ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ៖ ពលរដ្ឋដែលសាងសង់ផ្ទះ និងរុករានដីរដ្ឋនឹងត្រូវបណ្តេញចេញ
អាជ្ញាធរខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជាង៣០គ្រួសារដែលមកសាងសង់ផ្ទះដោយខុសច្បាប់នៅលើដីកម្មសិទ្ធរបស់រដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងត្រូវសមត្ថកិច្ចចម្រុះរុះរើខ្ទម និងផ្ទះចេញ។
លោក ណុប វុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៤នេះថា អាជ្ញាធរពាក់ព័ន្ធដែលដឹកនាំដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានបន្តចុះរុះរើខ្ទម និងផ្ទះរបស់ពលរដ្ឋដែលដើរចាប់ដីរដ្ឋនៅភូមិភ្នំម្រេចក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកបន្តថា អាជ្ញាធរខេត្តព្រះវិហារ បានចុះអនុវត្តវិធានការការពារ និងថែរក្សាការពារដីរដ្ឋដែលបានចុះបញ្ជីរួចហើយ ហើយបានធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនសិលាដាម៉ិច។ លោកបន្ថែមថា ពលរដ្ឋទាំងនោះជាជនអនាធិបតេយ្យដែលតែងតែដើរចាប់ដីខុសច្បាប់ហើយមិនមែនជាពលរដ្ឋនៅខេត្តព្រះវិហារនេះទេ យើងមានការជូនដំណឹងឲ្យគាត់រុះរើដោយខ្លួនឯង និងមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារួចហើយ។ ដូច្នេះយើងបានធ្វើការងារបែបបទរដ្ឋបាលរួចហើយទើបយើងឈានទៅដល់ការអនុវត្តការពារដីរដ្ឋដើម្បីទុកបន្សល់ឱ្យកូនចៅជំនាន់ក្រោយទៅថ្ងៃអនាគតទៀត។
លោកបញ្ជាក់ថា ការចុះអនុវត្តច្បាប់ទៅលើការសាងសង់ផ្ទះដោយអនាធិបតេយ្យរបស់ពលរដ្ឋដែលមកពីបណ្ដាស្រុកនិងខេត្តផ្សេងៗនោះ អាជ្ញាធរនឹងបន្តចុះរុះរើរហូតអស់ក្រុមដែលមករស់នៅបែបអនាធិបតេយ្យនៅលើដីរដ្ឋតទៅទៀត។
សូមរម្លឹកថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសិលាដាម៉ិច គឺសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី៩០០០ហិចតាតែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ៦ពាន់ហិចតា។ ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិអភិវឌ្ឍន៍ថ្មីទៀត។
ពលរដ្ឋលើកឡើងថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេ គឺគាត់សុំតែដីនឹងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយូរមកហើយ។ ពលរដ្ឋបន្តថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានបាញ់ និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពលរដ្ឋដាក់ឡានក្រុងអស់ប្រមាណជា៣០នាក់ ដោយអះអាងថា ពួកគាត់សាងសង់ផ្ទះនៅលើដីរដ្ឋដោយគ្មានច្បាប់ទម្លាប់។
សូមបញ្ជាក់ផងដែរថា ករណីអាជ្ញាធរឃាត់ខ្លួនពលរដ្ឋយកទៅសួរនាំនៅស្នាក់ការរដ្ឋបាលព្រៃឈើ ប្រមាណជា៣០នាក់នោះ គឺនឹងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ