Connect with us

ព័ត៌មានជាតិ

ទូតរុស្ស៊ីសង្ឃឹម សៀវភៅ «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី» នឹងក្លាយជាឯកសារសំខាន់ដល់អ្នកជំនាន់ក្រោយ

បានផុស

នៅ

លោក អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) អគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជាបាន​វាយ​តម្លៃ​ខ្ពស់និង​គាំ​ទ្រ​យ៉ាង​​មុត​មាំ​ចំពោះ​គម្រោង​មាតិកា​ស្តីពី​ការ​រៀប​ចំ​ចង​ក្រង​សៀវភៅ​ «ទំនាក់ទំនង កម្ពុជា-រុស្ស៊ី៖ អតីតកាល បច្ចុប្បន្ន និង អនាគត» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​រាជ​បណ្ឌិត្យ​សភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជាមួយ​លោក​​បណ្ឌិត គិន​ ភា ប្រធានវិទ្យាស្ថាន​ទំនាក់ ទំនង​អន្តរជាតិ នៃ​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ​នា​រសៀល​ថ្ងៃទី​០៥ ខែ​មីនា ម្សិល​មិញ​នេះ លោក អាណាតូលី បូរ៉ូវិក បាន​​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។ មិន​តែ​ប៉ុណ្ណោះ លោក​បានប្រកាស​​គាំទ្រ​យ៉ាងមុតមាំចំពោះ​គម្រោងសរសេរសៀវភៅនេះ ព្រមទាំងបានចែករំលែកទស្សនៈ​សំខាន់ៗជុំវិញទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ក្នុងឋានៈជាអ្នកការទូត។

លោកក៏​សង្ឃឹម​យ៉ាង​មុតមាំ​ដែរ​ថា សៀវភៅស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖អតីតកាល បច្ចុប្បន្ន និង អនាគត» ដែល​ផ្តើម​​ដោយ​រាជ​បណ្ឌិត​សភា​នេះ​ នឹង​ក្លាយ​ជាឯកសារដ៏មានសារៈសំខាន់​សម្រាប់អ្នក​សិក្សាស្រាវជ្រាវ និង​អ្នកការទូត ដែល​មានបំណង​សិក្សាស្វែងយល់អំពី​សច្ចភាពប្រវត្តិសាស្ត្រនៃ​ទំនាក់ទំនងជា​ប្រពៃណី​យូរអង្វែងរវាងប្រទេសទាំងពីរ ដែល​ឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នានិងភាពស្មោះត្រង់។

លោក​បណ្ឌិត គិន ភា បានអះអាង​ថា សៀវភៅស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖អតីតកាល បច្ចុប្បន្ន និង អនាគត» បានពិភាក្សាគ្នាជាមួយវិទ្យាស្ថានសិក្សាចិននិងអាស៊ីសហសម័យ​នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដែលជាដៃគូសហការ នាពេលកន្លងមក​ ហើយ​គ្រោង​បញ្ចប់ឲ្យ​បាន​មុនខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងរុស្ស៊ីនាឆ្នាំ​២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម