វប្បធម៌ ជំនឿ
ចង់ក្លាយជាអ្នកនិពន្ធមានគុណភាព ហោចណាស់ត្រូវពង្រឹង ៣ សមត្ថភាព
បច្ចុប្បន្នមានអ្នកនិពន្ធ ឬអ្នកបោះពុម្ពចេញសៀវភៅខ្លួនឯងច្រើន លក់លើទីផ្សារ ខណៈស្នាដៃមួយចំនួនបង្កើតឡើងដើម្បីតម្រូវតាមទីផ្សារ និងស្នាដៃមួយចំនួននៅមានកម្រិត ដ្បិតពួកគេជាអ្នកចំណាយលុយបោះពុម្ពខ្លួនឯង។
នៅពេលសួរ អំពីការយល់ឃើញ ចំពោះគុណភាពនៃការតែងនិពន្ធទាំងនោះ លោកស្រី អ៊ុច ថាវី អ្នកនិពន្ធរៀមច្បង បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ចំពោះករណីខាងលើ លោកស្រីពិបាកនឹងនិយាយ ព្រោះបើដរាបណាមិនមានការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពស្នាដៃនៅពេលចេញផ្សាយទេ ប្រាកដណាស់ស្នាដៃនឹងបង្កើតទៅតាមចេតនា និងចំណេះដឹងរបស់អ្នកនិពន្ធម្នាក់ៗ។
លោកស្រី អ៊ុច ថាវី មានប្រសាសន៍បន្ត៖ “រាល់ថ្ងៃយើងមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មួយដែលទទួលខុសត្រូវក្នុងការចេញសេចក្តីអនុញ្ញាតឱ្យបោះពុម្ពស្នាដៃ ប៉ុន្តែបើម្ចាស់ស្នាដៃបោះស្នាដៃដោយមិនបានសុំការអនុញ្ញាតពីខាងក្រសួងវប្បធម៌ ក៏មិនមានអីកើតឡើង ដូច្នេះមិនមានរឿងអីដែលអ្នកនិពន្ធត្រូវខ្វល់ខ្វាយចំណាយថវិកាដើម្បីសុំការអនុញ្ញាតបោះផ្សាយស្នាដៃឡើយ”។
ឆ្លើយតបទៅនឹងសំណួរ “តើអ្នកនិពន្ធគួរពង្រឹងសមត្ថភាព ឬធ្វើដូចម្ដេច មុនបោះពុម្ពស្នាដៃលក់រកចំណូលលើទីផ្សារ?” លោកស្រី អ៊ុច ថាវី លើកឡើងថា ដូចយើងមើលឃើញនឹងភ្នែក អ្នកនិពន្ធមិនមែនជាអ្នកមានទេ ប៉ុន្តែបើមិនពង្រឹងសមត្ថភាពទេ គាត់ពិតជាចង្អៀតទីផ្សារមិនខានឡើយ។ បើយើងនិពន្ធតម្រូវតាមទីផ្សារទាំងស្រុង នោះស្នាដៃយើងនឹងអាចឃ្លាតឆ្ងាយពីតម្លៃជាតិ តម្លៃអក្សរ។ ជាមួយគ្នានេះ លោកស្រី បានផ្ដល់គន្លឹះពង្រឹងសមត្ថភាពតែងនិពន្ធ ៣ ចំណុច៖
១. សមត្ថភាពតែងនិពន្ធ៖ ការតែងនិពន្ធទាមទារវិធីសាស្រ្តក្នុងការតែងនិពន្ធ ព្រោះបើយើងគ្មានសិល្បិ៍វិធីតែងនិពន្ធ ស្នាដៃរបស់យើងនឹងមិនសូវមានអ្នកចាប់អារម្មណ៍ឡើយ។
២. សមត្ថភាពចំណេះដឹង៖ អ្នកនិពន្ធគួរតែមានចំណេះដឹងវប្បធម៌ទូទៅទូលំទូលាយដើម្បីកុំឱ្យស្នាដៃរបស់ខ្លួននៅតែក្នុងអណ្តូង។
៣. សមត្ថភាពផ្នែកអក្សរសាស្រ្ត៖ ស្នាដៃដែលមានកំហុសអក្ខរាវិរុទ្ធព្រោងព្រាតមិនគួរត្រូវបានបោះពុម្ពផ្សាយឡើយ ឬបើអ្នកគិតថា កំហុសអក្ខរាវិរុទ្ធមិនសំខាន់ អ្នកមិនសមនឹងមានឈ្មោះជា អ្នកនិពន្ធ សោះឡើយ។
ទាក់ទងនឹងទៅ រាជរដ្ឋាភិបាល ទើបបានចេញអនុក្រឹត កំណត់យក ថ្ងៃទី៧ ខែធ្នូ ជា “ទិវាជាតិអ្នកនិពន្ធ” លោកស្រី អ៊ុច ថាវី មានទឹកចិត្តរំភើបខ្លាំង ដ្បិតការណ៍នេះបានន័យថា អាជីពជាអ្នកនិពន្ធត្រូវបានប្រមុខរាជរដ្ឋាភិបាលទទួលស្គាល់ និងយកចិត្តទុកដាក់ផ្ដល់តម្លៃមួយកម្រិតបន្ថែមទៀត។
លោកស្រី អ៊ុច ថាវី មានប្រសាសន៍បន្តថា៖ “ក្នុងនាមអ្នកនិពន្ធខ្មែរមួយរូប នាងខ្ញុំក៏សូមអរគុណដល់ការខិតខំប្រឹងប្រែងរបស់ សមាគមអ្នកនិពន្ធខ្មែរ ដែលព្យាយាមស្នើសុំបង្កើតទិវានេះ តាំងពីដើមអាណត្តិ ឆ្នាំ២០១៨ ដល់បច្ចុប្បន្ន ទើបសម្ដេចតេជោចង្អុលបង្ហាញឱ្យក្រសួងពាក់ព័ន្ធជួយគាំទ្រ និងសហការជាមួយនឹង សមាគមអ្នកនិពន្ធខ្មែរ ដើម្បីបង្កើតទិវាដ៏មានអត្ថន័យដល់ ម្ចាស់ប៉ាកកាទាំងអស់ នាគ្រានេះ។ ទិវានេះរាប់ថាជាសមិទ្ធផលមួយបន្ថែមលើសមិទ្ធនានាដែលថ្នាក់ដឹកនាំ សមាគមអ្នកនិពន្ធខ្មែរ ក្នុងអាណត្តិនេះសម្រេចបាន។ នាងខ្ញុំសង្ឃឹមថា ទិវានេះនឹងជាព្រឹត្តការណ៍ដែលអ្នកនិពន្ធមកពីគ្រប់មជ្ឈដ្ឋានបានជួបគ្នា ក៏ដូចជាឱកាសក្នុងការដែលម្ចាស់ស្នាដៃបានជួបអ្នកអានរបស់ពួកគាត់ផ្ទាល់ផងដែរ”។
គួរបញ្ជាក់ថា លោកស្រី អ៊ុច ថាវី ជា អ្នកនិពន្ធឯករាជ្យ មានស្នាដៃទទួលបានប្រជាប្រិយភាពជាច្រើន ក្នុងនោះ មានវីដេអូអប់រំល្បីៗដូចជា រឿងជញ្ជីងគ្មានស្រមោល (សហនិពន្ធ), រឿងបង្គងវល្លិ៍មាស (សហនិពន្ធ), រឿងជនរងគ្រោះ និង រឿងម្ចាស់កាំបិតត្នោត ជាដើម។ ចំណែក ប្រលោមលោកដែលបានចេញផ្សាយ មានដូចជាប្រលោកលោកបែបស៊ើបអង្កេត រឿង “តាមប្រមាញ់ឧក្រិដ្ឋជន”, ប្រលោមលោកបែបមនោសញ្ចេតនា រឿង “សំណាញ់ជីវិត”, បណ្តុំរឿងអប់រំខ្លី និងកំណត់ហេតុជីវិត ចំណងជើង “កូនស្រី”…៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?