ព័ត៌មានអន្ដរជាតិ
ក្រុមជាតិនិយមថៃជឿថា ផែនការចរចាតំបន់ជម្លោះសមុទ្រថៃ-កម្ពុជា នឹងកើតឡើងជាថ្មី ចំពេលគណបក្សភឿថៃ កំពុងកាន់អំណាច
រដ្ឋាភិបាលថៃបានរងការវាយប្រហារផ្នែកនយោបាយដោយអះអាងថា កោះខុត កំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលត្រូវទាមទារដោយកម្ពុជា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Khaosod របស់ថៃ ជាភាសារអង់គ្លេស កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៤ ។
យោងតាមប្រភពខាងលើបានឱ្យដឹងថា ការព្រួយបារម្ភរបស់ក្រុមជាតិនិយមថៃ ចំពោះបញ្ហាកោះខុតនេះ បានកើតឡើងក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ហើយជាងទៅទៀតនោះ សម្ដេចតេជោ ថែមទាំងបានអញ្ជើញលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាកូនស្រីពៅរបស់លោក ថាក់ស៊ីន មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៩-២០ ខែមីនា ខាងមុខនេះ។ ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោកស្រី Paetongtarn Shinawatra នេះហើយ បានបង្កើតឱ្យមានពាក្យចចាមអារ៉ាម និងការរំពឹងទុកថា កោះខុតអាចជាបន្ទះសៀគ្វីក្នុងការចរចានាពេលអនាគតជុំវិញតំបន់ជម្លោះសមុទ្ររវាងថៃ និងកម្ពុជា។
ពាក់ព័ន្ធជាមួយគ្នានេះ សារព័ត៌មាន Khaosod បានសរសេរថា ក្រុមជាតិនិយមថៃ បានយល់ឃើញថា ផែនការចរចាតំបន់ជម្លោះសមុទ្ររវាងថៃ និងកម្ពុជា ដែលធ្លាប់បានផ្ដួចផ្ដើមដោយលោក ថាក់ស៊ីន កាលនៅជានាយករដ្ឋមន្ត្រី ទំនងអាចនឹងកើតឡើងម្ដងទៀតចំពេលដែលគណបក្សភឿថៃ កំពុងកាន់អំណាច ។
យោងតាមការអត្ថាធិប្បាយរបស់សារព័ត៌មានក្នុងស្រុក (ថៃ) ជម្លោះដែនសមុទ្រទំហំ ២៦.០០០ គីឡូម៉ែត្រការ៉េ រវាងប្រទេសថៃ និងកម្ពុជា បាននៅទ្រឹងចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងឆ្នាំ ២០០១ ដោយបានយល់ព្រម “ការចរចាព្រំដែនសមុទ្រខណៈពេលដែលរួមគ្នាអភិវឌ្ឍធនធានប្រេង” ។ គេជឿថា តំបន់ជម្លោះនៅឈូងសមុទ្រថៃ អាចមានឧស្ម័នធម្មជាតិ ១១ទ្រីលានហ្វីតគូប ដែលមានតម្លៃ ៣.៥ពាន់ពាន់លានបាត (៩៨.៨១៤.២៤០.០០០ ដុល្លារ) និងប្រេង ៥០០លានបារ៉ែល ដែលមានតម្លៃ ១.៥ពាន់ពាន់លានបាត(៤២.៣៤៨.៩៦០.០០០ ដុល្លារ)។ ប្រទេសទាំងពីរអាចទទួលបានអត្ថប្រយោជន៍ពីការចែករំលែកធនធានទាំងនេះ។
លោក Somkiat Samatkarn ប្រធានសមាគមអភិរក្ស និងការពារធនធានធម្មជាតិខេត្តត្រាត និងជាទីប្រឹក្សាអភិបាលខេត្ត បានបញ្ជាក់ថា កោះខុត ជាកម្មសិទ្ធិរបស់ប្រទេសថៃទាំងស្រុង យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ លោកបន្តថា សន្ធិសញ្ញាបានចែងថា ព្រំដែនដីគោកដែលលាតសន្ធឹងទៅក្នុងសមុទ្រឆ្ពោះទៅកោះខុត គឺគ្រាន់តែចង់បង្ហាញពីចំណុចបញ្ចប់នៃព្រំដែនគោករវាងប្រទេសទាំងពីរនៅមាត់សមុទ្រ និងមិនបង្កើតជាព្រំដែនសមុទ្រត្រួតស៊ីគ្នានោះទេ ៕
ដោយ÷ ប៉ោ កុសល
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់