ព័ត៌មានអន្ដរជាតិ
អង្គការ ណាតូ ស្វាគមន៍សមាជិកថ្មីសន្លាងទី ៣២
ទីបំផុតស៊ុយអែតបានក្លាយជាសមាជិកអង្គការណាតូជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសង្គ្រាមលុកលុយពេញទីរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានអូសដៃឲ្យប្រទេសនេះគិតហើយគិតទៀតនូវគោលនយោបាយការពារជាតិ និងបោះបង់ចោលជំហរអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី៧ ខែមីនា ។
នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានហុចឯកសារស្នើសុំចូលជាសមាជិកផ្លូវការដល់ក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជាជំហានសម្រេចចុងក្រោយបង្អស់នៃដំណើរការឈ្មុសឈ្មុលអស់រយៈពេលជាច្រើនខែដើម្បីទទួលបានការយល់ព្រមពីសមាជិកទាំងអស់ក្នុងការអនុញ្ញាតឲ្យប្រទេសរបស់លោកក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធភាពយោធាមួយនេះ ។
ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីស៊ុយអែតដែលជាសមាជិកថ្មីសន្លាងទី ៣២ របស់អង្គការណាតូ, លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងថា “រឿងល្អដែលអ្នកទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ បានមកដល់ហើយ ។ អ្វីគ្រប់យ៉ាងបានប្រែប្រួល ក្រោយការលុកលុយពេញទីរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយសាធារណៈមតិពិតជាចង់ឃើញស៊ុយអែតចូលរួមក្នុងអង្គការណាតូ” ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានហៅការចូលរួមជាមួយអង្គការណាតូនាពេលនេះថាជា “ជ័យជម្នះសម្រាប់សេរីភាព” ។ លោកបានបន្ថែមថា ប្រទេសរបស់លោកបានបង្កើតជម្រើស “សេរី ប្រជាធិបតេយ្យ អធិបតេយ្យភាព និងឯកភាព” ទើបសម្រេចបាននៃការចូលរួមមួយនេះ ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសស៊ុយអែតបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពី ២ ឆ្នាំមុន ពោលបន្ទាប់ពីរុស្ស៊ីប្រកាសលើកទ័ពចូលច្បាំងទៅលើអ៊ុយក្រែន ។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តទាំងប៉ុន្មានក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះក៏ត្រូវឆ្លងកាត់តាមរយៈការទូតមួយចំនួននៃប្រទេសជាសមាជិកផ្សេងទៀតផងដែរ ។
ដំបូងឡើយ តួកគីបានជំទាស់នឹងគោលបំណងនេះ ដោយលើកហេតុថា ស៊ុយអែតគាំទ្រដល់ក្រុមឃឺដដែលគេចាត់ទុកថាជា “ភេរវករ” ខណៈហុងគ្រីដែលមានទំនាក់ទំនងល្អគួរសមជាមួយរុស្ស៊ីក៏បានប្រឆាំងមិនឲ្យចួលរួមនោះដែរ ។ យ៉ាងណា ហុងគ្រីបានក្លាយជាប្រទេសចុងក្រោយដែលយល់ព្រមអនុម័តកិច្ចព្រមព្រៀងនេះ បន្ទាប់ពីឈានដល់ការឯកភាពគ្នាពាក់ព័ន្ធយន្តហោះចម្បាំងស៊ុយអែត ។
ទន្ទឹមនោះ មន្ត្រីអង្គការណាតូនឹងឃើញទង់ជាតិស៊ុយអែតបង្ហូតឡើងនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេក្នុងទីក្រុងប្រុចស៊ែលប្រទេសប៊ែលហ្សិកនាថ្ងៃចន្ទសប្ដាហ៍ក្រោយ ខណៈលោកអគ្គលេខាធិការ Jens Stoltenberg បាននិយាយថា ការចូលជាសមាជិកមួយនេះនឹងទាញឲ្យស៊ុយអែត “មានសុវត្ថិភាព” ហើយសម្ព័ន្ធភាព “ក៏កាន់តែមានសុវត្ថិភាព” ដូចគ្នា ។
គួរបញ្ជាក់ថា ស៊ុយអែតបានក្លាយជាសមាជិកទី ៣២ របស់អង្គការណាតូ បន្ទាប់ពីប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ក៏បានចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះជាផ្លូវការផងដែរនៅក្នុងខែមេសា ឆ្នាំ ២០២៣ ដោយធ្វើឲ្យព្រំដែនរបស់អង្គការណាតូជាមួយរុស្ស៊ីកើនឡើងទ្វេដង ហើយក៏កំពុងទាញឲ្យលោក Putin ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងផងដែរ បន្ទាប់ពីលោកព្យាយាមរារាំងមិនឲ្យសម្ព័ន្ធមួយនេះពង្រីកខ្លួនមកកៀករុស្ស៊ី ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើស្រីៗនៅ អ៊ុយក្រែន មានសិទ្ធិឈប់សម្រាកក្នុងថ្ងៃ ៨ មីនា ដូចប្រទេសមានសុខសន្តិភាពផ្សេងទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា