Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា បន្ទន់ឥរិយាបថមួយកាំទៀត បញ្ជូនមន្ត្រីជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ អាស៊ាន នៅឡាវ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) នៅប្រទេសឡាវ ហើយនេះក៏ជាសញ្ញានៃការបន្ទន់ឥរិយាបថមួយកាំទៀតរបស់របបសឹកក្នុងការសហការជាមួយប្លុកក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី៥ ខែមីនានេះ ។

លោក Zaw Naing Win

ស្របពេលជាមួយគ្នានេះ យោងតាមប្រភពការទូតបានឲ្យដឹងថា តំណាងមីយ៉ាន់ម៉ាដែលបានហោះមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) នៅក្នុងទីក្រុងហ្លួងព្រះបាងនៅថ្ងៃអង្គារនេះគឺមានឈ្មោះ Zaw Naing Win លោកជាអគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិរបស់ក្រសួងការពារជាតិមីយ៉ាន់ម៉ា ។

របបសឹកមីយ៉ាន់ម៉ាដែលឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ចាប់តាំងពីប្លុកមួយនេះបានឯកភាពនៅពេលនោះថា រាល់កិច្ចប្រជុំពាក់ព័ន្ធទាំងអស់អនុញ្ញាតឲ្យមានតែអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីប្រទេសនេះចូលរួមប៉ុណ្ណោះ ។

លោកស្រី Marlar Than Htike

ទោះយ៉ាងណា នេះ​ជា​លើក​ទី​ ២ ហើយ​សម្រាប់​មីយ៉ាន់ម៉ា​ដែល​បានបញ្ជូនមន្ត្រីជាន់ខ្ពស់ឲ្យអញ្ជើញមក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​អាស៊ាន​ទាំង​ ១០ ប្រទេស ខណៈកាលពីលើកដំបូងនោះ រដ្ឋាភិបាលយោធាបានបន្ទន់ឥរិយាបថបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបគឺលោកស្រី Marlar Than Htike ជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស ហោះមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្លួងព្រះបាងកាលពីចុងខែមករាកន្លងទៅ ហើយលោកស្រីក៏បានពេញចិត្តពេញថ្លើមនូវគំនិតផ្តួចផ្តើមរបស់ប្រទេសថៃក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិលដែលកំពុងរត់ភៀសខ្លួន ដោយសារតែភ្លើងសង្គ្រាមស៊ីវិលនៅតែបន្តឆេះរោលរាលក្នុងប្រទេស ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិថៃ លោក Sutin Klungsang បានប្រាប់សារព័ត៌មាន Kyodo ថា វត្តមានចូលរួមរបស់មន្ត្រីយោធាមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនាពេលនេះ គឺនឹងផ្ដល់ផលប្រយោជន៍ក្រាស់ក្រែលទាំងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ ។

គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមីនាក្នុងទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមមូលបទ “អាស៊ានរួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់” ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អូស្ត្រាលី ផ្ដល់កញ្ចប់ជំនួយជិត ៤២ លានដុល្លារអាមេរិកឲ្យ អាស៊ាន ដើម្បី គាំទ្រដល់សន្តិសុខដែនសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម