ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ តួនាទីឧបនាយករដ្ឋមន្ត្រីមិនត្រឹមជាតំណែងទេ តែជាភារកិច្ច សម្រេចឲ្យបាននូវចក្ខុវិស័យ សម្ដេចធិបតី
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា «តួនាទីដែលខ្ញុំទទួលបាននេះ មិនគ្រាន់តែជាតំណែងប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ សម្ដេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ»។
នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា រយៈពេលប៉ុន្មានថ្ងៃនេះ ឯកឧត្ដម បានទទួលសារអបអរ និងជូនពរជាច្រើន ក្នុងឱកាសដែល ឯកឧត្ដម ត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តថា តួនាទីនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ ឯកឧត្ដម ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលះបង់ឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលទទួលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាការទទួលស្គាល់នូវសារៈសំខាន់ នៃទំនួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងដឹកនាំការងារកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនូវ រដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានតែងតាំង ឯកឧត្ដម និងក្រាបថ្វាយអំណរព្រះរាជគុណ ថ្វាយព្រះវររាជមាតាជាតិខ្មែរ (សម្ដេចយាយ) ដែលសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរដោយផ្ទាល់ ដែលនេះជាមហាកិត្តិយសដ៏ក្រៃលែងបំផុតសម្រាប់ ឯកឧត្ដម។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដល់សេចក្ដីទុកចិត្ត និងការជឿជាក់ដល់ក្រសួងមុខងារសាធារណៈក្នុងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងអរគុណដល់អង្គរដ្ឋសភាដ៏ឧត្តុង្គឧត្ដម ដែលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តផ្ដល់តួនាទីបន្ថែមមកដល់ ឯកឧត្ដម។
ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណជូនចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឥស្សរជនជាតិ អង្គទូត វិស័យឯកជន សហការី និងមិត្តភ័ក្ដិទាំងអស់ ចំពោះពាក្យពេចន៍អបអរសាទរ និងជូនពរប្រកបដោយក្ដីរំភើបដល់រូប ឯកឧត្ដម ។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្ថែមថា ឯកឧត្ដម ក៏មានក្ដីរំភើបចំពោះសារ និងកាយវិការដ៏ស្និទ្ធស្នាលពី សមាជិក សមាជិកា នៃមហាគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស និងពីអ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជន ដែល ឯកឧត្ដម បានជួប និងស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។ ទាំងសារជូនពរ ទាំងការបង្ហោះ អមជាមួយរូបភាពអនុស្សាវរីយ៍ច្រើនរាប់មិនអស់ បានធ្វើឲ្យ ឯកឧត្ដម នឹកដល់ការចងចាំមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលនាំឲ្យបានស្គាល់គ្នា ធ្វើការ និងរៀនសូត្រពីគ្នាទៅវិញទៅមក គួបផ្សំនឹងភាពសប្បាយ ក៏ដូចជាការតស៊ូជម្នះការលំបាកជាមួយគ្នា ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នានា។ រូបភាពទាំងអស់ គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃកាត់ថ្លៃពុំបានដែលស្ដែងឲ្យឃើញពីមិត្តភាព និងការចងចាំល្អៗ មិនអាចបំភ្លេចបាន។ ឯកឧត្ដម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីចិត្តចំពោះការរាប់អានដ៏ស្ម័គ្រស្មោះនេះ។ ឆ្លើយតបនឹងទំនួលខុសត្រូវនេះដែរ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសក្ដិសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន។ ក្នុងន័យនេះ ឯកឧត្ដម ប្ដេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឲ្យបាននូវផែនការដែលបានដាក់ចេញ ហើយ ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីក្រសួងមុខងារសាធារណៈ នឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។
ឯកឧត្ដមសរសេរបញ្ជាក់ថា ក្នុងតួនាទីជា ឧបនាយករដ្ឋមន្ត្រី មិនគ្រាន់តែជាតំណែង ឬ ឋានៈប៉ុណ្ណោះទេ តែលើសពីនោះ គឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឲ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគត នៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
សូមជម្រាបថា ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបាន សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្នើសុំទៅ រដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដំឡើងជា ឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្ន។ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសមាជិក-សមាជិកា រដ្ឋសភា ចំនួន ១២០ រូប បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហើយនៅថ្ងៃដដែលនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផងដែរ៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត