Connect with us

ព័ត៌មានអន្ដរជាតិ

កម្រឃើញ! លោក គីម ចូលបើករថក្រោះដែលខ្លួនអួតថា ទំនើបបំផុតលើលោក

បានផុស

នៅ

នៅក្នុងសមយុទ្ធកងរថក្រោះកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក គីម ជុងអ៊ុន បានចូលបើកដោយផ្ទាល់យ៉ាងកម្រ ហើយថែមទាំងអះអាងថា នេះគឺជារថក្រោះដែលទំនើបជាងគេបំផុតលើពិភពលោកទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ លោក គីម មិនបានបញ្ជាក់ច្បាស់ៗថាតើ រថក្រោះនេះ មានសមត្ថភាពខ្លាំងកម្រិតណានោះទេ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធរបស់កូរ៉េខាងជើងនេះ កើតឡើងចំពេលសត្រូវគឺកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ទើបបញ្ចប់យោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។

តាមសេចក្តីរាយការណ៍របស់ KCNA, នៅឯសមយុទ្ធរថក្រោះថ្ងៃទី១៤ខែមីនា លោក គីម ពាក់អាវស្បែកពណ៌ខ្មៅ ចូលបើករថក្រោះស៊េរីថ្មី ហើយប្រាប់កងទ័ពរបស់គាត់ឲ្យពង្រឹងស្មារតីប្រយុទ្ធ និង ការត្រៀមខ្លួនធ្វើសង្គ្រាមឲ្យបានពេញលក្ខណៈ។

(រូបថត៖ EPA)

រូបថតនៃសមយុទ្ធនេះ បានបង្ហាញរថក្រោះរាប់សិបគ្រឿង តម្រង់ជួរគ្នាជាមួយកងទ័ព ខណៈមេដឹកនាំកំពូលចុះត្រួតពិនិត្យ។ រថក្រោះដែលមានទង់ជាតិកូរ៉េខាងជើង ក៏បាញ់គ្រាប់រំសេវយ៉ាងសន្ធាប់នៅលើទីលានសមយុទ្ធផងដែរ។

ដោយឡែក បើយោងតាមអ្នកជំនាញកូរ៉េខាងត្បូង, រថក្រោះទាំងនេះ គឺត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងក្បួនយោធាដង្ហែឆ្នាំ២០២០ ហើយការចូលរួមក្នុងសមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍ គឺបង្ហាញពីការត្រៀមលក្ខណៈដាក់ពង្រាយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើសង្គ្រាម។

(រូបថត៖ AFP)

ការបង្ហាញខ្លួនរបស់លោក គីម លើកនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគាត់ដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ កាលពីសប្តាហ៍មុន។ ក្នុងអំឡុងសមយុទ្ធនោះ, លោក គីម បានជំរុញឲ្យទាហានរបស់គាត់ បង្ហាញទឹកចិត្តមោះមុតឆ្ពោះទៅមុខ សម្រាប់ការត្រៀមខ្លួនចល័តប្រយុទ្ធ វាយប្រហារដោយគ្មានមេត្តា ក្នុងព្រឹត្តិការណ៍ផ្ទុះសង្រ្គាមពិតប្រាកដ។

សូមបញ្ជាក់ សមយុទ្ធនេះធ្វើឡើងចំពេល​រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ចេញបញ្ជាឲ្យសម្លាប់លោក គីម និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាងដទៃទៀត ក្នុងករណីសង្រ្គាមផ្ទុះឡើងជាថ្មីនៅឧបទ្វីបកូរ៉េ។

(រូបថត៖ AP)

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ បានឡើងកម្តៅខ្លាំងកាលពីឆ្នាំមុន ចំ​ពេល​​ទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមិនដកដៃ។ តាមពិតទៅ សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងត្បូង បញ្ជាឲ្យសម្លាប់លោក គីម ជុងអ៊ុន មុនគេ បើសង្គ្រាមផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម