Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បាញ់សម្លាប់ទណ្ឌិតនយោបាយ ២ រូប ហើយយកទៅបូជាស្ងាត់ៗ

បានផុស

នៅ

កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះបានបាញ់សម្លាប់អ្នកទោសនយោបាយ ២ រូប រួមទាំងសកម្មជនដ៏ល្បីឈ្មោះគឺលោកស្រី Ma Noble Aye នៅក្នុងមន្ទីរឃុំឃាំងទីក្រុង Waw តំបន់ Bago បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទកាន់អាវុធចូលរួមជាមួយកងកម្លាំងតស៊ូប្រឆាំងរដ្ឋាភិបាល ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Irrawaddy កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ។

លោកស្រី Ma Noble Aye

ទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនសកម្មជនដែលមានឈ្មោះបោះសំឡេងរូបនេះ ជាមួយលោក Ko Lay Khwin រស់នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងក្នុងទីក្រុង Waw ដោយចោទប្រកាន់ពីបទកាន់កាប់អាវុធ និងគ្រាប់កាំភ្លើង អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងយ៉ាំងហ្គោន ។

​លោក Ko Htet Myat ដែលជាប្អូនប្រុសរបស់លោកស្រី Ma Noble Aye បានប្រាប់សារព័ត៌មាន Irrawaddy ថា “ចាប់តាំងពីការចាប់ឃុំខ្លួននោះមក មិនមានព័ត៌មានណាមួយបើកបង្ហាញពីទីស្នាក់អាស្រ័យ និងស្ថានភាពរបស់អ្នកទាំងពីរនេះឡើយ ប៉ុន្តែកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ក្រុមគ្រួសាររបស់លោកស្រី Ma Noble Aye ទទួលបានដំណឹងមរណភាពរបស់លោកស្រី តាមរយៈប្រភពពីក្រសួងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលរួបរួមជាតិ និងតំណាងរាស្រ្តក្នុងតំបន់” ។

លោកស្រី Ma Noble Aye (ឆ្វេង) និងលោក Ko Lay Khwin (ស្ដាំ)

ចំណែកលោក Ko Lay Khwin ដែលយោធាចាប់ខ្លួន និងចោទប្រកាន់ក្នុងករណីដូចគ្នាទៅនឹងលោកស្រី Ma Noble Aye ដែរនោះ ត្រូវបានបាញ់សម្លាប់នៅជិតភូមិ Kyaik Lat ពោលតាមផ្លូវត្រឡប់មកពីតុលាការវិញ ក្រោយពេលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី៨ ខែកុម្ភៈពីបទប៉ុនប៉ងរត់គេចខ្លួន បន្ទាប់ពីសួរចម្លើយនៅបញ្ជាការដ្ឋានកាំភ្លើងធំលេខ ៩០១ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ កងកម្លាំងការពារប្រជាជនក្រុង Waw បានប្រាប់សារព័ត៌មាន Irrawaddy ថា ទណ្ឌិតទាំងពីរនាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ហើយកងទ័ពរដ្ឋាភិបាលបានបញ្ជូនសាកសពអ្នកទាំងពីរទៅកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យទីក្រុង Waw និងបូជាដោយស្ងាត់ៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយរបបសឹកក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។

ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនសមគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម