Connect with us

ព័ត៌មានជាតិ

ចៅអធិការវត្តព្រះហស្ថ ខេត្តពោធិ៍សាត់ ប្រគល់វត្ថុបុរាណចំនួន៣ ដើម្បីដាក់តាំងនៅសារមន្ទីរជាតិ

បានផុស

នៅ

តាមការទូលស្នើសុំរបស់លោកស្រី ភឿង សកុណា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានសម្រេចប្រគល់ជូនវត្ថុបុរាណចំនួនបីយកទៅដាក់នៅសារៈមន្ទីរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រគល់ជូននេះ គឺជាការរឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ ដើម្បីរក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។

វត្ថុបុរាណទាំងបីនោះរួមមាន ទី១/ ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។

ទី២/ ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ និងទី៣/ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។ 

វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណប្រគេនចំពោះព្រះគ្រូចៅអធិការនិងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់វត្ថុបុរាណមករក្សាទុកនៅសារមន្ទីរជាតិ។ បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម