កីឡា
ល្បីបំផុតនៅជប៉ុន Yuki ជាតារាបាល់ទះទី១មានរូបសំណាក់នៅសារមន្ទីរ
ប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន Yuki Ishikawa ជាកីឡាករបាល់ទះមួយរូប ទទួលបានការគោរពបំផុតនៅប្រទេសជប៉ុន តាមរយៈសមត្ថភាព ទេពកោសល្យ និងសុជីវធម៌ខ្ពស់ក្នុងការរស់នៅ។
Yuki Ishikawa ដែលកើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុង Okazaki ខេត្ត Aichi កម្ពស់ ១.៩២ម៉ែត្រ ទម្ងន់ ៨៤គីឡូក្រោម ជាអ្នកលេងបាល់ទះដំបូងគេមានរូបចម្លាក់នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នរូបសំណាក់របស់គេត្រូវបានដាក់តាំងនៅសារមន្ទីរ Madame Tussauds ក្នុងទីក្រុងតូក្យូ។ រូបគេជាប់ឈ្មោះអ្នកវាយផ្ដាច់កម្ពស់៣ម៉ែត្រល្អបំផុត (Best Outside Spiker) ក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB World Cup (២០១៥, ២០១៩), លីគបាល់ទះពិភពលោក FIVB Nations League (២០២៣), ជើងឯកបាល់ទះអាស៊ី Asian Championship (២០១៧, ២០១៩, ២០២១) និងឈ្នះពានរង្វាន់ឯកត្តជនកីឡាករឆ្នើមប្រចាំជើងឯកអាស៊ី ឆ្នាំ២០១៧, ២០២៣។ នៅខែមេសា ឆ្នាំ២០២១ Ishikawa បានក្លាយជាប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន និងដើរតួជាអ្នកវាយពីក្រៅប្រអប់យ៉ាងល្អ។
Yuki Ishikawa កើតក្នុងត្រកូលគ្រួសារជាអ្នកកីឡា ដោយម្តាយគឺអ្នកស្រី Midori ជាអតីតអ្នកលេងបាល់បោះរបស់ក្រុម DENSO។ ចំណែកឪពុកគឺលោក Mikihisa ជាអតីតអ្នករត់ប្រណាំង។ ឯបងស្រី Naomi ជាអតីតអ្នកលេងបាល់ទះ ហើយប្អូនស្រីឈ្មោះ Mayu អាយុ២៣ឆ្នាំ ជាសមាជិកក្រុមបាល់ទះនារីជប៉ុន។
តាមរយៈការជំរុញទឹកចិត្តពីក្រុមគ្រួសារ Ishikawa បានចាប់ផ្តើមលេងបាល់ទះតាំងថ្នាក់ទី៤។ សមិទ្ធផលល្អបំផុតរបស់គេកាលពីយុវជនគឺទទួលបានចំណាត់ថ្នាក់ទី៨នៅក្នុងការប្រកួតបាល់ទះជើងឯកបឋមសិក្សា All Japan Volleyball Elementary។ ឆ្នាំ២០១០ រូបគេទទួលបានចំណាត់ថ្នាក់លេខ៣បាល់ទះជើងឯកអនុវិទ្យាល័យ All Japan Junior High School។ បន្ទាប់មក រូបគេត្រូវបានជ្រើសរើសជាប្រធានក្រុមបាល់ទះខេត្ត Aichi និងបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ JOC Junior Olympic Cup ឆ្នាំដដែល។ នៅវិទ្យាល័យ Ishikawa បានក្លាយជាសិស្សដំបូងគេឈ្នះពានរង្វាន់ Triple Crown ក្នុងការប្រកួត៣ព្រឹតិ្តការណ៍រួមមាន៖ Inter-High, National Polity និង Haruko Volley រយៈពេល២ឆ្នាំជាប់គ្នា។
ចន្លោះឆ្នាំ ២០១៤-២០១៥ Ishikawa បានផ្លាស់ទៅលេងឲ្យក្រុមអុីតាលី Parmareggio Modena ប្រហែល៣ខែបន្ទាប់ពីចប់ព្រឹត្តិការណ៍អន្តរវិទ្យាល័យ All Japan Intercollegiate។ យោងតាមមន្ត្រីសមាគមបាល់ទះជប៉ុនថា រូបគេជានិស្សិតជប៉ុនទី១ដែលបានទៅលេងលីគក្រៅប្រទេសតាមរយៈសាកលវិទ្យាល័យ និងជានិស្សិតដំបូងគេដែលបានលេងនៅលីគបាល់ទះអុីតាលី។ រដូវកាល ២០១៥-២០១៦ រូបគេបានត្រឡប់ទៅជប៉ុនវិញដោយចូលរួមជាមួយក្រុមសាកលវិទ្យាល័យ Chuo។ ចុងឆ្នាំ២០១៦ រូបគេបានផ្លាស់ទៅអុីតាលីម្តងទៀតចូលរួមជាមួយក្រុម Top Volley Latina ទាំងពេលរូបគេជានិស្សិតនៅឡើយ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងខែមីនា ឆ្នាំ២០១៨ Ishikawa បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងជាមួយក្រុមអុីតាលី Emma Villas Siena បន្ទាប់ពីក្លិបមួយនេះបានឡើងមកនៅលីគកំពូលអ៉ីតាលី ២០១៨-២០១៩។ បន្ទាប់មក រូបគេបានផ្លាស់ទៅក្រុម Kioene Padova។ ឆ្នាំ២០២០ Ishikawa បានផ្លាស់ទៅ Allianz Milano ហើយជាក្រុមដែលរូបគេកំពុងលេងសព្វថ្ងៃ។
ឆ្នាំ២០១២ កីឡាករ Ishikawa ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិជប៉ុនអាយុក្រោម១៩ឆ្នាំ ជាលើកដំបូង។ ពេលនោះរូបគេបានជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ជើងឯកយុវជនអាស៊ី Asian Youth Boys Volleyball Championship នៅទីក្រុងតេអេរ៉ង់ ប្រទេសអុីរ៉ង់ និងឈ្នះពានរង្វាន់ជាអ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍។
ឆ្នាំ២០១៣ Ishikawa បានចូលរួមប្រកួតជើងឯកពិភពលោកអាយុក្រោម១៩ឆ្នាំ FIVB Volleyball Boys’ U19 នៅប្រទេសម៉ិកស៊ិក។ ពេលនោះក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧។ ឆ្នាំដដែលនោះ រូបគេបន្តប្រកួតជើងឯកពិភពលោកអាយុក្រោម២១ឆ្នាំ FIVB Volleyball Men’s U21 នៅប្រទេសតួកគី។ ជាលទ្ធផលក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០។
ឆ្នាំ២០១៤ Ishikawa បានចូលរួមជម្រើសជាតិជប៉ុនក្រុមធំជាលើកដំបូងសម្រាប់កីឡាទ្វីបអាស៊ី Asian Games នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ពេលនោះជប៉ុនបានឈ្នះមេដាយប្រាក់ បន្ទាប់ពីចាញ់ក្រុមអ៉ីរ៉ង់ ៣-១ វគ្គផ្តាច់ព្រ័ត្រ។
នៅខែកក្កដា ឆ្នាំ២០១៧ Ishikawa បានចូលរួមប្រកួតជើងឯកអាស៊ី នៅទីក្រុង Gresik ប្រទេសឥណ្ឌូណេស៊ីដោយ ក្រុមជប៉ុនបានឈ្នះមេដាយមាស ហើយរូបគេបានឈ្នះពានរង្វាន់ឯកត្តជន២គឺពានរង្វាន់ កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ និងអ្នកវាយក្រៅប្រអប់ល្អបំផុត។
ឆ្នាំ២០២១ Ishikawa បានក្លាយជាប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន ក្នុងការដឹកនាំចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ។ ក្រុមជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ បន្ទាប់ពីចាញ់ក្រុមប្រេស៊ីល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ នៅខែកញ្ញា ឆ្នាំ២០២១ រូបគេបានដឹកនាំក្រុមជប៉ុនឲ្យឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកអាស៊ី ហើយរូបគេបានឈ្នះពានរង្វាន់ឯកត្តជនជា អ្នកវាយក្រៅប្រអប់ល្អបំផុត។
នៅខែកក្កដា ឆ្នាំ2023 Ishikawa និងក្រុមជប៉ុនទទួលបានចំណាត់ថ្នាក់លេខ៣លីគបាល់ទះពិភពលោក FIVB Volleyball Men’s Nations League។ នៅខែសីហា ឆ្នាំ២០២៣ រូបគេបានជួយក្រុមជប៉ុនឈ្នះមេដាយមាសលើកទី១០ ជើងឯកបាល់ទះអាស៊ី និងបានឈ្នះពានរង្វាន់ឯកត្តជនជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍។
កាលនៅជាសិស្សវិទ្យាល័យ Ishikawa បានជួយក្រុមឈ្នះជើងឯក៦ដង និងឈ្នះពានរង្វាន់ឯកត្តជនចំនួន៣០។ ពេលប្រកួតជានិស្សិតឲ្យក្រុមសាកលវិទ្យាល័យបានឈ្នះជើងឯក៨ដង និងឈ្នះពានរង្វាន់ឯកត្តជនចំនួន១០។ ក្នុងនាមកីឡាករតាំងពីយុវជន រហូតពេញវ័យសម្រាប់ក្រុមជម្រើសជាតិជប៉ុនគឺឈ្នះជើងឯក២ដង ជើងឯករង៣ដង ចំណាត់ថ្នាក់លេខ៣បីដង និងឈ្នះពានរង្វាន់ឯកត្តជនចំនួន១១៕
អត្ថបទ៖ ផា រតនា
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់