ព័ត៌មានជាតិ
អភិបាលរាជធានីដាក់បញ្ជាឱ្យខណ្ឌទាំង១៤និងផ្សារទាំង២៥ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានឱ្យអស់
យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ការដាក់បទបញ្ជាបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនិងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឲ្យមានទៀតទេ។

លោកឃួង ស្រេង បានបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន គឺមិនឱ្យមានដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្ក្រាបភ្លាមតែម្តង។

បន្ថែមពីនេះទៀត លោកឃួង ស្រេង ជំរុញឱ្យបន្តបង្កើត Group Telegram ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់ ទីតាំងដែលមានអាជ្ញាប័ណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង ត្រូវរង់ចាំដល់ផុតសុពល រួចចុះបិទដែរបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង និងចេញលិខិតអនុញ្ញាតទីតាំងថ្មី។

គួរបញ្ជាក់ថា តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្ដេច បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ