ព័ត៌មានជាតិ
ចាប់ផ្ដើមដំណើរការកែសន្លឹកកិច្ចការបេក្ខជន ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣
បន្ទាប់ពីបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដោយជោគជ័យមក, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសោសៀលទ្វារតម្កល់ឯកសារសន្លឹកកិច្ចការរបស់បេក្ខជន ដើម្បីចាប់ផ្ដើមដំណើរការកែសន្លឹកកិច្ចការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នទាំង ៣នោះ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយពិធីនេះធ្វើឡើងនៅមណ្ឌលកំណែ នៃសាលាភូមិន្ទរដ្ឋបាល។
បន្ទាប់ពីបើកសោសៀលទ្វារតម្កល់ឯកសារសន្លឹកកិច្ចការរបស់បេក្ខជនហើយ, ឯកឧត្ដម ហ៊ុន ម៉ានី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានបន្តត្រួតពិនិត្យការកាត់ក្បាលសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្រសួង-ស្ថាប័នចំនួន ៣ទាំងនោះ មុននឹងបញ្ជូនឲ្យអ្នកកំណែកិច្ចការ។
សន្លឹកកិច្ចការរបស់បេក្ខជន ដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្រសួង-ស្ថាប័នទាំង ៣នោះ ត្រូវបានចាប់ផ្ដើមធ្វើកំណែ ចាប់ពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤នេះ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១សប្ដាហ៍។
សូមជម្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័នទាំង ៣នោះ រួមមាន៖ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៥ ខែមីនា ថា រយៈពេល ៣ថ្ងៃ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៣ ក្រសួង-ស្ថាប័ន បានបញ្ចប់ទៅប្រកបដោយក្តីមោទនៈ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងគោរពតាមគោលការណ៍ដូចការគ្រោងទុក។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់លើសពីដំណើរការ និងបច្ចេកទេសនៃការប្រឡង តាមការសង្កេតជាប្រចាំ គឺឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ៗរូប នៃក្រសួងមុខងារសាធារណៈ រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ទាំងនេះ គឺជាការចូលរួមប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឲ្យក្លាយជាការពិត ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ពោល គឺកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល»៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ