Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ព្រមានក្រុមហាម៉ាសឲ្យទទួលយកបទឈប់បាញ់នៅថ្ងៃបុណ្យ រ៉ាម៉ាដាន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានអំពាវនាវឲ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅថ្ងៃបុណ្យរ៉ាម៉ាដាន ខណៈដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានព្រមានវាយបកមកវិញថា នឹងមិនមានកិច្ចចរចាបទឈប់បាញ់ និងការដោះលែងឈ្លើយសឹកនោះទេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៦ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានព្រមានក្រុមហាម៉ាសឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សានា ជាពិសេសទាំងនៅមុន និងនៅថ្ងៃបុណ្យឥស្លាមរ៉ាម៉ាដាននាថ្ងៃទី១០ ខែមីនា ព្រោះសេចក្ដីសម្រេចគឺស្ថិតក្នុងដៃក្រុមហាម៉ាសនេះឯង ។ លោកថា ត្រូវតែមានបទឈប់បាញ់ ហើយថែមទាំងបានជំរុញឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យប្រជាជនមូស្លីមចូលគោរពបូជានៅបរិវេណវិហារឥស្លាម Al-Aqsa ក្នុងក្រុង Jerusalem ក្នុងអំឡុងខែបុណ្យដ៏ពិសិដ្ឋនេះ ។

ជាការឆ្លើយតប ភាគីខាងអ៊ីស្រាអែលហាក់បន្ទន់ឥរិយាបថបន្តិច ពោលប្រកាសនឹងអនុញ្ញាតឲ្យអ្នកគោរពបូជាមូស្លីមចូលទៅកាន់វិហារ Al-Aqsa ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដានក្នុងចំនួនប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗផងដែរ ។

ចំណែកនៅទីក្រុងគែរប្រទេសអេហ្ស៊ីប បេសកជនអាមេរិក និងក្រុមហាម៉ាសកំពុងជួបអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ក្នុងការចរចារដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ក៏ដូចជាការដោះលែងឈ្លើយសឹក មុនពេលបុណ្យរ៉ាម៉ាដាន ផ្តើមនៅថ្ងៃទី១០ ឬទី ១១ ខែមីនានេះ ។

ចំណែកឯភាគីនានាក្នុងប្រទេសអេហ្ស៊ីប ដោយមិនរាប់បញ្ចូលអ៊ីស្រាអែល រហូតមកដល់ពេលនេះក៏បានពិភាក្សាអំពីផែនការសម្រាប់បទឈប់បាញ់រយៈពេល ៦ សប្តាហ៍ រួមទាំងការដោះដូរចំណាប់ខ្មាំងរាប់សិបនាក់ និងការបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ ។

គួរបញ្ជាក់ថា មិនត្រឹមតែបញ្ហាសង្គ្រាមនោះទេ បញ្ហាគ្រោះទុរ្ភិក្សក៏កំពុងគំរាមកំហែងដល់តំបន់ហ្គាហ្សាយ៉ាងធ្ងន់ធ្ងរផងដែរ ជាហេតុនាំឲ្យយន្តហោះអាមេរិក និងហ្ស៊កដានីទម្លាក់ជំនួយស្បៀងអាហារម្តងទៀតចូលទៅក្នុងទឹកដីដែលមានប្រជាជនរស់ចំនួន ២.៤ លាននាក់មួយនេះ ខណៈកាលពីថ្ងៃអង្គារកន្លងទៅ យន្តហោះអាមេរិកបានទម្លាក់អាហារជាង ៣៦,០០០ កញ្ចប់ចូលទៅតំបន់ហ្គាហ្សាក្នុងប្រតិបត្តិការរួមគ្នាជាមួយអេហ្ស៊ីប និងបារាំង ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម