កីឡា
ម្ចាស់មេដាយមាសចម្ងាយ១០គីឡូម៉ែត្រ យ៉ាន់ សុជី មានសារដ៏សំខាន់ទិវា៨មីនា
កីឡាការិនីរត់ចម្ងាយ យ៉ាន់ សុជី ទទួលបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ប្រណាំដើម្បីស្ត្រី នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅឧទ្យានមុខវត្តបទុមវតីក្នុងរាជធានីភ្នំពេញ។

ការសម្រេចលទ្ធផលដ៏អស្ចារ្យនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែកើតចេញពីក្តីស្រឡាញ់ ការព្យាយាម និងកំណត់គោលដៅរបស់សុភាពនារីដ៏ស្រស់ស្អាតក្នុងនាមជាពលរដ្ឋម្នាក់ដែលចូលរួមលេងកីឡា១ប្រភេទស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យ៉ាន់ សុជី បានរៀបរាប់ថា ៖«ខ្ញុំសប្បាយចិត្តដែលខ្លួនឯងធ្វើបាន ពីព្រោះមិនមែនជារឿងងាយស្រួលទេសម្រាប់ការរត់ចម្ងាយ។ ជាពិសេសការរត់ថ្ងៃនេះត្រូវឆ្លងស្ពានទៀតគឺជារឿងពិបាក ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលធ្វើបានសម្រេច។ ខ្ញុំបានចូលរួមសកម្មភាពកីឡាក្នុងនាមជាយុវជនម្នាក់ដែលលេងកីឡា១ប្រភេទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ម្ចាស់មេដាយមាសវិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រផ្នែកនារីនេះតែងតែហ្វឹកហាត់ជារៀងរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ។ យ៉ាងហោចណាស់នាងហ្វឹកហាត់១ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើថ្ងៃខ្លះមានពេលវេលាច្រើនហ្វឹកហាត់ចាប់ពី១ម៉ោងកន្លះទៅ២ម៉ោង។
យ៉ាន់ សុជី បានរៀបរាប់ដ៏មានន័យថា ៖«ដើមឡើយ ខ្ញុំហាត់រត់ដើម្បីសុខភាព តែឥឡូវបានយកកីឡារត់ប្រណាំងជាផ្នែកមួយនៃជីវិត។ កន្លងមកខ្ញុំធ្លាប់បានចូលរួមរត់ច្រើនកម្មវិធីដែរ ដូចជា ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ រត់ប្រណាំងនៅភ្នំបូគោ ម៉ារ៉ាតុងសៀមរាប និងកំពង់សោមជាដើម។ នេះជាលើកទី១ដែលខ្ញុំទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ១។ កន្លងមកខ្ញុំធ្លាប់បានចំណាត់ថ្នាក់លេខ២ លេខ៣ ឬក្នុងចំណោម Top 10»។
«ការរត់មិនមែនត្រឹមជាការរត់ទេ។ ការរត់គឺជាអ្វីដែលយើងកំណត់គោលដៅដើម្បីសម្រេចគោលដៅរបស់យើង។ ការរត់ពិតជាលំបាក តែនៅពេលខ្ញុំកំណត់គោលដៅហើយខ្ញុំធ្វើវាបានគឺជារឿងអស្ចារ្យបំផុតសម្រាប់ខ្ញុំ»។ យ៉ាន់ សុជី សង្កត់ធ្ងន់។

កីឡាការិនីវ័យ៣០ឆ្នាំដែលមើលទៅក្មេងជាងវ័យបានផ្តល់សារចុងក្រោយថា ៖«ថ្ងៃ៨មីនានេះ ខ្ញុំមានសារជូនបងប្អូនស្ត្រីថា ប្រសិនបើបងប្អូនយល់ថា ខ្លួនធ្វើបាន បងប្អូននឹងធ្វើបាន។ ជឿជាក់លើខ្លួនឯង ហើយធ្វើវា ទោះបីជាកីឡាអ្វីក៏ដោយឲ្យតែស្រឡាញ់»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងដើម្បីស្ត្រីថ្ងៃ៨មីនាមាន៤វិញ្ញាសាគឺចម្ងាយ១០គីឡូម៉ែត្រ (បុរស-នារី) និងចម្ងាយ៤គីឡូម៉ែត្រ (បុរស-នារៅ) បានប្រារព្ធនៅឧទ្យានមុខវត្តបទុមវតីដែលមានការចូលរួមយ៉ាងច្រើនកុះករទាំងស្ត្រី បុរស និងកុមារ។ តាមការឲ្យដឹងពីគណៈកម្មការរៀបចំថា អ្នកចូលរួមឆ្នាំ២០២៤នេះប្រមាណ២៥០០នាក់ដែលច្រើនជាងឆ្នាំមុនៗ៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់