វប្បធម៌ ជំនឿ
សមាគមភាពយន្ត ស្នើប្រជាពលរដ្ឋរក្សាសេចក្តីថ្លៃថ្នូរ ជាប្រជាជាតិមានអរិយធម៌ខ្ពង់ខ្ពស់
សមាគមផលិតករភាពយន្តខ្មែរ ស្នើប្រជាពលរដ្ឋរក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់។ ជាមួយគ្នានេះ សមាគម ក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/429554809_793809096112235_3449181497721349286_n-1024x576.jpg)
តាមរយៈ សេចក្តីថ្លែងការណ៍ ចេញនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ សមាគមផលិតករភាពយន្តខ្មែរ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម លើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ ទៅវិញទៅមក ពិសេសលើករណីភាពយន្ត រឿង ម៉ែក្រឡាភ្លើង របស់ផលិតកម្ម សាស្ត្រា ហ្វៀម។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/431163286_7980379575323949_3733260317392235459_n-523x1024.jpg)
ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការរបស់អ្នកលេងបណ្តាញសង្គមថៃ លើភាពយន្តរបស់កម្ពុជា រឿង ម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គមថៃ ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/430477126_973072100851825_6001084328997302494_n-970x1024.jpg)
ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាន និងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌឺដង ញុះញង់ ឱ្យប្រជាពលរដ្ឋកម្ពុជាមានការរើសអើងចំពោះភាពយន្តថៃ និង ឌឺដង ញុះញង់ឱ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្តកម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឱ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេសភូមិផងរបងជាមួយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/429557683_793817349444743_4851300770138237417_n-1024x576.jpg)
សមាគម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។ ជាមួយគ្នានេះ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/429569430_793817322778079_3121345733771732655_n-1024x576.jpg)
សមាគមផលិតករភាពយន្តខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់ស្រលាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំដល់ផលិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹង និងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារភាពយន្តនៅក្រៅប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/429591355_793817022778109_474902363908766512_n-1024x768.jpg)
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំពិភាក្សាមួយដើម្បីស្វែងរកដំណើស្រាយស្តីពី បញ្ហាប្រតិកម្មរបស់មហាជនលើបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តខ្មែរនៅប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតី លោក ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នៅក្នុងកិច្ចប្រជុំខាងលើនេះមានការចូលរួមពីសមាគមន៍ភាពយន្ត ផលិតកម្ម រោងបញ្ចាំងភាពយន្ត ក្រុមហ៊ុនចែកចាយ និងផលិតករឯករាជ្យ ជាច្រើនរូបទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/03/430766052_383097587769220_482004662915930589_n-705x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/03/430102355_383097597769219_4363976768504200391_n-720x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង