Connect with us

សេដ្ឋកិច្ច

សម្ដេចធិបតី៖ កុំពង្រីក ត្រូវពង្រឹងយន្តការ ជំរុញវិស័យឯកជនរួមគ្នាប្រកួតប្រជែងការនាំចូល

បានផុស

នៅ

ពាក់ព័ន្ធ វិស័យសហគ្រាសធុនតូច និងមធ្យម ហៅកាត់ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំ ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កុំពង្រីក តែគួរពង្រឹងយន្តការដែលមានស្រាប់ និងជួយសម្របសម្រួល បង្កើតការសហការជាមួយវិស័យឯកជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកួតប្រជែកការនាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទ​សន្និ​បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួង ក៏រៀបចំសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ «អគារ តេជោសែន» រសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តជូនបងប្អូនក្នុងវិស័យឯកជន ពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឈ្វេងយល់ និងចាប់យកគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិនេះផ្ដល់ជូន ដើម្បីរួមគ្នាបង្កើនកម្លាំងជាកម្លាំងសេដ្ឋកិច្ចមួយធំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ប្រទេសយើងតូច តែបើយើងរួមគ្នាធ្វើ ហើយអាចរួមគ្នាបានភាពជាដៃគូរវាង ឯកជន និងរាជរដ្ឋាភិបាល ជាពិសេស SME ដែលអាចទាញចូលគ្នាបាន ខ្ញុំគិតថា ជាកិច្ចការល្អ ជាកម្លាំងធំ។
ក្រសួងបានរៀបចំគោលនយោបាយច្រើនហើយ សំខាន់គឺការអនុវត្ត ដែលមានប្រសិទ្ធិភាព និងចីរភាព។ កុំយន្តការច្រើនពេក! ជួនកាល មានយន្តការច្រើន ជាការប្រកួតប្រជែងគ្នាទៅវិញ ដែលគ្នាយើងតូចហើយ មិនសាមគ្គីគ្នាទៀត វាទៅជាតូចមែនទែន”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា៖ “កុំភ្លេច យើងផលិតទាំងផ្គត់ផ្គង់ក្នុងស្រុក ទាំងក្រៅស្រុក សូម្បីតែក្នុងស្រុក ក៏យើងត្រូវផលិតប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅដែរ ព្រោះយើងមិនអាចបិទប្រទេសយើងបានទេ ព្រោះយើងក៏ត្រូវបើកនាំចេញទៅក្រៅ ហើយយើងក៏ត្រូវនាំចូល។ បើយើងរួមគ្នា ជាសិប្បកម្ម ជាអី… អាចប្រមូលទុន ប្រមូលជំនាញ ប្រមូលអី… អាចប្រកួតប្រជែង ព្រោះយើងមិនអាចដាក់ច្បាប់បិទមិនឱ្យចូល មានតែយកការច្នៃប្រឌិត ផលិតភាពរបស់យើងដើម្បីប្រកួត”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើមិនប្រមូលកម្លាំងទេ យើងប្រកួតមិនឈ្នះគេទេ ហើយបើយើងកាន់តែប្រកួតគ្នាឯងនៅលើទីផ្សារតូចនេះ យើងនឹងកាន់តែលំបាក។ ជាជាងកម្លាំងពីរប្រកួតគ្នា មកជាកម្លាំងមួយរួមជជែកគ្នា ធ្វើការជាមួយគ្នា រួមគ្នា។

គួរបញ្ជាក់ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃ​បន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ កំពុងអភិវឌ្ឍឈានទៅមុខប្រកបដោយនិ​រន្តរ​ភា​ព មានលក្ខណៈចម្រុះ សម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្ម​សេដ្ឋកិច្ច រវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមា​ហ​រ​ណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់មុំ នៃយុទ្ធសាស្ត្រ បាន​រំលេច​តួនាទីរបស់ក្រសួង ដែលរួមមាន៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់ការ តភ្ជាប់ និង​ការ​បង្កើនប្រសិទ្ធភាព នៃវិស័យទឹកស្អាត វិស័យឌីជីថល និងការលើកស្ទួយសហគ្រាសធុន តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។

ក្នុងនោះកាលពីថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រ​ជាតិ ​ស្តី​ពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ចជូនក្រសួង ឱ្យបំពេញតួនាទី ស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ជំរុញតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ។ ដើម្បីលើកស្ទួយវិស័យឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមទាំងវិស័យទឹកស្អាត និងសិប្បកម្ម ឱ្យបាន​កាន់​តែមានភាពប្រសើរឡើង ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្រសួងបានខិតខំ​ប្រឹង​ប្រែង​ធ្វើកំណែទម្រង់ និងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីធានាបានកំណើនសេដ្ឋកិច្ច ដែលមានភាពធន់នឹង​វិបត្តិ ការបង្កើនបរិមាណការងារ និងការកាត់បន្ថយ​ភាព​ក្រីក្រ។ ក្នុងនោះក្រសួងបានធ្វើការកែទម្រង់​ការ​ងារ​លើការងារ​គ្រប់គ្រង​រោង​ចក្រ សហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម ដោយពង្រឹងការអនុវត្តច្បាប់ និង​ការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មឱ្យមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅ​នឹង​តម្រូវការរបស់ពលរដ្ឋ

សន្តិសុខសង្គម១៤ នាទីutes មុន

អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

សន្តិសុខសង្គម៣១ នាទីutes មុន

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន

នយោបាយ៤៩ នាទីutes មុន

ប្រធានាធិបតីចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទុះការចាប់អារម្មណ៍! ក្រោយស្ថាប័ន Supranational Cambodia ប្រកាសវត្តមាន AnNa Rose ចូលរួមប្រកួត

Sokha Hotels

ព័ត៌មានពេញនិយម