Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនអង់គ្លេសរន្ធត់ចិត្ត ពេលដឹងព័ត៌មានអំពី ជំងឺរបស់ស្តេច Charles  

បានផុស

នៅ

ប្រជាជនអង់គ្លេសពិតជាមានក្តីរន្ធត់យ៉ាងខ្លាំង នៅពេលព្រះបរមរាជវាំង Buckingham បានប្រកាសនៅថ្ងៃអង្គារទី៦ខែកុម្ភៈថា ព្រះមហាក្សត្រ Charles ទី៣ មានជំងឺមហារីក។

ស្តេច Charles ទី៣ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយបន្តដោយ BBC, ព្រះបរមរាជវាំងបានឲ្យដឹងថា បញ្ហាព្រះរាជសុខភាពរបស់ទ្រង់ ត្រូវបានរកឃើញ ក្នុងអំឡុងពេលព្រះអង្គយាងទៅមន្ទីរពេទ្យនាពេលថ្មីៗ សម្រាប់ពិនិត្យក្រពេញប្រូស្តាតដែលរីកធំ ហើយក្រោយការធ្វើរោគវិនិច្ឆ័យជាបន្តបន្ទាប់ ក្រុមគ្រូពេទ្យបានកំណត់ឃើញទម្រង់នៃជំងឺមហារីក ប៉ុន្តែមិនមែនជាមហារីកក្រពេញប្រូស្តាតទេ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខាងលើ មិនបានផ្តល់​ព័ត៌មានលម្អិតថាតើ នោះជា​ជំងឺមហារីកអ្វី ឬស្ថិតនៅដំណាក់កាលណាឡើយ។

តាមសេចក្តីថ្លែងការណ៍ “ថ្ងៃនេះព្រះមហាក្សត្រ បានចាប់ផ្តើមការព្យាបាលជាប្រចាំ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គត្រូវបានគ្រូពេទ្យណែនាំឲ្យផ្អាកការបំពេញព្រះរាជកិច្ចជាសាធារណៈសិន។ យ៉ាងណា ព្រះអង្គនឹងនៅតែបន្តបំពេញព្រះរាជកិច្ចរដ្ឋ និងផ្លូវការដូចធម្មតា”។

ស្តេច Charles ទី៣ (រូបថត៖ Getty)

ពាក់ព័ន្ធនឹងព្រះរាជសុខភាពរបស់ស្តេច Charles ទី៣, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកទើបតែទទួលព័ត៌មាននេះ ហើយនឹងទូរស័ព្ទទៅសួរសុខទុក្ខ។

ដោយឡែក នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយថា លោក និងប្រជាជនកាណាដា សូមបួងសួងនិងសង្ឃឹមថា ព្រះអង្គម្ចាស់ Charles ជាសះស្បើយនាពេលឆាប់ៗ។

សូមបញ្ជាក់ថា ស្តេច Charles ទី៣ បានឡើងគ្រងរាជ្យនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២ ក្នុងព្រះជន្ម៧៣ឆ្នាំ ដោយស្នងរាជ្យពីមាតា គឺម្ចាស់ក្សត្រី Elizabeth ទី២ ក្រោយសោយរាជ្យបានជាង៧០ឆ្នាំ៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ ស្តេច Charles ទី៣ ឡើងគ្រងរាជ្យសម្បត្តិក្នុងពិធីជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម