Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក ថ្កោលទោសអាមេរិក ដែលវេតូ សេចក្តីសម្រេចបទឈប់បាញ់នៅ ហ្គាហ្សា

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ សហរដ្ឋអាមេរិក​បាន​វេតូ​ជាថ្មី​ម្តងទៀតលើ​ពង្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ចំពោះបទឈប់បាញ់នៅហ្គាហ្សា ជាហេតុបង្កឲ្យមានការថ្កោលយ៉ាងខ្លាំងពីអន្តរជាតិ។

ការបោះឆ្នោតនៅ UN (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សានេះ មាន១៣ប្រទេសទៅហើយដែលគាំទ្រ ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះដែលប្រឆាំង ខណៈអង់គ្លេស អនុបវាទ។

​ដោយសំដៅ​ទៅ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក អេហ្ស៊ីប និង​ប្រទេស​ដទៃ​ទៀត ​ក្នុង​ការ​សម្រុះសម្រួល​ផ្អាក​ប្រយុទ្ធ​គ្នា ជាថ្នូ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែលស្ថិតក្នុងដៃ​ក្រុម​ហាម៉ាស, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយបន្ទាប់ពីការបោះឆ្នោតថា សេចក្តីសម្រេចស្តីពីបទឈប់បាញ់ គឺមិនអាចចាក់គ្រឹះសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពបានឡើយ ហើយនឹងធ្វើឲ្យការចរចាស្ថិតក្នុងគ្រោះថ្នាក់ថែមទៀត។

លោកស្រី Linda Thomas-Greenfield លើកដៃជំទាស់ (រូបថត៖ UN)

លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ឯកសារព្រាងរបស់ខ្លួនផ្ទាល់តែម្តង ដែលនឹងអំពាវនាវឲ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។

ដូចនេះ តើប្រទេសណាខ្លះថ្កោលទោសចំពោះការប្រឆាំងរបស់អាមេរិក?

ចិន

លោក Zhang Jun បេសកជនរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងមិនពេញចិត្តទាល់តែសោះចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា សំឡេងវេតូរបស់សហរដ្ឋអាមេរិក គឺជាការផ្ញើសារខុស ជំរុញឲ្យស្ថានការណ៍នៅហ្គាហ្សា កាន់តែគ្រោះថ្នាក់។ ការជំទាស់ចំពោះបទឈប់បាញ់នៅហ្គាហ្សា គឺមិនខុសអ្វីពីការបើកភ្លើងខៀវដល់ការសម្លាប់មនុស្សជាបន្តនោះទេ។ មានតែការពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សាប៉ុណ្ណោះ ទើបពិភពលោកអាចពន្លត់ភ្លើងសង្គ្រាមនៅក្នុងតំបន់ទាំងមូលបាន។

លោក Zhang Jun (រូបថត៖ Xinhua)

​រុស្ស៊ី

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia និយាយថា ការវេតូរបស់អាមេរិក បានសម្គាល់ជាទំព័រដ៏ខ្មៅងងឹតមួយទៀត នៅក្នុងប្រវត្តិសាស្ត្រ UNSC។

លោកបានចោទអាមេរិកថា កំពុងអូសបន្លាយពេលឲ្យអ៊ីស្រាអែល បញ្ចប់ផែនការអមនុស្សធម៌របស់ខ្លួននៅតំបន់ហ្គាហ្សាបាន។

លោក Vassily Nebenzia (រូបថត៖ AP)

បារាំង

បេសកជន UN របស់ប្រទេសបារាំងលោក Nicolas de Riviere បានសម្តែងការសោកស្តាយដែលសេចក្តីសម្រេចបទឈប់បាញ់របស់ UNSC មិនអាចអនុម័តបាន ទាំងដែលស្ថានការណ៍ នៅតំបន់ហ្គាហ្សា កំពុងតែមហន្តរាយ។

លោក Nicolas de Riviere (រូបថត៖ PASSBLUE)

អាល់ហ្សេរី

បេសកជនអាល់ហ្សេរី និយាយថា UNSC បរាជ័យម្តងទៀតហើយ និងបានព្រមានថា រឿងនេះអាចផ្តល់ផលវិបាកធ្ងន់ធ្ងរដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។

លោក Amar Bendjama និយាយថា “ថ្ងៃនេះយើងសូមផ្ញើសារទៅអ្នកថា សហគមន៍អន្តរជាតិគួរតែឆ្លើយតបទៅនឹងការអំពាវនាវឲ្យបញ្ចប់ការកាប់សម្លាប់ជនជាតិប៉ាឡេស្ទីន ដោយជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់។ អ្នកទាំងឡាយណាដែលរារាំងគោលបំណងនេះ គួរតែពិនិត្យមើលគោលការណ៍របស់ពួកគេ និងគិតសាជាថ្មី ពីព្រោះការសម្រេចចិត្តខុសថ្ងៃនេះនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់របស់យើង និងពិភពលោករបស់យើងនៅថ្ងៃស្អែក។ ដូច្នេះ ចូរ​សួរ​ខ្លួន​ឯងមើល៍ តើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នៅ​ថ្ងៃ​នេះ​នឹង​បង្កឲ្យ​មាន​អ្វីកើតឡើង? តើប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យអ្នកយ៉ាងដូចម្តេចទៅ?”។

លោក Amar Bendjama (រូបថត៖ UN)

កាតា

ឯកអគ្គរាជទូតកាតាប្រចាំ UN លោកស្រី Alya Ahmed Saif Al Thani និយាយថា លោកស្រីសោកស្តាយណាស់ដែល UNSC មិនអាចអនុម័តសេចក្តីសម្រេចព្រាងដោយអាល់ហ្សេរី ហើយសន្យាថា នឹងខិតខំបន្ថែមទៀត ដើម្បីរកបទឈប់បាញ់នៅហ្គាហ្សាឲ្យទាល់តែបាន។

លោកស្រី Alya Ahmed Saif Al Thani (រូបថត៖ Peninsula Qatar)

អារ៉ាប៊ីសាអូឌីត

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏សម្តែងការសោកស្តាយផងដែរ ចំពោះសំឡេងវេតូ និងសង្កត់ធ្ងន់ថា “ឥឡូវ យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ UNSC ដើម្បីបង្ហាញទំនួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខដោយភាពជឿជាក់ និងគ្មានស្តង់ដារ២”។

ន័រវែស

បេសកកម្មរបស់ន័រវែស ប្រចាំ UN និយាយថា ខ្លួនសោកស្តាយ ដែលក្រុមប្រឹក្សា មិនអាចអនុម័តសេចក្តីសម្រេចស្តីពីបទឈប់បាញ់មនុស្សធម៌ភ្លាមៗបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បន្ត វេតូ ​លើសេចក្តីសម្រេច បទឈប់បាញ់នៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម