KPT+
ផ្លែទឹកដោះគោ មានតាមតម្រូវទីផ្សារក្នុងស្រុក ប៉ុន្តែមិនសូវមានកសិករដាំ
ខេត្តបាត់ដំបងបច្ចុប្បន្ន ដើមទឹកដោះគោ នៅតែមិនទានមានកសិករបង្កើនការដាំដុះជាចម្ការ ក្រៅពីរំពឹងទិន្នផលដែលមានដាំពីដូនតានៅតាមភូមិដ្ឋានរហូតដល់សព្វថ្ងៃ។ ដំណាំប្រភេទនេះត្រូវបានប្រជាកសិករចាត់ទុកថា មិនសំខាន់សម្រាប់បម្រើលើទីផ្សារ ឬនាំចេញទៅទីផ្សារក្រៅប្រទេស ទើបកសិករមិនសូវយកចិត្តទុកដាក់ប្រកបមុខរបរមួយនេះ។ នេះបើយោងតាមការលើកឡើងពី មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង។

អ្នកស្រី ឌីណា អាជីវករលក់ផ្លែឈើនៅផ្សារក្រុងបាត់ដំបង បានឱ្យដឹងថា ផ្លែទឹកដោះគោ ពិបាករកទិញមកលក់ណាស់ ហើយតម្រូវការអ្នកបរិភោគក៏ច្រើនដែរ។ អ្នកស្រី បានដាក់សំណួរថា ហេតុអីក្នុងខេត្តបាត់ដំបង មិនមានផ្លែទឹកដោះគោលក់។ អ្នកស្រីបន្តថា៖ “ថ្ងៃនេះខ្ញុំបានទិញពីខេត្តពោធិ៍សាត់ បានតិចតួចដោយទិញក្នុងតម្លៃ ចន្លោះពី ២៥០០ ទៅ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ខ្ញុំលក់ចេញវិញបាន ៤០០០ រៀល ក្នុង១គីឡូក្រាម តែអ្នកលក់តាមដងផ្លូវខ្លះលក់ថ្លៃ ណាស់ តែសម្រាប់ខ្ញុំមិនចង់ចំណេញច្រើននោះទេ ព្រោះអ្នកខ្លះគាត់ឃ្លាន តែលុយគាត់យកមកទិញម្ហូបមានកម្រិត ទើបខ្ញុំលក់ឱ្យពួកគាត់ត្រឹម ៤០០០ រៀល ១ គីឡូក្រាម តែពេលខ្លះទិញតពីគេក៏ថ្លៃដែរ ហើយលក់វិញក៏តាមហ្នឹងដែរ”។

មិនខុសពីការលើកឡើងពីអាជីវករខាងលើប៉ុន្មាននោះទេ អ្នកស្រី ស្រីលីម ជាអ្នកលក់ផ្លែឈើនៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកុម្ភៈ នេះ ខណៈកំពុងមមាញឹកជាមួយអតិថិជនមកទិញផ្លែទឹកដោះគោ បានឆ្លៀតប្រាប់ “កម្ពុជាថ្មី” ថា អ្នកស្រីទិញពីក្នុងខេត្តបាត់ដំបង ពេលខ្លះក៏ទិញពីអ្នកភ្នំពេញ តែអាជីវកររូបនេះមិនបានប្រាប់តម្លៃទិញទេ តែអ្នកស្រីលក់ ១ គីឡូក្រាមចន្លោះពី ៦ ទៅ ៧ ពាន់រៀល។ អាជីវកររូបនេះបន្តថា៖ “ព្រឹកនេះផ្លែទឹកដោះគោ ខ្ញុំទិញបានតិចណាស់ យកមកលក់ថ្ងៃនេះទើបវាឡើងថ្លៃ ហើយផ្លែឈើជាច្រើនមុខទៀត មិនសូវលក់ដាច់ដូចផ្លែទឹកដោះគោទេ គឺគេនិយមបរិភោគណាស់ ហេតុអីបានពិបាករកទិញផ្លែទឹកដោះយកមកលក់ម្លេះ? អ្នកដែលធ្លាប់ទិញពីខ្ញុំប្រាប់ថា គាត់ទិញបរិភោគម្តងៗ គាត់ហាក់បានស្រួលខ្លួនណាស់ ទើបគាត់ចេះតែមកទិញពីខ្ញុំញឹកជាងគេ”។
អ្នកលក់កូនដំណាំឧស្សាហកម្មចម្រុះដែលមាន អាខោន ហ្វេសប៊ុកឈ្មោះ “Green House Combodia ផ្ទះបៃតង” ដែលមានទីតាំងស្ថិតក្នុងក្រុងបាត់ដំបង បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាម ដែរថា ជាទូទៅដើមទឹកដោះ ត្រូវការពេលជាមធ្យម ៥ ឆ្នាំហុចផល គិតរាប់ពីពេលដាំកូន ប៉ុន្តែកូនដើមទឹកដោះគោ បានយកមកលក់កាលពីពេលកន្លងទៅ ជាប្រភេទតមែកផ្សាំដែលមានផ្កាស្រាប់មកជាមួយ ពេលរក្សាវាទុកក្នុងស្តុក រង់ចាំលក់ជូនអតិថិជន។ ដើមភាគច្រើនបានចេញផ្លែពីផ្កាទាំងមិនទាន់បានដាក់ដាំ ដោយមិនមានអ្នកបច្ចេកទេសទេ តែកន្លងមកអតិថិជនដែលមកទិញយកទៅដាំ គាត់បានប្រាប់ថា បានចេញផ្លែបន្តរបន្ទាប់មកដែរហើយ ពេលនេះអត់មានលក់ទៀតទេ ព្រោះមិនសូវមានអ្នកនិយមយកទៅដាំជាប្រភេទចម្ការ មានតែអ្នកទិញយកទៅដាំតាមលំនៅដ្ឋានតិចតួចបំផុត ទើបខាងលោកឈប់ទិញយកមកតាំងលក់បន្ត។

ដោយឡែក យុវជនជាសិស្សនិសិត្សជាច្រើនដែលនិយមបរិភោគ បានលើកឡើងថា ដំណាំទឹកដោះគោគួរតែនាំគ្នាដាំឱ្យបានច្រើន ដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចគ្រួសារ ស្របពេលទីផ្សារក្នុងស្រុកទូលំទូលាយ។ យុវជនម្នាក់ក្នុងក្រុម គឺយុវ ជន គឹមសុង បានលើកឡើងថា “ព្រឹកមិញ លោកបានទិញ ១ គីឡូក្រាម តែផ្លែដូចជាស្វិតហើយតូចបន្តិច អត់សូវល្អ តែផ្អែម អត់ដឹងថាយកមកពីណាទេ ១គីឡូក្រាម ថ្លៃ ៣៥០០រៀល អ្នកលក់ថា ជាតម្លៃលក់បង្ហើយ។ លោកចង់ឃើញអ្នកខេត្តបាត់ដំបង ដាំជាចម្ការដូចនៅស្រុកថៃដែរ ព្រោះនៅថៃតាមផ្សាររបស់គេមានលក់ច្រើន ហើយធំៗទៀត”។
លោក ពុទ្ធ សំរឹទ្ធ វ័យ ៧៦ ឆ្នាំ រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាអតីតជានាយករងសាលាបឋមសិក្សាចំការសំរោង បានប្រាប់ “កម្ពុជាថ្មី” ថា ដំណាំទឹកដោះគោនេះ ជំនាន់មុន ពួកគាត់តែងតែដាំនៅតាមដីភូមិ ចាប់ពី ១ ដើមដល់ ៣ ដើមប៉ុណ្ណោះក្នុងមួយគ្រួសារៗ ដែលពួកគាត់ដាំធ្វើជាផលប្រយោជន៍សម្រាប់សុខភាពទាំងសំបកដើម ទាំងស្លឹកនិងឫស ហើយផ្លែច្រើនតែចែកអ្នកភូមិបរិភោគ។ លោកបន្តថា ផ្នែកប្រើប្រាស់ ឫស ស្លឹក និងសំបកដើម ហើយចាស់ពីដើម រួមទាំងក្រុមគ្រួសារលោកផង តែងប្រើស្រស់មិនប្រើក្រៀមទេ ក្នុងនោះពួកគាត់តែងយកស្លឹកស្រស់ដាំទឹកផឹក ព្យាបាលជំងឺ ក្រពះ ពោះវៀន ហើយឫស និងស្លឹករួមគ្នា ព្យាបាលហើមចុកចាប់ និងសំបកដើមស្រស់ យកអាំងភ្លើងឱ្យក្រៀមយកមកដាំទឹកផឹក បើមានអ្នករាកខ្លាំង។ លោកថា កាលអ្នកស្រុកស្រែមិនសូវរកថ្នាំពេទ្យលេបនោះទេ។

ការលើកឡើងពីសាស្ត្រាចារ្យវ័យចំណាស់រូបនេះ បើយោងតាមកំណត់ត្រាពី ប្រភពរុក្ខជាតិឱសថកម្ពុជា គឺប្រហាក់ប្រហែលគ្នាក្នុងការប្រើប្រាស់ដើមទឹកដោះគោជាប្រយោជន៍ សម្រាប់សុខភាពរបស់មនុស្ស ហើយរហូតដល់បច្ចុប្បន្នលោកមិនដែលឃើញមានអ្នកដាំជាចម្ការនោះទេ មានតែដើមបន្សល់ពីដូនតានៅតាមភូមិដ្ឋានប៉ុណ្ណោះ បើចង់បរិភោគផ្លែវាក៏ពិបាករកទិញដែរ។
យ៉ាងណាមិញ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ដំណាំប្រភទខាងលើនេះ បើតាមការចុះស្រាវជ្រាវ នៅតាមបណ្តាស្រុកកន្លងមក មានដាំដុះលើស្រុកចំនួន ៥ ក្នុងចំណោមស្រុកទាំង ១៤ នៃខេត្តបាត់ដំបង ក្នុងនោះមានដូចជា ១. ស្រុកបាណន់ ដាំដុះនិង ប្រមូលផលលើផ្ទៃដី ៣ហិកតា ទិន្នផលទទួលបាន ៤ ៦៩០ តោន/ហិកតា និងបរិមាណផល ១៤ តោន។ ២. ស្រុកថ្មគោល ដាំដុះលើផ្ទៃដី ៤ ហិកតា និងប្រមូលផល ៤ ហិកតា ទិន្នផល ៤ ០០០ តោន/ហិកតា បរិមាណផល ១៦ តោន។ ៣. ស្រុក/ក្រុងបាត់ដំបង ដាំលើផ្ទៃដី ១០ ហិកតា ប្រមូលផល ១០ ហិកតា ទិន្នផលទទួលបាន ២ ១០០ តោន/ហិកតា និងបរិមាណផល ២១ តោន។ ៤. ស្រុកសង្កែ ដាំលើផ្ទៃដី ៩ ហិកតា និងប្រមូលផលទាំង ៩ ហិកតា ទិន្នផលទទួលបាន ១១ ០០០ តោន /ហិកតា បរិមាណផល ៩៩ តោន។ ៥. ស្រុកសំពៅលូន ដាំដុះលើផ្ទៃដី ១៩ ហិកតា ប្រមូលផលបានតែ ១៧ ហិកតា ទិន្នផល ២ ១៩៣ តោន/ហិកតា បិរមាណផល ៣៧ តោន។
លោកបញ្ជាក់ថា ទិន្នន័យខាងលើនេះ គឺជាការធ្វើគណនា ដើម្បីចងក្រងជាស្ថិតិប្រចាំ ឆ្នាំ២០២២-២០២៣ ដែលមាននៅតាមភូមិដ្ឋានប៉ុណ្ណោះ មិនមានការដាំដុះជាអាជីវកម្មដូចដំណាំឧស្សាហកម្មផ្សេងៗនោះទេ ហើយដំណាំមួយប្រភេទនេះ ប្រជាកសិករកម្រដាំណាស់ ដោយពួកគាត់គិតថា មិនសូវមានផលប្រយោជន៍ ដោយមើលរំលង ហើយពឹងលើការនាំចូលពីប្រទេសជិតខាងប៉ុណ្ណោះ ជាពិសេសពីវៀតណាម ដោយប្រជាជនគេដាំបានច្រើន៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា