Connect with us

ព័ត៌មានជាតិ

មិនមែនសកម្មភាពសាកថ្មជីវិត តែជាការប្រមូលសំរាមចេញពី ប្រឡាយទឹកស្អុយ ដើម្បីបរិស្ថានរាជធានីភ្នំពេញ

បានផុស

នៅ

យុវជនមួយក្រុម ឆ្លៀតពេលទំនេរពីការសិក្សា នាំគ្នាចុះប្រមូលសំរាមចេញពីលូ-ប្រឡាយទឹកស្ទុយ តាមភូមិសាស្ដ្រមួយចំនួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលពួកគេចាប់ទុកសកម្មភាពនេះ គឺជាការសាកថ្មឱ្យជីវិត សម្រាប់ថ្ងៃចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ហែម សុភេម ប្រធានក្រុមនិស្សិតផ្លាស្ទិក បានប្រាប់ឱ្យ កម្ពុជាថ្មីដឹងថា ក្រុមនិស្សិតផ្លាស្ទិករបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ក្នុងគោលបំណងតែមួយ គឺការចុះប្រមូលសំរាម នៅតាមលូ-ប្រឡាយទឹកស្ទុយ នៅភូមិសាស្រ្ដមួយចំនួន ក្នុងរាជធានីភ្នំពេញ ជារៀងរាល់ពេលថ្ងៃចុងសប្ដាហ៍។ យុវជនរូបនេះ បន្ថែមទៀតថា ដំបូងឡើយ ក្រុមនិស្សិតរបស់លោក បានចុះទៅប្រមូលសំរាម នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួចមកក៏ផ្លាស់ប្ដូរទីតាំងចល័ត ទៅតាមសង្កាត់ផ្សេងៗ ដូចជា ៖ ប្រឡាយទឹកស្អុយស្ទឹងមានជ័យ ប្រឡាយទឹកស្អុយបឹងស្រឡាង និងប្រឡាយទឹកស្អុយមួយចំនួនទៀត ទៅតាមការដាក់គោលដៅ របស់សមាជិកក្រុមនិស្សិតផ្លាស្ទិក។

យុវជន ហែម សុភេម បានបន្តទៀតថា សកម្មភាពរបស់ក្រុមនិស្សិតផ្លាស្ទិករបស់លោក កើតចេញឆន្ទៈពិតៗមិនមែនជាការសម្ដែងដើម្បីទទួលបានការគាំទ្រ ឬផលប្រយោជន៍អ្វីមួយ នោះឡើយ។ សុភេម បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមនិស្សិតផ្លាស្ទិករបស់លោក មានអ្នកដែលចូលរួមគាំទ្រសកម្មភាពនេះ ប្រមាណ ៤០០នាក់​ ដោយបង្កើតជាក្រុមតេឡេក្រាម ភាគច្រើនអ្នកទាំងនោះ សុទ្ធសឹងតែជា សិស្ស-និស្សិត និងយុវជន ដែលមានបេះដូងរួមគ្នា ចង់ឃើញរាជធានីភ្នំពេញមានបរិស្ថាន ស្រស់ស្អាត សម្រាប់ភ្នែកមហាជន ទាំងមូល។

យុវជន ហែម សុភេម បានបន្ថែមទៀតថា កន្លងមក សកម្មភាពរបស់ក្រុមនិស្សិតផ្លាស្ទិក ត្រូវបានគាំទ្រ និងលើកទឹកចិត្ត ដោយក្រសួងបរិស្ថាន និងសប្បុរជនមួយចំនួនទៀត ក្នុងការផ្ដល់ជាសម្ភារៈ ឬថវិកា ខ្លះៗ ដើម្បីជួយជំរុញឱ្យ ក្រុមនិស្សិតផ្លាស្ទិក មានទឹកចិត្តបន្តក្នុងបេសកកម្មប្រមូលសំរាម តទៅមុខទៀត ផងដែរ។

យុវជន ហែម សុភេម បញ្ជាក់ទៀតថា ទោះបីជា ក្រុមនិស្សិតផ្លាស្ទិក មានសមាជិកច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែជាក់ស្ដែង ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ សមាជិកដែលចុះទៅប្រមូលសំរាម ភាគច្រើនគឺ មានត្រឹមតែ ៥ ទៅ ៦នាក់ តែប៉ុណ្ណោះ នេះដោយសារតែ សមាជិកផ្សេងទៀត ត្រូវជាប់រវល់ក្នុងការសិក្សា និងការងារ ផ្ទាល់ខ្លួន ទើបមិនមានកម្លាំងច្រើនដែលត្រូវចុះមកជួយប្រមូលសំរាម រៀងរាល់ថ្ងៃចុងសប្ដាហ៍៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម