Connect with us

កីឡា

ធ្លាប់ឈ្នះជើង​ឯក៥ដង អ៊ុំ វិចិត្រ ប្រាប់ក្តីស្រមៃធំមួយក្នុងអាជីពអ្នកចាំទី

បានផុស

នៅ

អ្នក​ចាំទី​ជម្រើស​ជាតិ​កម្ពុជា និង​ក្លិប​ភ្នំពេញ​ក្រោន អ៊ុំ វិចិត្រ មានក្តីស្រមៃធំ​មួយ​គឺ​ចង់​ស្គាល់​រស​ជាតិ​​​ពាន​រង្វាន់​អ្នក​ចាំទី​ឆ្នើម​ឲ្យ​បាន​ម្តង​ក្នុងអាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើត​នៅ​ឆ្នាំ​១៩៩៣ អ៊ុំ វិចិត្រ ​បាន​ចាប់​ផ្តើម​លេង​បាល់​តាំង​ពី​តូច​ក្នុង​នាម​ជា​យុវជន​របស់​ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​តាំង​ពី​ឆ្នាំ​២០០៨។ នៅក្លិប​ដំបូង​នេះ រូប​គេ​បាន​ជួយ​ឲ្យ​ក្លិប​ទ័ព​ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ២​លើក​គឺ​ឆ្នាំ​​២០១០ និង​២០១៦ ប៉ុន្តែ​​នៅ​ឆ្នាំ​២០១៦​ រូប​គេ​មិន​បានលេង​ទេ​ដោយសារបាន​របួស​ដៃ​តាំង​ពី​ឆ្នាំ​២០១៥។

បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​របួស​នៅ​ចុង​ឆ្នាំ​២០១៧ រូប​គេ​បាន​វិល​ត្រឡប់​ចូល​ទី​លាន​វិញ ដោយ​បាន​លេង​ពេញ​លេញ​ចន្លោះ​ឆ្នាំ​២០១៨ និង​២០១៩ ជា​ពេល​ដែល​ប្អូន​ប្រុស​បង្កើត​របស់​ខ្លួន អ៊ុំ សេរីរ័ត្ន បាន​របួសម្តង។ នៅ​ឆ្នាំ​២០២០ រូប​គេ​ចូល​រួម​ជា​មួយ​ក្លិប​ភ្នំពេញ​ក្រោន​ជា​កន្លែង​ដែល​រូប​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២១។

រដូវ​កាល​២០២២ អ៊ុំ វិចិត្រ បាន​វិល​ត្រឡប់​ទៅ​ក្រសួង​ការពារ​ជាតិ​វិញ និង​បាន​​​ត្រឡប់​ទៅ​ភ្នំពេញ​ក្រោន​ជា​ថ្មី​នៅ​ឆ្នាំ​២០២៣ ជា​ពេល​​ដែល​រូប​គេ​បាន​ឈ្នះ​ជើង​ឯក​២​ទៀត​គឺខេមបូឌានលីគ​ខាប់ និង​ខេមបូឌានស៊ុបភើខាប់។

បើ​ទោះ​បី​ជា​ធ្លាប់​ឈ្នះ​ជើង​ឯក​៥​លើក​​ក៏​ដោយ ក៏​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​​​រូប​នេះ​​មិន​ទាន់​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​ចាំ​ទី​ឆ្នើម​ឡើយ​។ អ៊ុំ វិចិត្រ បាន​ប្រាប់​សារព័ត៌មាន«កម្ពុជា​ថ្មី»​ថា ៖«ចំពោះ​សមិទ្ធផល ខ្ញុំ​នៅ​ជា​មួយ​ក្រសួង​ការពារ​ជាតិ ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន​សម្តេច​តេជោ​បាន​២​ដង។ បន្ទាប់​ពី​ផ្លាស់​មក​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន ខ្ញុំ​​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា។ ក្រោយ​មក ​ខ្ញុំ​​បាន​ត្រឡប់​ទៅ​​ទ័ព​វិញ​ ហើយ​ត្រឡប់​ទៅ​ភ្នំពេញ​ក្រោនម្តង​ទៀត​ ខ្ញុំ​​ក៏​បាន​ឈ្នះជើង​ឯក​ខេមបូឌានលីគខាប់ និង ខេមបូឌានស៊ុបភើ​ខាប់»។

អ៊ុំ វិចិត្រ បន្ថែម​ថា ៖«ក្តី​ស្រមៃ​មួយ​ដ៏​ធំគឺ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​អ្នក​ចាំទី​ឆ្នើម។ រហូត​ដល់​ឥឡូវ​នេះ ខ្ញុំ​មិន​ទាន់​ធ្លាប់​ឈ្នះ​ពាន​ជា​អ្នក​ចាំទី​ឆ្នើម​ទេ។ នៅ​តែ​មាន​ក្តីស្រមៃចង់​ឈ្នះ ពី​ព្រោះ​យើង​លេង​អាជីព​នេះ យើង​ត្រូវ​តែ​ស្គាល់​រសជាតិ​នេះ​ឲ្យ​បាន​ម្តង»។

ក្រោយ​ជា​សះ​ស្បើយ​ពី​របួស និង​វិល​ចូល​ទី​លាន​វិញ​​ក្នុង​រយៈ​ពេល​បី​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ អ៊ុំ វិចិត្រ បានក្លាយ​ជា​ដៃ​ទី​១​របស់​ក្លិប​ភ្នំពេញ​ក្រោន និង​ចុង​ក្រោយ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម