Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ វិទ្យាសា្ថន​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់​។ នៅក្នុង​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, លោក​ឧកញ៉ា លាង ពៅ ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee Cement Corporation), ឯកឧត្ដម​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​, លោក គី សុខ​គីម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) និង​មន្ត្រី​ក្រសួង ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន សាស្ត្រាចារ្យ សិក្ខាកាម និង​និស្សិត​នៃ​វិទ្យាស្ថាន NPIC ជាច្រើន​នាក់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី លោក​ឧកញ៉ា លាង ពៅ ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន មានប្រសាសន៍ថា មូលហេតុ​ចម្បងៗ ៣​យ៉ាង ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នេះ​ឡើង​៖

​ទី​១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ចង់​ពង្រឹង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ច្បាស់លាស់​ជូនទៅ​ដល់​សិក្ខាកាម​ជាងសំណង់​ដែល​បាន​បណ្ដុះបណ្ដាល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជំនាញ ក្រោម​ការទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

​ទី​២ ៖ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ការងារ ស្របតាម​ស្តង់ដារ​រួម​នៃ​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​។

​ទី​៣ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ចង់បង្ហាញ​ពី​នវានុវត្តន៍​ភាព​នៃ​គំនិត​ច្នៃប្រឌិត​ថ្មី​ក្នុង​ការផលិត​ស៊ីម៉ងត៍​នៅក្នុង​ប្រទេស​កម្ពុជា យោងតាម​បទដ្ឋាន​លំដាប់​ពិភពលោក ស្របតាម​និន្នាការ​បច្ចុប្បន្ន​នៃ​ផលិតកម្ម​ដែល​កំពុង​វិវត្តន៍​ទៅជា​លក្ខណៈ Green Cement ជា​ស៊ីម៉ងត៍​ដែល​ប៉ះពាល់​តិច​បំផុត​ដល់​បរិស្ថាន​។​

លោក​ឧកញ៉ា លាង ពៅ ជឿជាក់​បំផុត​ថា ការផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ប្រកបដោយ​គុណភាព​ខ្ពស់​អនុលោម​ទៅតាម​ស្តង់ដារ ឬ​បទដ្ឋាន​ផលិត​ស៊ីម៉ងត៍​កម្រិត​អន្តរជាតិ និង​ការកាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ក្នុង​កម្រិត​តិចតួច​បំផុត ដោយ​គោរព​ទៅតាម​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ជួយ​បង្កើន​នូវ​និរន្តរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម។

លោក​ឧកញ៉ា លាង ពៅ បាន​បន្ថែមថា សព្វថ្ងៃ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើរ​សិន ដែលមាន​ទីតាំងនៅ​ខេត្តកំពត បាន​និង​កំពុង​អនុវត្ត​ដំណើរការ​ប្រព័ន្ធ​ច្រវាក់​ផលិតកម្ម​ក្នុង​រោងចក្រ​តាមបែប​ទំនើប​ឈ្មោះថា Co-Processing ចេញពី​កន្លែង​គ្រប់គ្រង​សំណល់​ឈ្មោះ Eco-cycle តាមរយៈ​ការប្រើប្រាស់ និង​កម្ទេច​កាកសំណល់​ដូចជា​កម្ទេច​ឈើ អាចម៍​រណារ អង្កាម ព្រមទាំង​សំណល់​ឧស្សាហកម្ម​ជាដើម មក​កែច្នៃ​ជា​ថាមពលជំនួស​ធ្យូងថ្ម​ក្នុង​ដំណើរការ​ឡ​ដុត​ស៊ីម៉ងត៍ ដើម្បី​ផលិត​ចេញ​ជា​ស៊ីម៉ងត៍​ប្រកបដោយ​គុណភាព​ខ្ពស់​តាម​ស្តង់ដារ​ពិភពលោក។

លោក​ឧកញ៉ា ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​សង្កត់ធ្ងន់ថា យ៉ាងណា​ក៏ដោយ បើសិនជា​យើង​មាន​ផលិតផល​ស៊ីម៉ងត៍​ដែល​ផលិត​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​សហគ្រិន​ខ្មែរ ដែលមាន​គុណភាព​ស្តង់ដារ​កម្រិត​អន្តរជាតិ​ក៏ពិតមែន ប៉ុន្តែ​ទន្ទឹមគ្នា​នោះ យើង​ក៏​នៅតែ​ត្រូវការ​ធនធាន​មនុស្ស​លើ​ផ្នែក​បច្ចេកទេស ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់ ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ផងដែរ​។ ហេតុ​ដូច្នេះហើយ ទើប​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគយល់​គ្នា និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់ ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) នៅពេលនេះ។

អម​ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​កំបោរ​ក្នុង​វិស័យ​សំណង់​នេះ​ នឹង​ផ្តល់ឱកាស​ដល់​សិក្ខាកាម​ឱ្យមាន​ជំនាញ​ផ្នែក​កំបោរ​លក្ខណៈ​ស្តង់ដារ ហើយក៏​ជា​ឱកាស​នៃ​ការទទួលបាន​ការងារ​ក្នុង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផងដែរ​។ ឆ្លៀតឱកាស​នេះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែល​បាន​នាំយក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុងការ​ផលិត​ស៊ីម៉ងត៍​មានគុណ​ភាព​ខ្ពស់​ដើម្បី​បម្រើ​ដល់​វិស័យ​សំណង់​។​

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្ថែមថា តាមរយៈ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​នេះ គឺជា​ភាពជាក់ស្ដែង​មួយ​នៃ​កិច្ចសហការ​រួមគ្នា​ក្នុងការ​ជំរុញ​ការអនុវត្ត និង​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការងារ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ក៏ដូចជា​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ហើយក៏​ជាការ​រួមចំណែក​មួយ​ដែល​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​កសាង និង​កៀរគរ​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស តាមរយៈ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ដែល​កិច្ចការ​បណ្តុះបណ្តាល​នេះ​ក៏បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​មូលធន​មនុស្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅមុន​បញ្ចប់​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្តល់​ជា​សារ​ណែនាំ​ឱ្យ​សិក្ខាកាម និង​សិស្សានុសិស្ស​បន្ត​ខិតខំ​រៀនសូត្រ​ឱ្យបាន​ល្អ​ទាំង​ជំនាញ​បច្ចេកទេស និង​ឥរិយាបថ​នៃ​ការធ្វើការ រួមទាំង​ជំនាញ​ទំនាក់ទំនង ព្រោះថា​ជីវិត​ការងារ​ទាមទារ​ទាំង​ចំណេះ​ជំនាញ ឥរិយាបថ​ការងារ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។

យោងតាម​ប្រសាសន៍​របស់ ឯកឧត្ដម​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​លើកឡើងថា វិទ្យាស្ថាន និង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​ជំនាញ​ជូន​ដល់​សិក្ខាកាម​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១៦​ មកម្ល៉េះ​។ កាលណោះ ការចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើក​ទី​១​ ទៅលើ​កម្មវិធី Enterprise Base Vocational Education ក្នុង​វិស័យ​មេកានិច​ទូទៅ ជំនាញ​បរិក្ខារ​ឧស្សាហកម្ម (Industry Facility) តាម​ប្រព័ន្ធ​ទ្វេភាគី (Dual System) ដែលជា​កម្មវិធី​បណ្ដុះបណ្ដាល​រវាង​សាលា និង​សហគ្រាស​ដោយ​សិក្សា​ទាំង​ក្នុង​សាលា និង​ចុះ​ហ្វឹកហាត់​អនុវត្ត​ផ្ទាល់​នៅតាម​សហគ្រាស​ផងដែរ​។ ឯកឧត្ដម​បណ្ឌិត បន្ដថា បច្ចុប្បន្ន​កម្មវិធី​នេះ​បាន​បណ្ដុះបណ្ដាល​សិស្ស​កម្រិត Diploma បាន​ចំនួន ៨​ជំនាន់ មកហើយ ដោយ​ក្នុងនោះ​មាន​សិស្ស​សរុប ៨៩​នាក់ ស្រី ២៧​នាក់ និង​បានបញ្ចប់​ដោយ​ជោគជ័យ​ចំនួន ៥​ជំនាន់ ដែលមាន​សិស្ស​សរុប ៥៨​នាក់ ស្រី ១៤​នាក់ និង​ទទួលបាន​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន សរុប​ចំនួន ៥៤​នាក់ ស្រី ១២​នាក់ គិត​ជា​ភាគរយ​ស្មើនឹង ៩២%​។

គួរ​បញ្ជាក់​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ ដែល​ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​យកចិត្តទុកដាក់​សហការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​ស្តង់ដារ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ពោល​តាំងពី​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។ សម្រាប់​កិច្ចសហការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​កំបោរ​ក្នុង​វិស័យ​សំណង់​ថ្មី​នាពេលនេះ ​មាន​សិក្ខាកាម​សរុប​ចំនួន ៦៦​នាក់ នឹងត្រូវ​បណ្តុះបណ្តាល​លើ​ជំនាញ​កំបោរ​នៃ​វិស័យ​សំណង់​សម្រាប់​ដំណាក់កាល​ទី​១ ហើយ​ដំណាក់កាល​ទី​២, ៣, និង​៤ នឹង​បន្ត​អនុវត្ត​ទៅតាម​ភាព​ជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍១១ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម