ព័ត៌មានអន្ដរជាតិ
មកដឹងពីមូលហេតុសំខាន់ៗដែលលោក ថាក់ស៊ីន នឹងត្រូវដោះលែងនៅចុងសប្តាហ៍នេះ
នៅចុងសប្តាហ៍នេះ ពោល គឺប្រហែលនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអនុវត្តទោសបានរយៈពេល៦ខែ។ ករណីលោក ថាក់ស៊ីននេះ គឺជាករណីកម្រ។ កម្រ គឺនៅត្រង់ថា លោកទើបតែទទួលបានការបន្ធូរបន្ថយទោសពីព្រះមហាក្សត្រថៃពីទោសជាប់ពន្ធនាគារ៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ ហើយមិនតែប៉ុណ្ណោះ លោក ក៏ត្រូវបានលើកលែងទោសទាំងស្រុងថែមទៀតនៅពេលនេះ។
- តើហេតុអ្វីបានជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញបែបនេះ?
រឿងដោះលែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នេះ ជារឿងមួយដ៏គួរឱ្យភ្ញាក់់ផ្អើល និងនឹកស្មានមិនដល់ទេ។ រឿងដែលភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ គឺនៅត្រង់ថា លោក ថាក់ស៊ីន នេះ ទើបត្រូវបានព្រះមហាក្សត្រថៃផ្តល់ការបន្ធូរបន្ថយទោសពី៨ឆ្នាំ មកនៅត្រឹម១ឆ្នាំម្តងរួចហើយ ប៉ុន្តែ នៅចុងក្រោយនេះ លោកមិនអាចមានឈ្មោះជាអ្នកទោសពេញ១ឆ្នាំឡើយ ពោល គឺលោកនឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ អាចថា នៅថ្ងៃទី១៧ ឬថ្ងៃទី១៨ ខែកុម្ភៈ ចុងសប្តាហ៍នេះហើយ។ កាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong បានប្រកាសឱ្យដឹងជាផ្លូវការពីការផ្តល់ការលើកលែងទោសដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃរូបនេះ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់នៅក្នុងបញ្ជីលើកលែងទោសដល់អ្នកទោសសរុបចំនួន៩៣០នាក់ ហើយបញ្ជីលើកលែងទោសនេះ ត្រូវបានអនុម័តយល់ព្រមរួចហើយពីគណៈកម្មាធិការលើកលែងទោសថៃ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong
មូលហេតុសំខាន់ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានលើកលែងទោសនេះ គឺបើតាមលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ដោយសារតែលោកមានវ័យចំណាស់ ហើយមូលហេតុមួយទៀត គឺលោកកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ លោក Tawee Sodsong បានគូសបញ្ជាក់ឱ្យដឹងត្រង់ចំណុចនេះថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានវ័យ៧៤ឆ្នាំ គឺស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដែលកម្រិតសម្រាប់អ្នកទោសដែលមានអាយុ៧០ឆ្នាំ ឬលើសពីនេះ។ ចំណែក បញ្ហាមួយទៀតដែលស្របនឹងលក្ខខណ្ឌដែរនោះ គឺលោកកំពុងរងការវាយប្រហារដោយជំងឺធ្ងន់ធ្ងរ។ លក្ខខណ្ឌមួយទៀត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានអនុវត្តទោសក្នុងពន្ធនាគារចំនួន៦ខែរួចមកហើយនៅក្នុងទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំរបស់លោក។
- តើការលើកលែងទោសដល់លោក ថាក់ស៊ីន នេះ ពិតជាអនុវត្តទៅតាមច្បាប់របស់ថៃ១០០% ឬក៏មានការជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយដែរ?
មែនទែនទៅ បើនិយាយរឿងច្បាប់របស់ថៃ គឺមិនខុសទេ ពោល គឺពិតមានការអនុញ្ញាតឱ្យមានការលើកលែងទោសដល់បណ្តាអ្នកទោសដែលមានអាយុចាប់ពី៧០ឆ្នាំឡើងមែន និងយោងទៅលើទណ្ឌិតកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរផង។ នេះ មិនទាន់លើកឡើងពីបញ្ហាការអនុវត្តទោសនៅក្នុងពន្ធនាគារផងទេ។ បើតាមច្បាប់ថៃដែលចុះផ្សាយដោយសារព័ត៌មាន Bangkokpost គឺថា ទណ្ឌិត មានសិទ្ធិទទួលបានការលើកលែងទោស បន្ទាប់ពីបានជាប់ពន្ធនាគារយ៉ាងតិចមួយភាគបី ឬយ៉ាងតិចប្រាំមួយខែ ប្រសិនបើមួយភាគបីនេះ តិចជាងប្រាំមួយខែ ហើយរយៈពេលដែលនៅសេសសល់មិនត្រូវលើសពីដប់ឆ្នាំនោះ។ បើតាមច្បាប់កំណត់របស់ថៃនេះ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ដែលឥតអាចប្រកែកបានឡើយ។
ប៉ុន្តែ សួរថា រឿងរ៉ាវទាំងអស់នេះ មានជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬមានរងឥទ្ធិពលពីនយោបាយដែរ ឬទេ? បើនិយាយទៅលើច្បាប់របស់ថៃ ដូចដែលបានលើកឡើងអ៊ីចឹង គឺថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានគ្រប់លក្ខខណ្ឌទាំងអស់តែម្តង។ ក៏ប៉ុន្តែ បើនិយាយពីរឿងពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ គឺពិបាកនឹងនិយាយខ្លាំងណាស់។ អាចថា ឆ្លើយតបនឹងបញ្ហានេះ លោក Tawee Sodsong រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ បាននិយាយបែបនេះថា ការលើកលែងទោសនេះ មិនមែនជារឿងថ្មីអីនោះទេ ពោល គឺជារឿងធម្មតា ដោយការលើកលែងទោសម្រាប់ទណ្ឌិតដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ មានពិការភាព ឬក៏មានអាយុ៧០ឆ្នាំ ឬលើសពីនេះ គឺចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០០៣មកម្លេះ។ លោក បានបញ្ជាក់ឱ្យដឹងទៀតថា តាំងពីពេលនោះ មកដល់ពេលនេះ គឺអ្នកទោសជាង២ ២៤០នាក់ហើយ ត្រូវបានលើកលែងទោសដោយសារបញ្ហាទាំងនេះ។
លោកនាយករដ្ឋមន្ត្រៃថៃ សេដ្ឋា
ចំណែក លោកនាយករដ្ឋមន្ត្រៃថៃ សេដ្ឋា វិញ បានអះអាងថា ការលើកលែងទោសដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នេះ គឺវាអាស្រ័យទាំងស្រុងទៅលើច្បាប់កំណត់របស់ថៃ។ លោកនាយករដ្ឋមន្រ្តីថៃ បានសង្កត់ធ្ងន់ថា នៅពេលដែលត្រូវបានដោះលែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងក្លាយជាប្រជាពលរដ្ឋថៃធម្មតា ហើយអ្វីដែលបានកើតឡើងនៅក្នុងអតីតកាល គឺជារឿងអតីតកាលតែប៉ុណ្ណោះ។
- តើលោក ថាក់ស៊ីន ជាប់ទោសអ្វី? តើរូបលោកមានជាប់ពាក់ព័ន្ធជាមួយរាជវាំងថៃ និងរដ្ឋាភិបាលលោក សេដ្ឋា ដែរ ឬទេ ទើបទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសយ៉ាងនេះ?
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្រេចចិត្តវិលត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានរត់និរទេសខ្លួននៅបរទេសអស់រយៈពេលប្រមាណ១៥ឆ្នាំ ដើម្បីគេចពីការចាប់ខ្លួនដាក់ទោសពន្ធនាគារ ក្រោយពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០០៦។ មកដល់ប្រទេសកំណើតភ្លាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានក្រុមប៉ូលីសថៃនាំខ្លួនទៅកាន់តុលាការថៃ ហើយតុលាការថៃ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល៨ឆ្នាំក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ និងរំលោភបំពានអំណាច។ គឺនៅពេលនោះហើយដែលអតីតនាយករដ្ឋមន្រ្តី និងជាមហាសេដ្ឋីថៃរូបនេះ បានស្គាល់រសជាតិនៃការជាប់ពន្ធនាគារ។ ក៏ប៉ុន្តែ ខុសពីអ្នកទោសដទៃៗទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្គាល់រសជាតិនៅក្នុងពន្ធនាគារថៃមិនបានដល់១យប់ផងទេ ដោយរូបលោកត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលីសថៃ ដោយសារមានអាការៈចុកណែនដើមទ្រូង និងមានជំងឺលើសឈាម។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចំណាយពេលស្នាក់នៅក្នុងមន្ទីរពេទ្យរហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងអំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យប៉ូលីសនេះហើយដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសរសេរលិខិតស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន។ ព្រះមហាក្សត្រថៃ បានសម្រេចបន្ធូរបន្ថយទោសដល់លោក ថាក់ស៊ីន ពីទោសជាប់ពន្ធនាគារ៨ឆ្នាំមកនៅត្រឹមរយៈពេល១ឆ្នាំវិញ ដោយហេតុថា លោក ថាក់ស៊ីន បាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន មានភក្តីភាពនឹងស្ថាប័នរាជានិយម គោរពដំណើរការនីតិវិធីរបស់តុលាការ ជាពិសេស គឺព្រមទទួលស្គាល់កំហុស និងព្រមទទួលទោសតាមអំណាចសាលក្រមរបស់តុលាការ។ បើទោះបីត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេលត្រឹម១ឆ្នាំក្តី ប៉ុន្តែ វាមានតែឈ្មោះប៉ុណ្ណោះ ព្រោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅតែក្នុងមន្ទីរពេទ្យក្នុងរយៈពេល៦ខែមកនេះ រហូតទទួលបានការលើកលែងទោសទាំងស្រុងនៅពេលនេះ។
សំណួរសួរថា តើការបន្ថួរបន្ថយ និងលើកលែងទោសជាបន្តបន្ទាប់របស់លោក ថាក់ស៊ីន នេះ មានការជាប់ពាក់ព័ន្ធ ឬមានការជួយសម្របសម្រួលណាមួយពីរដ្ឋាភិបាលថ្មីរបស់ថៃដែរ ឬទេ? ជាការកត់សម្គាល់ អាចថា ចៃដន្យក៏បាន មិនចៃដន្យក៏បាន គឺថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលប្រទេសវិញ ចំថៃ្ងដែលលោកសេដ្ឋា ថៈវីស៊ីន ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃជាផ្លូវការ។ សូមគូសរំលេចបន្តិចថា លោក សេដ្ឋា ថៈវីស៊ីន នេះ គឺមកពីគណបក្សភឿថៃដែលដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទាំងនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានបង្ហាញឱ្យឃើញពីទំនាក់ទំនងពិសេសណាមួយជាមួយគ្នាឡើយ។ រីឯ ពាក់ព័ន្ធនឹងការលើកលែងទោសនេះ លោកនាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ឱ្យដឹងថា វាអាស្រ័យទៅតាមច្បាប់កំណត់របស់នាយកដ្ឋានពន្ធនាគាររបស់ថៃ។
- បន្ទាប់ពីត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ តើលោក ថាក់ស៊ីន មានគម្រោងធ្វើអ្វីខ្លះទៅ ឬក៏លោក នឹងចូលប្រឡូកនៅក្នុងឆាកនយោបាយឡើងវិញ?
វាហាក់ដូចជាលឿនពេក បើនិយាយពីផែនការបន្ទាប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេលនេះ។ យ៉ាងណាក៏ដោយ កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញឱ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងវិលត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ បន្ទាប់ពីត្រូវបានដោះលែងឡើងវិញ ប៉ុន្តែ វាក៏អាស្រ័យលើក្រុមគ្រូពេទ្យដែរថា ស្ថានភាពរបស់លោកត្រូវនៅមន្ទីរពេទ្យបន្ត ឬក៏អាចត្រឡប់ទៅផ្ទះវិញបាន។ កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និយាយតែប៉ុណ្ណឹង ដោយមិនបានបញ្ជាក់ឱ្យដឹងពីផែនការផ្សេងៗរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះឡើយ។
ចំណែក លោកនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា បន្ទាប់ពីត្រូវបានដោះលែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងក្លាយជាប្រជាពលរដ្ឋសាមញ្ញធម្មតា។ ទោះបីបានអះអាងបែបនេះ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានព្រលយឱ្យដឹងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាមនុស្សម្នាក់ដែលនាំផលប្រយោជន៍ដល់ប្រទេសជាតិ ហើយលោកបង្ហើបថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងផ្តល់នូវមតិយោបល់ល្អៗទៅកាន់កូនស្រីរបស់គាត់ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ។
ក៏ប៉ុន្តែ រឿងមួយដែលគួរឱ្យកត់សម្គាល់នោះ គឺបើទោះបីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែង និងរួចផុតពីទោសប្រព្រឹត្តអំពើពុករលួយ និងរំលោភបំពានអំណាចក៏ដោយ ក៏រូបលោកនៅប្រឈមមុខនឹងបណ្តឹងចោទប្រកាន់មួយទៀតរបស់ព្រះរាជអាជ្ញានៃតុលាការថៃ គឺបទជេរប្រមាថព្រះមហាក្សត្រ នៅឆ្នាំ ២០១៥ កាលរូបលោកកំពុងស្ថិតនៅបរទេស។ មកដល់ពេលនេះ តុលាការថៃមិនទាន់ចាត់ចំណាត់ការបែបណាមួយនៅឡើយទេ ប៉ុន្តែ ក៏ពិបាកនឹងថា តុលាការមិនចាត់ការដែរ ព្រោះការជេរប្រមាថដល់ព្រះមហាក្សត្រនៅប្រទេសថៃ ជាទោសដែលមិនអាចអត់អោនឱ្យបាន បើទោះបីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធនូវការចោទប្រកាន់បែបនេះពីព្រះរាជអាជ្ញាថៃក៏ដោយ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»