កីឡា
លោកគ្រូ Muñoz ថា បាល់ទាត់នឹងស្លាប់ បើគ្រប់ក្លិបសម្រេចដកខ្លួនដូចវិសាខា
គ្រូព្រះខ័នរាជស្វាយរៀង Josep Muñoz បានចាត់ទុកការដកខ្លួនរបស់ក្លិបបាល់ទាត់វិសាខាប៉ះពាល់ដល់បាល់ទាត់កម្ពុជាទាំងកីឡាករ បុគ្គលិក និងអ្នកគាំទ្រ។ ប្រសិនបើគ្រប់ក្លិបធ្វើការសម្រេចចិត្តបែបនេះ នោះបាល់ទាត់នឹងមិនអាចដើរទៅមុខបានទេ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Josep Muñoz បានលើកឡើងថា មានតែថ្នាក់ដឹកនាំវិសាខាដែលអាចពន្យល់ពីមូលហេតុនាំឲ្យពួកគេសម្រេចចិត្តដកខ្លួន។ វាទំនងមកពីកំហុសរបស់អាជ្ញាកណ្តាល ប៉ុន្តែកំហុសអាជ្ញាកណ្តាល វាមិនមែនជាហេតុផលចម្បងឈានដល់ការសម្រេចចិត្តបែបនេះ។ មែនទែនទៅ ជារៀងរាល់សប្តាហ៍ អាជ្ញាកណ្តាលបានបង្កកំហុស សូម្បីតែកីឡាករ និងគ្រូបង្វឹកក៏បង្កើតកំហុសដែរ។ ពួកគាត់ជាមនុស្សគេចមិនផុតពីកំហុសឡើយ។
លោក Josep Muñoz មានប្រសាសន៍ថា ៖«នៅចុងបញ្ចប់លីគ ខ្ញុំគិតថា គ្រប់ក្លិបទាំងអស់នឹងទទួលបានមិនលើសខ្វះគ្នាប៉ុន្មានទេពីកំហុសដែលបង្កឡើងដោយអាជ្ញាកណ្តាល។ ប្រសិនបើគ្រប់ក្លិបមានប្រតិកកម្មដកខ្លួនដូចវិសាខា បាល់ទាត់នឹងស្លាប់»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបន្តថា អ្នកដែលទទួលរងប៉ះពាល់មុនគេគឺមនុស្សរបស់ពួកគេគឺអ្នកគាំទ្រ កីឡាករ និងបុគ្គលិក។ «ខ្ញុំមិនធ្លាប់ឃើញទេក្នុងជីវិតរបស់ខ្ញុំដែលពាក់កណ្តាលរដូវកាលមានក្លិបមួយសម្រេចចិត្តបែបនេះ។ ការសម្រេចចិត្តនេះបានក្លាយជាសម្ពាធខ្លាំងលើអាជ្ញាកណ្តាល។ ប្រសិនពួកគេត្រឡប់មកវិញ ការងាររបស់អាជ្ញាកណ្តាលក្នុងការប្រកួតរបស់វិសាខានឹងស្ថិតក្រោមសម្ពាធ»។
បន្ទាប់ពីការដកខ្លួន ការប្រកួតរបស់វិសាខាជាមួយព្រះខ័នរាជស្វាយរៀង ក្នុងសប្តាហ៍ទី២៤ លីគកំពូលកម្ពុជាត្រូវបានលុបចោល ប៉ុន្តែនៅមិនទាន់សម្រេចជាផ្លូវការពីលទ្ធផលយ៉ាងណានោះទេ។
លោក Muñoz ប្រាប់ថា ៖«ខាងយើងខ្ញុំ ពួកគេបានធ្វើឲ្យការត្រៀមខ្លួនរបស់យើងសម្រាប់ការប្រកួតបោះចោល ពីព្រោះពួកគេចង់បញ្ឈប់។ វាមិនមែនជាកំហុសរបស់យើងខ្ញុំទេ។ ខ្ញុំសង្ឃឹមថា ពិន័យទី១លើពួកគេគឺការឲ្យចាញ់ការប្រកួតជាមួយយើង»។
នៅពេលចោទសួរថា ការដកខ្លួនបែបនេះ កីឡាកររបស់ក្លិបវិសាខាទៅជាយ៉ាងណាដែលពាក់ព័ន្ធនឹងជម្រើសជាតិស្ថិតក្រោមច្បាប់ AFC និង FIFA? លោក Muñoz បានឆ្លើយថា ប្រសិនបើវិសាខាមិនវិលត្រឡប់មកវិញទេ កីឡាករនឹងទំនេរ។ វាមិនប៉ះពាល់ដល់ក្រុមជម្រើសជាតិ ឬការប្រកួតផ្សេងៗទេ។ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិនឹងរឹតបន្តឹងចំពោះសកម្មភាពបែបនេះ ហើយវិសាខាក្នុងនាមជាក្លិបមួយអាចទទួលរងពិន័យពីការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
លោកបន្តថា សេណារីយ៉ូមាន។ ប្រសិនបើវិសាខាមិនចូលមកវិញ កម្មវិធីប្រកួតនៅតែបន្តក្នុងជម្រើសគ្មានវិសាខា។ បើពួកគេសម្រេចចិត្តត្រឡប់មកវិញ ពួកគេត្រូវតែគោរពតាមការពិន័យ និងបំរាមរបស់ខេមបូឌានព្រីមៀរលីគ (CPL) សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។
ចុងក្រោយ លោក Josep Muñoz បានលើកឡើងថា ៖«ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ យើងត្រូវជួយអាជ្ញាកណ្តាលបន្ថែមទៀត។ យើងមិនអាចដាក់សម្ពាធ និងរិះគន់ពួកគាត់គ្រប់ពេលវេលានោះទេ។ អាជ្ញាកណ្តាលត្រូវការរៀនសូត្របន្ថែមដោយមានសកម្មភាពជាគំរូជាក់ស្តែងដែលបានកើតឡើងនៅក្នុងលីគរបស់យើង»។
លោកផ្តល់ជាជម្រើសថា ការដាក់ឧបករណ៍វីដេអូជំនួយអាជ្ញាកណ្តាល (VAR) ក្នុងលីគ ពិតណាស់គឺមានតម្លៃថ្លៃ ប៉ុន្តែអាចជាជម្រើសមួយដូចជាឧបករណ៍វីដេអូធម្មតាដែលអាចប្រើប្រាស់ក្នុងការជួយដល់អាជ្ញាកណ្តាលសម្រាប់ការសម្រេចលើចំណុចសំខាន់ៗ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព