Connect with us

ព័ត៌មានអន្ដរជាតិ

​ទាំងក្មេងចាស់នៅ ឡាវ សម្រុករៀនភាសា ចិន ព្រោះមានឱកាសទីផ្សារ​ការងារខ្ពស់​

បានផុស

នៅ

យុវជន​​ក្មេង​ៗ​ជំនាន់​ក្រោយ​​​នៃ​ប្រទេស​ឡាវក្នុង​រយៈ​ពេល​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កំពុង​សម្រុក​រៀន​ភាសា​ចិន​យ៉ាង​ច្រើន​​​ក្រាស់​ក្រែល ដោយ​រំពឹង​ពី​សក្តានុពល​ការងារ​នា​​ពេល​​ឆាប់​ៗ​ខាង​មុខ ស្រប​នឹង​ពេល​ដែល​កំណើន​វិនិយោគិន​ចិន​​ជា​ច្រើន​​ចូល​វិនិយោគ​​ក្នុង​ប្រទេសផង ​​​​។ នេះ​បើ​តាម​សារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឆ្នាំ​សិក្សា ​២០២៣-២០២៤ ​​នេះ ការ​ចុះ​ឈ្មោះ​សិក្សា​ភាសា​ចិន​​​នៅ​​វិទ្យាស្ថាន​​ចិន​ខុង​ជឺ ជា​​ផ្នែក​មួយ​នៃ​​វប្បធម៌​​ស្ថិត​នៅ​សាកលវិទ្យាល័យ​ជាតិ​ឡាវ មាន​កំណើន​គួរ​កត់​សម្គាល់ ​។ ចំនួន​​បាន​កើន​ឡើង​ទ្វេ​ដង ត្រឹម​រយៈ​ពេល ២ ​ឆ្នាំ ពោល​គឺ​ពី​សិស្ស​ ១៩៣ ​នាក់កាលពី​ឆ្នាំ ២០២១ កើន​ចំនួន​ដល់​​ ៥៦២​ នាក់​​ក្នុង​ឆ្នាំ ​២០២៣ ​កន្លង​ទៅ​ ។

​ទន្ទឹម​នឹង​ពេល​ដែល​សិស្ស​-និស្សិត​ឡាវ​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ​ភាសា​ចិន​​បាន​ក្លាយ​ជា​​ជម្រើស​​ដែល​និស្សិត​ចាប់​អារម្មណ៍​​ចុះ​ឈ្មោះ​ចូល​រៀន​បំផុត​​ ដោយ​មាន​ចំនួន​សិស្ស​​ជាង​ ២ ពាន់នាក់​មក​ចុះ​ឈ្មោះ​​រៀន ​។ នេះ​ជា​ចំនួន​​​ច្រើន​បំផុត​ក្នុង​ចំណោម​​មុខ​វិជ្ជា​ទាំ​ង​អស់​​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣​-២០២៤ ដែល​ឆ្លុះ​បញ្ជាំង​ពី​ចំណាប់​អារម្មណ៍​​របស់​​និស្សិត​យុវជន​ឡាវ ​។

​​​​​​​ “ចិន​ជា​ភាសា​សំខាន់ ពិសេស​សម្រាប់​ការងារ ហើយ​​អ្នក​ជំនួញ​ និង​ក្រុមហ៊ុន​ចិន​​​ជា​ច្រើន​​​មាន​​វត្តមាន​កើន​ឡើង​នៅ​ក្នុង​​ប្រទេស​។ អីចឹង​ចំណេះ​ដឹង​ភាសា​ចិន គឺ​មាន​​ឱកាស​ការងារ​ច្រើន និង​មាន​ចំណូល​ល្អ​គួរ​សម​ផង​ដែរ​” ។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន​ Phouangphan Latphakdy ​​​​​​និស្សិត​សាកលវិទ្យាល័យ​មួយ​រូប​ដែល​​បាន​សិក្សា​ភាសា​ចិន ។

​​​យុវជន​ Khamsay Phomachan និស្សិត​រៀន​ជំនាញ​ភាសា​អង់គ្លេស​ ហើយ​ក៏​កំពុង​ចាប់​យក​មុខវិជ្ជា​​ភាសា​ចិន​បន្ថែម​បាន​បញ្ជាក់​​ថា​ ទាំង​នេះ​គឺ​មក​ពី​​ឥទ្ធិពល​​​វិនិយោគិន​ និង​សហគ្រិន​ចិន ទើបជំរុញរូប​គេឲ្យ​សម្រេច​ចិត្ត​រៀន​បន្ថែម​មុខ​វិជ្ជា​នេះ ​។

“អ្នក​វិនិយោគ​ចិន ក៏​ដូច​ជា​អ្នក​ជំនួញ​ចិន​ មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​សេដ្ឋកិច្ច​​ប្រទេស ដូច​នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​រៀន​ភាសា​ចិន ។ ភាសា​ចិន​ពិត​ជា​សំខាន់ ដើម្បី​បង្កើន​ចំណូល​ប្រាក់​ខែ ក៏​ដូច​ជា​​អាទិភាព​ពិសេស​នៅ​ពេល​ដាក់​ពាក្យ​ការងារ​” ។ នេះ​បើ​តាម​សម្តី​យុវជន​ Khamsay ។

គួរ​រំឭក​ថា​ នៅ​ឡាវ មិន​ត្រឹម​តែ​យុវជន​ទេ​ដែល​សម្លឹង​មើល​ពី​ប្រយោជន៍​ភាសា​ចិន​ចំពោះ​​អនាគត​ទី​ផ្សារ​ការងារ​ តាម​ប្រភព​សារព័ត៌មាន​ថៃ Thairath ក៏​បាន​រាយការណ៍​ពី​និន្នាការ​​របស់​គ្រួសារ​នៅ​ប្រទេស​ឡាវ ជំរុញ​កូន​ៗ​ទៅ​រៀន​ភាសា​ចិ​​នពី​​ថ្នាក់​តូច​ទៅ ពោល​គឺ​​​ឪពុក​ម្តាយ​នៅ​ឡាវ​ភាគ​ច្រើន​បាន​ចុះ​ឈ្មោះ​បញ្ជូន​កូន​ៗ​ទៅ​រៀន​ថ្នាក់​ភាសា​ចិន​បន្ថែម​តាំង​ពី​ថ្នាក់​​បឋម​ទី​១ ទៅម្ល៉េះ ខណៈសកម្មភាព​នេះ គឺ​មានន័យថា ​ពួក​គេ​សម្លឹង​ឃើញ​ពី​ឱកាស​ការងារ​ដោយ​ប្រើ​ភាសា​ចិន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​៕ ​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម