Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ជប៉ុន​​មួយ​ចាយទុន​វិនិយោគអស់​ជាង ៧០០ លាន​ដុល្លារ លើ​គម្រោង​ផ្សារទំនើប​ទាំង ៣ នៅ​កម្ពុជា

បានផុស

នៅ

បើតាមលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លបាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនបាន​វិនិយោគ​អស់ទឹកប្រាក់​ប្រមាណ ៧០០ លាន​ដុល្លារ​​លើ​គម្រោងអភិវឌ្ឍ​ផ្សារ​ទំនើប​ទាំង ៣ នៅ​កម្ពុជា​ ។

នៅ​ក្នុង​ឱកាសជំនួប​ពិភាក្សាការងារ​ជាមួយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក TSUBOYA MASAYUKI បានគូស​បញ្ជាក់ថា ក្រុមហ៊ុន​បាន​បណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦ លាន​ដុល្លា​អាមេរិក បង្កើតផ្សារទំនើបចំនួន ៣ ទីតាំង នៅប្រទេស​កម្ពុជា​ក្នុង​នោះ​រួមមាន គម្រោងវិនិយោគផ្សារទំនើប​អ៊ីអន​ម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល ជំនួបនាឱកាសនោះ​​ក៏​ធ្វើឡើងក្នុងគោលបំណងដើម្បី​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ពីលោក​ឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់​ក្រុមហ៊ុន​នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន AEON Mall (Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលបង្កើតឡើងកាល​ពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ ផ្សារ ពី​១៤​ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រមុខ​ដឹកនាំ​កម្ពុជា ​នៅ​​​ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏​បានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនចំនួន ២ ក្នុងចំណោមក្រុមហ៊ុនជប៉ុនផ្សេង​ទៀត ដែលកំពុងវិនិយោគនៅកម្ពុជា​។ នៅក្នុង​នោះ​សម្តេច​បាន​លើក​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន AEON Mall។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន AEON Mall Cambodia បានដាក់ទុនវិនិយោគដំបូងចំនួន ២០០ លាន​ដុល្លារអាមេរិកដើម្បីសាងសង់ផ្សារទំនើប AEON Mall ដំបូងក្នុងរាជធានីភ្នំពេញ។ ប៉ុន្មាន​ឆ្នាំក្រោយមក ក្រុមហ៊ុនបាន​បោះទុនបន្ថែមចំនួន ៤០៩ លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទីពីរ និងទីបី។

ក្រុមហ៊ុនក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតឈ្មោះថា AEON Mall (Cambodia) Logi Plus ដើម្បីរួមចំណែកដោះស្រាយបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

​លោក អាកាដា ម៉ូតូយ៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL ក្នុង​ឱកាស​ជួប​ពិភាក្សាជាមួយ​មេដឹកនាំ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ក៏​បានបង្ហាញ​អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននិងអំពីគម្រោងនៃ​ការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ជាការ​ឆ្លើយតប​សម្តេចធិបតីបានសម្តែងការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុន​វិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម