Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចំនួន ៥ នឹង​ប្រមូល​​ទិញ​បន្លែ​ពី​កសិករ​ខ្មែរមួយ​ឆ្នាំ​ជាង ៣ ម៉ឺនតោន

បានផុស

នៅ

ក្រុមហ៊ុន​ចំនួន ៥​ បាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ​ការប្រមូលទិញផលិតផលបន្លែ​ពីកសិករខ្មែរមួយឆ្នាំ​ប្រមាណ ៣ ម៉ឺន​តោន។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​មើលឃើញ​ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ បានបង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយ​​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការជំរុញផលិតកម្មកសិកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ ធានាសន្តិសុខនិងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម សំដៅលើកស្ទួយកសិកម្ម និងអភិវឌ្ឍនជនបទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់កាលពីថ្ងៃ ២២ កុម្ភៈ ២០២៤ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរិ៍្តឈ្មោះផលិតផល​ផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាព​នៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង ដែលមានតម្លៃបន្ថែមខ្ពស់។

«ការប្រមូលទិញបន្លែរបស់សហគ្រាសទាំង ៥ គឺស្មើនឹងប្រមាណ ២៤% នៃបរិមាណ​លក់ជាក់ស្តែង​របស់​កសិករ​ក្រោមគម្រោង AIMS ជាមធ្យមក្នុងមួយឆ្នាំ។ នេះមានន័យថា កសិករ​ក្រោម​គម្រោង AIMS នឹងអាច​បង្កើនការផ្គត់ផ្គង់​ក្នុងស្រុក​រហូត​ដល់ជាង ៣ ម៉ឺនតោន ជាមធ្យមក្នុងមួយឆ្នាំ»។ នេះបើតាមរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីរំពឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញបន្លែនេះ នឹងជំរុញបន្ថែមនូវការធ្វើបរមភាវូបនីយកម្ម ការធ្វើទីផ្សារបន្លែនៅកម្ពុជា ដែលជាយន្តការមួយដ៏សំខាន់នៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងបុរេលក្ខខណ្ឌចាំបាច់នានា ក្នុងទិសដៅទ្រទ្រង់នូវគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព ជាពិសេសការឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ​ជំរុញ​ការប្រមូល​ទិញផលិតផលបន្លែ បាន​ធ្វើឡើង​តាមរយៈ​គម្រោង​ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួង​ពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែចំនួន ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA) ៣). ផ្សារ​កូនកាំបិត ៤). ផ្សារខ្មែរ បន្លែធម្មជាតិ ៥). ផ្សារស្នាដៃម៉ែ។

បើតាម​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ការចុះអនុស្សរណៈនេះនឹងក្លាយជាគន្លឹះ​នាំមុខដ៏ចម្បង​មួយ​ក្នុងការ​បង្កើតកាលានុវត្តភាព សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ដែលអាចលើកស្ទួយ​ដល់​សុខុមាលភាព​របស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់គម្រោង AIMS ក្នុងការ​បង្កើន​វិបុលភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ដោយអនុវត្តគោលការណ៍​អភិក្រម​នៃការបង្កើត​យន្តការបញ្ជ្រាបផលិតផលបន្លែក្នុងស្រុក ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ព្រមទាំង​ប្រកបដោយ​អាហារូបត្ថម្ភ និង​ធានាបាននូវ​សន្តិសុខ​ស្បៀង​សម្រាប់​អ្នកប្រើប្រាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម