Connect with us

ព័ត៌មានជាតិ

ថ្ងៃខាងមុខ នាវិក​កម្ពុជា​អាច​បម្រើការងារនៅលើនាវាធ្វើនាវាចរណ៍ទាំងក្នុងនិងក្រៅប្រទេស

បានផុស

នៅ

“សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបាន​​រដ្ឋាភិបាល​កំពុង​ជំរុញនីតិវិធី​​ដាក់​ជា​កិច្ចការប្រញាប់ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាននិងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។

តាមរយៈសេចក្តីព្រាង​ច្បាប់នេះ​នឹ​ង​រួម​ចំណែក​ក្នុងការ​លើក​កម្ពស់​ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក​របស់ប្រទេស​កម្ពុជា រក្សាបាន​សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ ព្រម​ទាំង​ទ្រទ្រង់ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយ​គ្នា​នេះ ច្បាប់ដែលកំពុង​ជំរុញ​ឆ្លងទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិនេះ ក៏​នឹង​ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិកអាច​បម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍ទាំង​នៅក្នុងនិងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាន ១៨ ជំពូក និង ២៧៥ មាត្រា ផ្តល់អត្ថប្រយោជន៍សំខាន់ៗ​មាន​ដូចជា៖

១- ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
២- ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។
៣- ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាអាទិ៍ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយ ភណ្ឌផែ ការបង្កើត និងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។
៤- ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែក កាត់បន្ថយចំណាយរបស់រដ្ឋ ក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
៥- ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាម ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣- ២០៣៣ របស់រាជរដ្ឋាភិបាល។
៦- ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើ វិស័យដឹកជញ្ជូនតាមផ្លូវទឹក។

គួរ​បញ្ជាក់ថា “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃ​ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ និងកំពុង​បន្ត​​​ជំរុញនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅ​ធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ​។

សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីបានអនុម័តនិងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការរំពឹងថានឹងក្លាយជា​ឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម