ព័ត៌មានជាតិ
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)។
បើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។
ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង ១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន ១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។
បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្មនិងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។
ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា ៦ ផ្នែក មានដូចជា ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ