ព័ត៌មានជាតិ
ព្យួរតំណែងមេភូមិមួយរូប បន្លំយកប្រាក់ឧបត្ថម្ភឲ្យអ្នកក្រក្នុងពេលកូវីដ១៩
រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានព្យួរតំណែងការងារ មេភូមិមួយរូប ឈ្មោះលួង ឡុង ស្ថិតនៅក្នុងភូមិ ដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបន្ទាប់ពីដឹងថាមេភូមិរូបនេះ បានបន្លំយកប្រាក់ឧបម្ភសម្រាប់អ្នកក្រក្នុងពេលកើតមានជំងឺកូវីដ១៩ទៅឲ្យសាច់ញាតិរបស់ខ្លួន។
អភិបាលស្រុកកំពង់ស្វាយលោក អ៊ុន បុត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា រដ្ឋបាលស្រុក បានព្យួរការងារលោក លួង ឡុង មេភូមិដំរីស្លាប់ ដើម្បីស្រាវជ្រាវរកកំហុសឆ្គងរបស់គាត់។
លោក អ៊ុន បុត្តប្រាប់ដំណើរដើមរឿងដំបូងថា ស្ត្រីឈ្មោះ ឃុំ ណាវ ជាអ្នកភូមិដំរីស្លាប់ កាលពីមុនគាត់មានប័ណ្ណក្រីក្រ ហើយរយៈពេលប៉ុន្មានខែក្រោយនេះ ប័ណ្ណក្រីក្ររបស់គាត់បានផុតសុពលភាព ដូច្នេះត្រូវវាយតម្លៃភាពក្រីក្រឡើងវិញ ហើយក្រុមការងារភូមិ ឃុំ បានបន្តសុពលភាពបណ័្ណរបស់គាត់ ក្នុងពេលដែលគាត់បានចំណាកស្រុក។
លោកអ៊ុន បុត្តបន្តថា “បើតាមនិតិវិធី កាលណាសមីខ្លួនមិននៅគេមិនត្រូវវាយតម្លៃទេ ប៉ុន្តែដោយសារតែមេភូមិ គាត់អាណិតគ្រួសារហ្នឹង អ៊ីចឹងឲ្យគាត់ជាប់ក្រីក្រទៅព្រោះថ្ងៃណាមួយគាត់មកវិញ ក៏គាត់បានថវិការហ្នឹងប្រើប្រាស់ទៅ ដល់ពេលគាត់ទៅបាត់ ក្រោយមកក៏មេភូមិគាត់មានកូនគាត់មកពីថៃ ក៏ក្រីក្រដែរ មេភូមិនោះ ក៏យកប័ណ្ណក្រីក្រហ្នឹងទៅឲ្យកូនស្រីរបស់គាត់ បើកយកថវិកាមួយខែ ១៤០,០០០ រៀល យកមកដោះស្រាយជីវភាព”។
លោកអភិបាលស្រុកកំពង់ស្វាយប្រាប់ថា ក្រោយមកម្ចាស់ដើមគេមកវិញហើយសួរនាំ ឃើញប័ណ្ណក្រីក្រ មេភូមិក៏ព្រមប្រគល់លុយ ៦ ខែដែលកូនរបស់គាត់បើកមកផ្គត់ផ្គង់ជីវភាពនោះ ទៅម្ចាស់ដើមវិញ ខណៈដែលកូនប្រុសរបស់ស្ត្រីដែលជាម្ចាស់ប័ណ្ណមិនសុខចិត្ត រកប្តឹងទារសំណងជំងឺចិត្ត។
ប៉ុន្តែយ៉ាងណា បើតាមលោកអភិបាលស្រុកកំពង់ស្វាយ បច្ចុប្បន្នរដ្ឋបាលស្រុកគ្រាន់តែអនុវត្តតាមវិន័យរដ្ឋបាល ប៉ុណ្ណោះ ដោយព្យួរការងារ ដើម្បីស្រាវជ្រាវរកកំហុសឆ្គងរបស់គាត់។
លោកអ៊ុន បុត្តបញ្ជាក់ថា “ប្រសិនបើគាត់យកប័ណ្ណហ្នឹងទៅឲ្យអ្នកមាន អាហ្នឹងមានកំហុសឆ្គង ប៉ុន្តែគាត់យកពីយាយណាវ ដែលគាត់ចំណាកស្រុកហើយយកមកឲ្យអ្នកក្រដែរ បើកំហុសគ្រាន់តែជាកំហុសនិតិវិធីទេ ប៉ុន្តែឲ្យមានកំហុសធ្ងន់ធ្ងរវាមិនមានទេ មិនមានកំហុសព្រហ្មណ្ឌទេ ហើយគេព្រមសងវិញហើយ”។
រាជរដ្ឋាភិបាលកម្ពុជាបានបន្តឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយវិបត្តិកូវីដ ១៩ ក្នុងជុំទី ៤ រយៈពេល ៣ ខែទៀត គឺខែមករា កុម្ភៈ និងខែមីនា ឆ្នាំ ២០២១ ខណៈថវិកាដែលបានត្រៀមបម្រុងទុកមាន ២០០ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហានេះ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារវិបតិ្តកូវីដ១៩ តាំងពីថ្ងៃទី ២៥ មិថុនាឆ្នាំ២០២០មក ដោយដំណើរការនេះបាន និងកំពុងធ្វើជាដំណាក់កាលៗ។
នៅជុំទី១ ក្នុងខែមិថុនាតាមរយៈក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សាច់ប្រាក់ជូនក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ ១៩ បាន ៥៣៨ ៣៨០ គ្រួសារ គិតជាទឹកប្រាក់អស់ជិត ៩៥ ពាន់លានរៀល ឬប្រហែល ២៥ លានដុល្លារ និងក្នុងខែកក្កដាបានផ្តល់ជូន ៥៩៨ ៥១២ គ្រួសារ អស់ទឹកប្រាក់ជាង ១០៦ ពាន់លានរៀល ឬប្រហែលជិត ៣០ លានដុល្លារ។
ជុំទី២ ក្នុងខែសីហា ផ្តល់ជូនដល់ ៦៤៤ ៦៦៥ គ្រួសារអស់ទឹកប្រាក់ជាង ១១៥ ពាន់លានរៀល ឬប្រហែលជិត ៣០ លានដុល្លារ និងក្នុងខែកញ្ញាផ្តល់ជូន ៦៦១ ៦៨៤ គ្រួសារ អស់ទឹកប្រាក់ជាង ១១៨ ពាន់លានរៀល។
ចំណែកឯក្នុងជុំទី៣ គឺក្នុងខែតុលា ផ្តល់ជូន ៦៧៤ ១៤៦ គ្រួសារ អស់ទឹកប្រាក់ ១២០ ពាន់លានរៀល ឬ ៣០ លានដុល្លារ និងក្នុងខែវិច្ឆិកាផ្តល់ជូន ៧០៣ ៥៩២ គ្រួសារ អស់ទឹកប្រាក់ប្រហែល ១២៦ ពាន់លានរៀល ឬជាង ៣០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់