Connect with us

វប្បធម៌ ជំនឿ

អ្នកជំនាញ២រូប ជំរុញឱ្យអាជ្ញាធរបន្តហៅគ្រូបារមីផ្សេងទៀតធ្វើកិច្ចសន្យាឈប់បំពុលមហាជន

បានផុស

នៅ

អ្នកឃ្លាំមើលសង្គម២រូប គឺបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ បានជំរុញឱ្យអាជ្ញាធរបន្តកោះហៅគ្រូបារមីផ្សេងទៀតដែលអួតថា ខ្លួនមានបារមីទៅធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម ឱ្យធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ មានគ្រូបារមី១រូប ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ដែលអះអាងថា ខ្លួនត្រូវបានព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត និងបំពុលពេញបណ្តាញសង្គម។ នារីម្នាក់នេះ ក៏ត្រូវបានអាជ្ញាធរកោះហៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ទៅសួរនាំ និងឱ្យធ្វើកិច្ចសន្យាឈប់បន្តសកម្មភាពបំពុលសង្គមរបស់ខ្លួនទៀត។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា មិនបានហាមប្រាមពលរដ្ឋក្នុងការគោរព និងប្រកាន់យកជំនឿណាមួយឡើយ ហើយអ្នកគោរពប្រតិបត្តិនោះ គោរពសាសនាណាមួយក៏បាន កុំឱ្យតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ការដែលអាជ្ញាធរកោះហៅនារីខាងលើធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀតនេះ គឺត្រឹមត្រូវ ព្រោះដោយសារនារីខាងលើធ្វើខុសនឹងរដ្ឋធម្មនុញ ប៉ះពាល់ដល់វប្បធម៌ និងរំលោភលើសេចក្តីទុកចិត្តរបស់អ្នកជឿនេះឯង។

លោកបណ្ឌិតបានលើកឡើងថា៖ “ខ្ញុំគិតថា អាជ្ញាធរគួរបន្តធ្វើតទៅទៀត ហើយការធ្វើរបស់អាជ្ញាធរ គឺធ្វើគ្រប់បុគ្គលទាំងឡាយណា ទោះបីថា បុគ្គលនោះមានខ្នងបង្អែក ឬអត់ខ្នងបង្អែក គឺត្រូវធ្វើដូចគ្នាឱ្យតែប្រព្រឹត្តខុសច្បាប់ ដែលគាត់បំពុលសង្គម”។ បន្ថែមពីនេះ លោកក៏ផ្តាំដល់អ្នកអនុវត្តច្បាប់ គួរអនុវត្តឱ្យបានខ្ជាប់ខ្ជួន កុំចាំទាល់តែមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីទើបចេញសកម្មភាព ព្រោះរឿងរ៉ាវមួយចំនួនថ្នាក់ដឹកនាំកំពូលមិនបានដឹងនោះឡើយ។ ដូច្នេះ ការអនុវត្តច្បាប់ ក៏មានការយឺតយ៉ាវដូចគ្នា។

រីឯ លោកសាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា វិញយល់ថា បើនិយាយពីបារមី គឺជាអំណួតអួតអាងដែលចេញពីបុគ្គលមួយចំនួនគិតថា ខ្លួនឯងអាចស្រូបទាញអ្នកជឿ និងមានការបម្រើជាភាពល្បី ឬធនធានជាដើម ហើយចំណុចនេះ ក៏កើតមានជាយូរមកហើយនៅក្នុងសង្គមខ្មែរ ហើយក៏អាចក្លាយជាប្រពៃណីផងដែរ មានទាំងវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់លោកសាស្ត្រាចារ្យផ្ទាល់ ចំពោះបារមីក្នុងពេលបច្ចុប្បន្ននេះ លោកមិនបានរកឃើញពីចំណុចវិជ្ជមាននោះឡើយ ច្រើនតែអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងជំរុញឱ្យមនុស្សងប់ងុលហួសហេតុបង្កជាផលប៉ះពាល់ជាច្រើន។

ចំណុចដែលក្រសួងបានកោះហៅនារីម្នាក់ដែលសំអាងថាព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតនោះ លោកសាស្រ្តាចារ្យយល់ថា ជារឿងមួយដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះកិត្តិនាមរបស់ទ្រង់។ លោកបន្តថា ក្រសួងធ្វើកិច្ចការនេះ គឺជាការត្រឹមត្រូវ ព្រោះចៀសវាងធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរកាន់តែខ្លាំង។ សម្រាប់ករណីដទៃទៀត ប្រសិនជាមានបុគ្គលផ្សេងទៀតអួតអាងថា ខ្លួនមានបារមី និងបំពុលសង្គមនៅក្នុងបណ្តាញសង្គមដោយចេតនាអាក្រក់នោះ គឺហៅទៅអប់រំត្រឹមត្រូវហើយ។ លោកបន្ថែមថា មិនមែនសុទ្ធតែអ្នកមានបារមីអាក្រក់ទាំងអស់ឡើយ គឺត្រូវមើលពីទង្វើ ផលប៉ះពាល់ដែលបុគ្គលនោះប្រព្រឹត្តដែរ ទើបអាចយករឿងទាំងនោះ មកដោះស្រាយបានដោយសំអាងលើច្បាប់ដែលបានចែង។

ចំពោះករណីនេះ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ស្នើដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលមានបារមីនោះថា តើបុគ្គលនោះធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែរទេ? ឬធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរដែរទេ? ជាពិសេស អាជ្ញាធរត្រូវតាមដានឱ្យខ្លាំងថា តើបារមីនោះធ្វើឱ្យមានការរំលោភបំពានដល់នារីភេទដែរទេ? ទាំងនេះហើយសុទ្ធតែជាករណីត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់ដែលអាជ្ញាធរមិនអាចមើលរំលងបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ២ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម