ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ លោកថា ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។

ការលើកឡើងនេះ បន្ទាប់ពីសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ បានចេញរបាយការណ៍ ស្តីពី «ស្ថានភាពសារព័ត៌មាននៅក្នុងកម្ពុជាឆ្នាំ ២០២៣» ដោយនៅក្នុងរបាយការណ៍នោះ ខេមបូចា បានបញ្ជាក់ថា សមាគមរបស់ខ្លួន បានបន្តរកឃើញករណីគំរាមកំហែងលើអ្នកសារព័ត៌មាន កើតមានឡើងក្នុងឆ្នាំ ២០២៣ បើទោះបីជាចំនួននេះបានថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ ២០២២កន្លងទៅ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយសម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀត លើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យ និងធានាថា មានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។
លោកមានប្រសាសន៍បន្តថា កិច្ចការនេះចាំបាច់ទាមទារឲ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង។
បន្ថែមពីលើនេះលោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឲ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។ អ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាង ២ពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០២៣ដដែល ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាព និងចំនួន ១អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងទៀតថា ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា «អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក»។
លោក ទេព អស្នារិទ្ធ បញ្ជាក់ទៀតថា ទាំងនេះជាទិដ្ឋភាពរួមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសណ្តាប់ធ្នាប់ មានលក្ខណៈចម្រុះ និងសំបូរបែប ក្នុងការផ្សព្វផ្សាយពីស្ថានភាពពិតនៅក្នុងសង្គម និងការពិតនៃកម្ពុជាឲ្យបានដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។
វឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីភាពដឹកនាំដ៏ឆ្លាតវៃ ត្រឹមត្រូវ និងប្រកបដោយថាមពលរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមមាគ៌ាដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដា្ឋភិបាលកម្ពុជា ដែលបាននាំមកនូវកំណើន និងការរីកចម្រើនឥតឈប់ឈរពីមួយអាណត្តិទៅមួយអាណត្តិ។ ក្នុងអាណត្តិទី ៧នេះ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង។
ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួន ជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ។
ជាងនេះទៀត អ្នកសារព័ត៌មានត្រូវកសាង និងថែរក្សាទំនាក់ទំនងល្អជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ