ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ស្នើកម្លាំងបង្កើនការ យកចិត្តទុកដាក់បង្ការ ទប់ស្កាត់អគ្គីភ័យឱ្យមានប្រសិទ្ធភាព
ថ្លែងក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រឹកទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអភិបាលរងខេត្តសៀមរាប បានស្នើកម្លាំងជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់លើវិធានការការពារ បង្ការ ទប់ស្កាត់ និងពន្លត់អគ្គីភ័យ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
នៅព្រឹកទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ ដែលប្រារព្ធធ្វើនៅបរិវេណមុខសាលាខេត្តសៀមរាប ដោយមានការចូលរួមពីអស់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋ។ តាមរបាយការណ៍របស់ឧត្តមសេនីយ័ត្រ ឌុត ខុន ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ គឺគ្រោះថ្នាក់អគ្គីភ័យ ក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៥៣លើក ឆេះផ្ទះអស់៣១ខ្នង និងស្លាប់មនុស្សម្នាក់ របួសស្រាល ៤នាក់ ដោយប្រើប្រាស់ទឹកអស់ ១០៧រថយន្ត និង បំពង់ពន្លត់អគ្គីភ័យ ១២បំពង់ ដែលករណីអគ្គីភ័យនៅតាមបណ្តាក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចាត់ទុកទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការគិតគូរអំពីសុខុមាលភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងនាមលោកអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលរងខេត្តរូបនេះ បានផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ ឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ។ ត្រូវចាត់តាំងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា ហើយត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ និងផ្សព្វ ផ្សាយជាសាធារណៈលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ។
លោកអភិបាលរង ក៏បានណែនាំឱ្យរៀបចំការហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឱ្យបានជាប់ជាប្រចាំ ខណៈនៅគ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង។ នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឱ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ហើយត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឱ្យអស់លទ្ធភាព ជាពិសេសមន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ។
លើសពីនេះ លោកអភិបាលរង បានស្នើដល់កម្លាំងជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងវាយតម្លៃអំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឱ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ក្នុងនោះ ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រីកពង្រាយតភ្ជាប់បំពង់ទុយោទឹកមេ នៅតាមផ្លូវសំខាន់ៗក្នុងក្រុង ក៏ដូចតាមបណ្តាស្រុក ក៏ត្រូវកំណត់ទីប្រភពទឹកក្នុងពេលរថយន្តពន្លត់អគ្គីភ័យ ចុះជួយធ្វើអន្តរាគមន៍នៅពេលមានហេតុការណ៍កើតឡើងឱ្យបានទាន់វេលាផងដែរ៕
អត្ថបទ៖ គឿន វេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់