិទ្ទេស A, B, C ខ្ពស់ជាងគេ ឬដែលមានអត្រាសិស្សប្រទ្បងជាប់សម្រេចបានស្មើ ឬខ្ពស់ជាងលទ្ធផលមធ្យមភាគថ្នាក់ជាតិ ដើម្បីធ្វើការវាយតម្លៃ ។សិស្សមធ្យមសិក្សាបឋមភូមិគឺគ្រឹះស្ថានសិក្សាដែលមានពិន្ទុរង្វាយតម្លៃសិក្សាថ្នាក់ជាតិថ្នាក់ទី ៨ ឬ អន្តរជាតិ (PISA) ខ្ពស់និងសម្រាប់សិស្សបឋមសិក្សាគឺ គ្រឹះស្ថានសិក្សាដែលមានសិស្សទទួលបានពិន្ទុរង្វាយ តម្លៃសិក្សាថ្នាក់ទី ៣ និងទី ៦ ខាងផ្នែកអំណាន និងគណិតវិទ្យាខ្ពស់។

ចំណែកឯយន្តការពីក្រោមទ្បើងលើ គឺមន្ទីរអប់រំ យុវជន និងកីទ្បា ឬគ្រឹះស្ថានសិក្សាមាន សិទ្ធិស្នើបេក្ខភាពសាលារៀនគំរូ សម្រាប់គណៈកម្មការថ្នាក់ជាតិចុះវាយតម្លៃ។ ខេត្តដែលមាន សាលារៀនគំរូច្រើន ប្រធានមន្ទីរនឹងត្រូវទទួលស្គាល់ថា ជាប្រធានមន្ទីរគំរូផងដែរ។

ជាមួយគ្នានេះដែរនៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០ សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្នុងរយៈពេលចំពោះមុខ ក្រសួងនឹងវាយតម្លៃជ្រើសរើស សាលារៀនប្រមាណ ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងប្រារព្ធឡើងនៅដើមខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដាសាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២០ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង៣៧ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម