ព័ត៌មានជាតិ
ចូលឆ្នាំចិនថ្ងៃទី ១ ពេលរសៀល សិស្សនៅភ្នំពេញ អវត្តមានជិត ៤០% ច្រើនជាងពេលព្រឹក
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ កុម្ភៈ នេះថា នៅពេលរសៀលថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះ សាលារៀននៅរាជធានីភ្នំពេញ មានសិស្សអវត្តមានប្រមាណជិត ៤០% និង គ្រូ ៦% ខណៈពេលព្រឹកមានត្រឹម ៣៦% និងគ្រូអវត្តមាន ៥% ប៉ុណ្ណោះ។
លោកប្រធានមន្ទីរ បានបន្តថា តាមរបាយការណ៍ពីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ បានបង្ហាញថា នៅព្រឹកថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មានវត្តមានគ្រូមកបង្រៀនសម្រាប់បឋមសិក្សាមាន ៩៥% និងសិស្សមករៀនមាន ៦៤%។ ចំណែកគ្រូមធ្យមសិក្សាវិញមកបង្រៀនចំនួន ៨៨% និងសិស្សមករៀនមាន ៧២%។ សម្រាប់ពេលរសៀលថ្ងៃនេះ សម្រាប់គ្រូបឋមមកបង្រៀនមាន ៩៤% និងសិស្សមករៀន ៦២% ថយចុះជាងពេលព្រឹក និងគ្រូមធ្យមមកបង្រៀនមាន ៨៩% និងសិស្សមករៀនមាន ៧០%។
លោកប្រធានមន្ទីរ បានបន្តទៀតថា «យើងបានខិតខំប្រឹងប្រែងទប់ស្កាត់ហើយ តែជាធម្មតាឪពុកម្ដាយសិស្សគាត់ទៅលេងស្រុក ឬ ទៅកម្សាន្តផ្សេងៗ គឺសិស្សត្រូវទៅតាមឪពុកម្ដាយហើយ»។
លោកប្រធានមន្ទីរ បានបន្ថែមថា មុនពិធីបុណ្យចូលឆ្នាំចិនមកដល់ មន្ទីរ តែងតែរៀបចំកិច្ចប្រជុំជាមួយនាយកសាលានៅរាជធានីភ្នំពេញ ដើម្បីណែនាំឱ្យសាលានីមួយៗ ធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្ស និងគ្រូ ឱ្យបានយល់ច្បាស់ ពិសេសនៅពេលម៉ោងគោរពទង់ជាតិថា បុណ្យចូលឆ្នាំចិននេះ មិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូ ត្រូវមកបង្រៀន និងសិស្សានុសិស្ស ត្រូវមករៀនដូចថ្ងៃធម្មតាដែរ។
លោកបានបន្ថែមទៀតថា បុណ្យចូលឆ្នាំចិន ឆ្នាំនេះ មន្ទីរ មិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញ ដូចឆ្នាំមុនៗ ទេ ដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀន និងរៀនរៀងៗ ខ្លួន។ ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវរាយការណ៍តាមគ្រុបតេឡេក្រាម ២ ដង ក្នុង ១ ថ្ងៃ គឺពេលព្រឹក និងពេលរសៀលមកមន្ទីរ ដើម្បីគ្រប់គ្រងវត្តមានគ្រូ និងសិស្ស ឱ្យបានល្អ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញដល់មាតាបិតា និងអាណាព្យាបាលសិស្ស បញ្ជូនកូនៗ មករៀនឱ្យបានគ្រប់ៗ គ្នា នៅថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន។
លោកស្រី បានណែនាំដល់សាលារៀន ត្រូវអនុវត្តតាមអនុក្រឹត្យឈប់សម្រាកដែលចេញដោយរាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ត្រូវគ្រប់គ្រងសិស្សានុសិស្ស និងបញ្ជីវត្តមាន ឱ្យបានត្រឹមត្រូវ។ សិស្សដែលចង់ឈប់សម្រាក ត្រូវតែសុំច្បាប់ បើមិនដូច្នេះទេ នឹងកំណត់ជាការឈប់ដោយអវត្តមាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា