សុខភាព
វ៉ត-ម្រុំខ្មែរធម្មជាតិ លើកកម្ពស់ការថែទាំសុខភាពតាមរយៈអាហារបំប៉នសុខភាពបែបសរីរាង្គ ផលិតចេញពីរុក្ខជាតិម្រុំ
អាជីវកម្មលើកកម្ពស់ផ្នែកសុខភាព វ៉ត-ម្រុំខ្មែរធម្មជាតិ (WoT-Natural Khmer Moringa) កំពុងលើកស្ទួយសុខភាពជារៀងរាល់ថ្ងៃ ដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ស្របពេលដែលខ្លួនក៏ជួយដល់កសិករក្នុងស្រុកផងដែរ។ អាជីវកម្មដែលទទួលបានពានរង្វាន់មួយនេះ បានបង្ហាញនូវវិសាលភាពផែនការដ៏ធំ ក្នុងការពង្រីកលទ្ធភាពរបស់ខ្លួន ដើម្បីផ្តល់នូវអត្ថប្រយោជន៍សុខភាពកាន់តែច្រើន និងការងារនៅទូទាំងប្រទេស។
ពន្លកនៃដំណើរការកកើតរបស់អាជីវកម្មក្នុងស្រុកមួយនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១១ មក នៅពេលដែលអ្នកស្រីស្ថាបនិក អ៊ុង វណ្ណា បានចាប់ផ្តើមស្រាវជ្រាវរូបមន្ត សម្រាប់ជួយព្យាបាលបញ្ហាឆ្អឹងកងខ្នងរបស់ម្តាយអ្នកស្រី ដែលបណ្តាលមកពីកង្វះកាល់ស្យូម។ ចំណុចនេះ បានជួយឱ្យអ្នកស្រីបង្កើតនូវទស្សនវិស័យក្នុងការចូលរួមលើកកម្ពស់សុខភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរជាងមុន។
ក្រុមគ្រួសារមួយនេះ ធ្លាប់បានសាកល្បងវិធីសាស្ត្រទាំងថ្នាំបុរាណ និងថ្នាំពេទ្យជាច្រើនមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលយូរអង្វែងនោះទេ។ នេះគឺរហូតដល់អ្នកស្រី វណ្ណា បានស្វែងរកឃើញ រុក្ខជាតិម្រុំ ដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាជាង ២០០០ ឆ្នាំមកហើយ ដោយសារ តែប្រសិទ្ធភាពរបស់វាក្នុងការបង្ការ និងព្យាបាលជំងឺជាង ៣០០ ប្រភេទ។ របកគំហើញនេះ ក៏ត្រូវបាន បញ្ជាក់តាមបែបវិទ្យាសាស្ត្រ ដោយអង្គការសុខភាពពិភពលោកផងដែរ។
អ្នកស្រី វណ្ណា បានចាប់ផ្តើមសាកល្បងរូបមន្តផ្សេងៗរបស់រុក្ខជាតិម្រុំ បន្ទាប់មកអ្នកស្រីក៏បានរកឃើញ និងផ្សំឡើងនូវរូបមន្តដ៏ពិសេសមួយ ដែលអាចជួយម្តាយរបស់អ្នកស្រី ឱ្យបន្តមានព្រះជន្មដល់ទៅ ៨៦ ឆ្នាំ។ លោក ថាច ថវិកា ម្ចាស់ក្រុមហ៊ុន វ៉ត-ម្រុំខ្មែរធម្មជាតិ និងជាកូនប្រុសពៅរបស់អ្នកស្រីវណ្ណា បានលើកឡើងថា៖ «ជីដូនរបស់ខ្ញុំបានឈឺរ៉ាំរ៉ៃអស់រយៈពេលជាយូរហើយ ទោះបីជាពួកយើងបានប្រើប្រាស់ថ្នាំអស់ជាច្រើនមុខដើម្បីព្យាបាលជំងឺរបស់គាត់យ៉ាងណាក៏ដោយ រហូតដល់ពួកយើងបានស្វែងរកឃើញម្រុំ ដែលវាប្រៀបបានដូចជាថ្នាំទិព្វមួយ»។
លោក ថវិកា បច្ចុប្បន្នបានបន្តគ្រប់គ្រងអាជីវកម្មមួយនេះពីម្តាយរបស់ខ្លួន ក្រោយពីលោកបានចំណាយពេលប៉ុន្មានឆ្នាំកន្លងមក ដើម្បីបណ្តុះជំនាញរបស់ខ្លួននៅក្នុងវិស័យផ្សេងៗ រួមមានសិល្បៈ ការងារស្ម័គ្រចិត្ត ក៏ដូចអ្នកបច្ចេកទេសខាងសំឡេងផងដែរ។ លោកបានប្តេជ្ញាចិត្តថា នឹងកសាងកេរដំណែលរបស់ម្តាយលោក តាមរយៈការកែលម្អ និងអភិវឌ្ឍផលិតផល ដើម្បីលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកឡើងថា៖ «ខ្ញុំប្តេជ្ញាចិត្តថានឹងអភិវឌ្ឍចាប់ផ្ដើមពីលំហូរការងារឱ្យកាន់តែប្រសើរឡើង និងធ្វើទំនើបកម្មប្រព័ន្ធ ដើម្បីបង្កើនផលិតភាព និងការរីកចម្រើននៃអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុន និងដៃគូសហការជាមួយយើង»។
លោកក៏បន្ថែមទៀតថា៖ «ម្តាយរបស់ខ្ញុំចង់បង្កើតក្រុមហ៊ុនមួយនេះ ដោយសារតែគាត់មើលឃើញនូវអត្ថប្រយោជន៍ផ្នែកឪសថនៃរុក្ខជាតិម្រុំ បូកផ្សំនឹងជំនាញថ្នាំបុរាណរបស់គាត់ ដែលគាត់បានដុះខាត់ជាច្រើនឆ្នាំ មុនពេលដែលគាត់ចែកឋានទៅ។ ខ្ញុំពិតជាមានបំណងធ្វើឱ្យទស្សនវិស័យរបស់គាត់ ក្លាយជាការពិត»។
លោកថវិកា បានបន្ដទៀតថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់មូលនិធិដល់ការបើកដំណើរការ នាយកដ្ឋានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីខិតខំប្រឹងប្រែងស្វែងរកផលិតផលថ្មីៗ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់សុខភាពរបស់អតិថិជន»។
លោកថវិកាបាននិយាយថា៖ «យើងបានបើកដំណើរការក្រុមហ៊ុនអាហារបំប៉ន វ៉ត-ម្រុំខ្មែរធម្មជាតិ ក្នុងគោលបំណងជួយដល់អ្នកដែលជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ ស្រដៀងនឹងករណីជីដូនរបស់ខ្ញុំដែរ ដើម្បីឱ្យប្រាកដថាពួកគេអាចរស់នៅប្រកបដោយសុខភាពល្អ និងបានយូរអង្វែង»។ លោកក៏បានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ផ្នែកបរិស្ថានផងដែរ ដែលទទួលបានពីដើមរុក្ខជាតិម្រុំ ដែលជួយកាត់បន្ថយឧស្ម័នកាបូនពីបរិយាកាស ២០ ដងច្រើនជាងធម្មតា។
លោកថវិកាបានបន្ថែមថា៖ «នេះមានន័យថា រុក្ខជាតិម្រុំផ្តល់នូវអត្ថប្រយោជន៍ដល់មនុស្ស និងបរិស្ថានទាំងមូល។ តាមរយៈការស្វែងរកប្រភពនៃរុក្ខជាតិម្រុំ និងគ្រឿងផ្សំផ្សេងទៀតពីកសិករក្នុងស្រុក យើងក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងសហគមន៍មួយផ្នែកផងដែរ»។
ម្រុំ ជារុក្ខជាតិម្យ៉ាងដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌាផ្នែកខាងជើង ហើយត្រូវបានគេបង្ហាញតាមបែបវិទ្យាសាស្ត្រថា អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាគឺជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែជាច្រើន រួមទាំងប្រូតេអ៊ីន; វីតាមីន A, B6 និង C; ជាតិដែក និងម៉ាញ៉េស្យូម។ វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយកាត់បន្ថយការឡើងសម្ពាធឈាមខ្ពស់ និងជំងឺរលាកឆ្លង (Inflammation) ព្រមទាំងជួយបញ្ចុះកូឡេស្តេរ៉ុល (cholesterol) ផងដែរ។
ចាប់តាំងពីការបើកដំណើរការរបស់ក្រុមហ៊ុនអាហារបំប៉ន វ៉ត-ម្រុំខ្មែរធម្មជាតិ ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុនបានចូលរួមលើកកម្ពស់ការថែរក្សាសុខភាពតាមបែបធម្មជាតិ ដែលផ្ដល់ដល់មនុស្សយ៉ាងហោចណាស់ជាង ៣០,០០០ នាក់ នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ វ៉ត-ម្រុំខ្មែរធម្មជាតិ ក៏បានបង្កើតផលិតផលចំនួន ១០មុខ ផ្សេងៗគ្នា ក្រោមទម្រង់ជាម្សៅ គ្រាប់ និងប្រេង ស្របពេលដែលខ្លួនក៏បានបង្កើតដៃគូសហការចំនួន ១០៩ នៅតាមបណ្តាខេត្ត និង ៤៤ នៅរាជធានីភ្នំពេញ។ ដោយធានានូវផលិតផលអាហារបំប៉នបែបសរីរាង្គធម្មជាតិ និងផលិតក្នុងស្រុក ដោយប្រើគ្រឿងផ្សំក្នុងស្រុក វ៉ត-ម្រុំខ្មែរធម្មជាតិ គឺជាអាជីវកម្មគ្រួសារមួយដែលផលិតនូវផលិតផលនៅក្នុងស្រុកពិតប្រាកដ ដែលជួយគាំទ្រកសិករ និងផលិតករកម្ពុជា។
លោកថវិកា បាននិយាយថា៖ «យើងមើលឃើញខ្លួនយើងជាអាជីវកម្មសង្គម។ យើងឱ្យតម្លៃមនុស្ស លើសពីប្រាក់ចំណេញ ហើយមិនត្រឹមតែមានមោទនភាពចំពោះខ្លួនយើងក្នុងការជួយឱ្យប្រជាជន កម្ពុជាមានសុខភាពល្អប៉ុណ្ណោះទេ យើងពិតជាមានមោទនភាពជាខ្លាំងក្នុងការជួយដល់ជីវភាព សហគមន៍កសិកម្មរបស់ប្រទេសយើងផងដែរ»។
លើសពីនេះ វ៉ត-ម្រុំខ្មែរធម្មជាតិ មានគម្រោងរៀបចំមានការផ្សាយឡើងវិញនូវកម្មវិធីវិទ្យុរបស់ខ្លួន ដែលផ្តល់នូវខ្លឹមសារអប់រំអំពីសុខុមាលភាព និងអត្ថប្រយោជន៍របស់រុក្ខជាតិម្រុំ ក៏ជាវេទិកាដែលសាធារណជនអាចទូរស័ព្ទមកពិភាក្សាអំពីបញ្ហាសុខភាពរបស់ពួកគេ។ ទន្ទឹមនឹងនេះ វ៉ត-ម្រុំខ្មែរធម្មជាតិ ក៏អនុវត្តការប្រឹក្សាសុខភាពដោយឥតគិតថ្លៃនៅក្នុងសហគមន៍ជនបទផងដែរ។
ភាពជោគជ័យដ៏ត្រចះត្រចង់របស់អាហារបំប៉ន វ៉ត-ម្រុំខ្មែរធម្មជាតិ បានទាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការនៃកម្មវិធី Lafiya Innovators ២០២៣ នាពេលថ្មីៗនេះ នៅក្នុងថ្ងៃប្រកួតប្រជែង ដើម្បីក្លាយជាជ័យលាភីនៃកម្មវិធីបណ្តុះសុខភាព។ វ៉ត-ម្រុំខ្មែរធម្មជាតិ បានទទួលនូវប្រាក់រង្វាន់ចំនួន ១០,០០០ ហ្វ្រង់ស្វីស (ប្រហែល ១១,០០០ ដុល្លារ) ដើម្បីចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងពង្រីកខ្លួនចូលទៅក្នុងទីផ្សារថ្មី។ នៅឆ្នាំ ២០២៥ វ៉ត-ម្រុំខ្មែរធម្មជាតិ មានគោលបំណងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនរហូតដល់ចំនួន ១៣%។ កំណើននេះនឹងសម្រេចបានដោយសារការកើនឡើងដ៏ផុសផុលនៃចំនួនអតិថិជនគោលដៅ ដែលចាប់ផ្ដើមគិតគូរពីសុខភាពរបស់ខ្លួន។
កម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចបង្កើតថ្មីរយៈពេល ៦ខែ ដឹកនាំដោយ Impact Hub Phnom Penh គាំទ្រ និងពន្លឿនធុរកិច្ចបង្កើតថ្មីដំបូងដែលផ្តោតលើបញ្ហាទាក់ទងនឹងសុខភាព។ លើសពីនេះ កម្មវិធីផ្តោតលើការពង្រឹងប្រព័ន្ធអេកូឡូស៊ីសុខភាពក្នុងស្រុក និងសមត្ថភាពសហគ្រិនផ្នែកសុខភាព ដោយការចូលរួមទៅក្នុងសហគមន៍ដ៏រឹងមាំនៃអ្នកពាក់ព័ន្ធទាំងឡាយ។
លោកថវិកាបាននិយាយថា៖ «ជាមួយនឹងសមិទ្ធផលដែលយើងសម្រេចបានជាច្រើន ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១១ នេះគ្រាន់តែជាការចាប់ផ្តើមនៃសាច់រឿងរបស់យើងប៉ុណ្ណោះ។ យើងចង់ពង្រីកវិសាលភាពរបស់ វ៉ត-ម្រុំខ្មែរធម្មជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍សុខភាព ស្របពេលដែលយើងក៏ជួយលើកស្ទួយជីវភាពរបស់កសិករកម្ពុជាកាន់តែច្រើនផងដែរ»។
លោកថវិកាបាននិយាយបន្ថែមថា៖ «ដំណើររហូតមកដល់ពេលនេះ បានបង្រៀនខ្លួនលោកនូវគោលការណ៍ដែលបានជួយខ្លួនឯង ក្រុមហ៊ុន និងបុគ្គលិករបស់ខ្លួនឱ្យរីកចម្រើនជាមួយគ្នា។ ការចង់ដឹងចង់ឃើញគឺសំខាន់។ ខ្ញុំតែងតែចង់រៀនអ្វីដែលថ្មី ហើយរុក្ខជាតិម្រុំ បន្តធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល នៅពេលដែលខ្ញុំស្រាវជ្រាវអំពីវាកាន់តែច្រើន។ ការស្រេកឃ្លានក្នុងការទទួលបានចំណេះដឹង និងប្រាជ្ញាបន្ថែម ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ខ្ញុំ និងមនុស្សជុំវិញខ្លួនខ្ញុំ មិនដែលបញ្ឈប់នោះឡើយ»។
លើសពីនេះ លោកជឿថា ការស្តាប់ និងការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ គឺជាជំនាញដែលជាគន្លឹះក្នុងការដំណើរការអាជីវកម្មឱ្យជោគជ័យ និងធានាឱ្យមនុស្សនៅជុំវិញខ្លួន រីកចម្រើនជាមួយគ្នា។ លោកបញ្ជាក់ទៀតថា៖ «ជារៀងរាល់ថ្ងៃនៅ វ៉ត-ម្រុំខ្មែរធម្មជាតិ យើងរីកចម្រើនជាបុគ្គល ជាក្រុម និងជាក្រុមហ៊ុន។ ហើយយើងរួមគ្នាខិតខំបញ្ជូនភាពវិជ្ជមាននេះ ទៅកាន់អតិថិជនរបស់យើងបន្ដទៀត»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ