ព័ត៌មានជាតិ
ស្វាយកែវរមៀតនៅខេត្តបាត់ដំបងមានជាង ១ ម៉ឺនហិកតា ហើយមួយថ្ងៃនាំចេញទៅថៃជាង ១៥០ តោន
លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ទិន្នផលផ្លែស្វាយកែវរមៀតបាននាំចេញទៅប្រទេសថៃចាប់ពីន្លោះ ១៥០-២០០តោនក្នុង១ថ្ងៃៗ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញនៅតាមមូលដ្ឋានដែលបានរាយការណ៍ជាប្រចាំ។
នៅច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង ជាច្រកនាំចេញស្វាយច្រើនជាងគេទៅប្រទេសថៃ។ នេះបើតាមលោក ហេង សិទ្ទ។
ទិន្នផលផ្លែស្វាយកែវរមៀតដែលនាំចេញនេះគឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តទៅតាមតម្រូវការរបស់ក្រុមហ៊ុន ក្នុងនោះមានការប្រមូលផលតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ត្រូវឲ្យផ្លែស្វាយស្អាតល្អ ដោយក្រុមហ៊ុនប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវផង។ តែបើផ្លែស្វាយមិនមានសុខភាពល្អ ហើយប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ។ តែបើក្រុមហ៊ុនទទួលយកក៏ក្នុងតម្លៃថោកដែរ ដែលនេះជាហេតុផលដែលកសិករមួយចំនួនប្រឈមទីផ្សារបច្ចុប្បន្នដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ។
លោក ហេង សិទ្ទ បានបន្តថា ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដំណាំស្វាយកែវរមៀតសរុបចំនួន ១៦ ០៧៩ ហិកតា និងប្រមូលផលលើផ្ទៃដី ១៤ ៣៤០ ហិកតា ដោយក្នុងមួយហិកតាទទួលបានទិន្នផល ២១ តោន ៧០០ គីឡូក្រាម។
ទាក់ទងទីផ្សារស្វាយនេះដែរ មន្រ្តីកសិកម្មរូបនេះបានណែនាំថា បើកសិករជួបបញ្ហាលើទីផ្សារក៏មិនគួរបំផ្លាញដោយមិនបានក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ព្រោះដំណាំប្រភេទនេះមិនមែនធ្វើការដាំដុះរយះពេលខ្លីដូចដំណាំផ្សេងៗនោះទេ ហើយក៏មិនមែនចេះតែអត់អ្នកទិញរហូតដែរ។
ស្របតាមការលើកឡើងពីមន្ត្រីកសិកម្មខាងលើនេះ បើយោងតាមប្រភពមហាជនបានឲ្យដឹងថា កសិករដែលជាម្ចាស់ចម្ការ ហើយបានបំផ្លាញដើមស្វាយខ្លួនចោលបែបនេះ មិនមែនជាជម្រើសត្រឹមត្រូវឡើយ ហើយនឹងសោកស្តាយក្រោយ ខណះដែលខេត្តបាត់ដំបង នឹងមានរោងចក្រកែច្នៃផ្លែស្វាយដ៏ធំមួយរបស់ចិននៅក្នុងស្រុករតន:មណ្ឌល ដែលនឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរ បើតាមប្រភពពីពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុករតនៈមណ្ឌលបានប្រាប់កម្ពុជាថ្មីឲ្យដឹងបែបនេះថា “ក្រុមហ៊ុនចិនកំពុងសាងសង់រោងចក្រកែច្នៃស្វាយដ៏ធំនៅស្រុករតន:មណ្ឌល ហើយប៉ុន្មានថ្ងៃមុននេះខ្ញុំបានជូនក្រុមហ៊ុនចិនទៅមើលឃ្លាំងធំមួយ ដើម្បីជូលស្ដុកផ្លែស្វាយដែលក្រុមហ៊ុនប្រមូលទិញបានពីតាមចំការ។ អីចឹងយ៉ាងយូរ ឆ្នាំក្រោយ រោងចក្រដំណើរការស្វាយត្រូវប៉ាន់ហើយ”។
យ៉ាងណាមិញ លោក រិន ដា ជាកសិករដែលបានឈួសឆាយដំណាំស្វាយរបស់ខ្លួនចោលនៅស្រុកភ្នំព្រឹកបានឲ្យដឹងដែរ ថា ដំណាំស្វាយរបស់លោក គឺដាំអស់រយះពេលជិត ១០ ឆ្នាំហើយ។ ក្នុងរយះពេល ៣ ឆ្នាំចុងក្រោយលោកមិនបានផលពីផ្លែស្វាយឡើយ គឺបានត្រឹមតម្លៃចន្លោះពី ១០០ ដល់ ៣០០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម។
លោកបន្តថា ដំណាំជាច្រើនប្រភេទដែលលោកបានដាំ ហើយក៏បានផ្តល់សេដ្ឋកិច្ចគ្រួសារលោកបានប្រសើរដែរ។ តែចំពោះដំណាំស្វាយប៉ុន្មានឆ្នាំមកនេះគឺធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកដើរថយក្រោយទៅវិញ ទើបលោកសម្រេចបោះបង់ចោលហើយជំនួសដោយដំណាំដំឡូង និងពោតវិញ ខណះបច្ចុប្បន្នលោកមានដាំដូចជា ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន ស្វាយកែវរមៀត ចិញ្ចឹម ជ្រូក គោ មាន់ ទា ជាដើម។
លោកបន្តថា “ខ្ញុំបន្តទុកទៀតក៏វាមិនចំណេញដែរ ខាតទាំងពេលទាំងថ្លៃថ្នាំបើគិតក្នុង ១ រដូវៗអស់មិនតិចទេ វាធ្វើឲ្យសេដ្ឋកិច្ចគ្រួសារខ្ញុំដើរថយក្រោយ ចឹងទើបខ្ញុំសម្រេចឈួសចោលយកដីមកដាក់ដំណាំផ្សេងជំនួសវិញ”៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ