Connect with us

ព័ត៌មានជាតិ

ប្រធានគណបក្សភឿថៃ គាំទ្រឲ្យមានការបង្កលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងថៃ-កម្ពុជា  

បានផុស

នៅ

លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងជាកូនស្រីពៅរបស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញការគាំទ្រចំពោះការលើកឡើងដែលថា ថៃ-កម្ពុជា​ គួរបង្កឲ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការគាំទ្រនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ជាម យៀប ប្រធានរដ្ឋសភាស្ដីទីរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ កាលពីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤នេះ។

ក្នុងជំនួបនេះលោក ជាម យៀប បានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រធានគណបក្សភឿថៃ និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភា នាពេលនេះ។

លោក ជាម យៀប មានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផលប្រយោជន៍សម្រាប់ប្រជាជន នៃទាំងពីរប្រទេស។

លោកប្រធានស្ដីទីរដ្ឋសភាកម្ពុជា បានលើកឡើងពីទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់លោកWanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ។ 

ជាមួយគ្នានេះ រដ្ឋសភាប្រទេសទាំងពីរ ក៏មានការយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេសបានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។

លោក ជាម យៀប បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់ នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។

លោកប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឲ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរ គួរបង្កឲ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឲ្យសន្ទុះ នៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។

ទាក់ទងនឹងទំនាក់ទំនងអន្តរគណបក្ស លោក ជាម យៀប បានអរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរល្អរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ នៅគ្រប់វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP និងថា ក្នុងឆ្នាំ ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី ១១ ហើយគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបា តនៃសន្និសីទអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី ១២ ហើយយើងសង្ឃឹមថា រដ្ឋសភាថៃ និងគណបក្សភឿថៃ គាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួម ក្នុងកិច្ចប្រជុំទាំងពីរនេះ។

ជាការឆ្លើយតបលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាព ដែលបានបាត់បង់មួយរយៈកាលមុន ឲ្យមានភាពល្អប្រសើរឡើងវិញ។ លោកស្រីថា​ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឲ្យសេដ្ឋកិច្ច មានការឬីកចម្រើន។

លោកស្រី មានជំនឿថា សន្តិភាព នឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏មានការរីកចម្រើនផងដែរ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឲ្យទំនាក់ទំនងដ៏ល្អនេះ មានជាបន្តយូរអង្វែងទៅមុខទៀត។

លោកស្រី ក៏បានថ្លែងគាំទ្រប្រសាសន៍របស់លោក ជាម យៀប ដែលលើកឡើងអំពីការបង្កលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម