Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី គួរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយ:ការបង្កើតផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែប

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់នាយករដ្ឋមន្រ្តីសិង្ហបុរីថា កម្ពុជា និងសិង្ហបុរី គួរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយ:ការបង្កើតផលិតផលទេសចរណ៍ ឲ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី សៀន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤នេះ។​

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី ១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យ​នយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។

ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និងបានឯកភាពជំរុញឲ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី ២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ។

នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឲ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឲ្យមានគំនិតផ្តួចផ្តើម និងផែនការសកម្មភាពជាក់លាក់។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីសិង្ហបុរី ថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់បណ្តាញអគ្គីសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។

ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូននាយករដ្ឋមន្ត្រីសិង្ហបុរីថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការ នៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្រ្តីសិង្ហបុរី បន្តថា ប្រទេសទាំងពីរ គួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម