ព័ត៌មានជាតិ
ជួបការរាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ
“អូរជាំ” គឺជាឈ្មោះតំបន់ព្រៃភ្នំស្ថិតនៅក្នុងជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថា “ភ្នំសំកុស” ដែលស្ថិតក្នុងស្រុក សំឡូត ខេត្តបាត់ដំបង និងជាតំបន់អតីតព្រៃដែលខ្មែរក្រហមរស់នៅនិងគ្រប់គ្រង ដោយសារតែតំបន់នោះមានប្រភពទឹកធម្មជាតិធ្លាក់ពីលើភ្នំមិនចេះរីងស្ងួត។

លោក គឹម សុង ដែលជាអតីតទាហានខ្មែរក្រហម ហើយលោកបានក្លាយជាប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ។ ក្រោយពីបញ្ចប់សង្គ្រាមនិងបានរៀបចំជាភូមិឲ្យប្រជាពលរដ្ឋ មានដីស្រែចម្ការប្រកបមុខរបរកសិកម្មរៀងៗខ្លួនតំបន់នេះបានប្រែមុខមាត់ជាតំបន់ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តរហូតដល់បច្ចុប្បន្ននេះ។
លោក គឹម សុង បានឲ្យដឹងថា ប្រជាពលរដ្ឋជាកសិករនៅតំបន់អូរជាំ ប្រកបរបរកសិកម្មមិនមានផលលំបាកអំពីបញ្ហាទឹកនោះទេ បើទោះបីប្រកបដំណាំអ្វីក៏ដោយចុះគឺតាមរយះធនធានទឹកមិនចេះរីងស្ងួតខួបប្រាំងខួបវស្សា។
ប្រភពទឹកដែលកើតចេញពីធម្មជាតិនេះធ្លាក់ពីលើជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថា “ភ្នំសំកុស” ឋិតក្នុងស្រុកសំឡូត ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បានផ្តល់ផលប្រយោជន៍ដល់ការធ្វើកសិកម្មចំនួន ៤ ភូមិ ក្នុងឃុំកំពង់ល្ពៅ នៃស្រុកសំឡូត ខេត្តបាត់ដំបង។
អតីតទាហានខ្មែរក្រហមរូបនេះបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់នេះក៏បានស្រូបយកសេដ្ឋកិច្ចមួយផ្នែកទៀត ក្រៅពីប្រកបមុខរបរកសិកម្ម តាមរយះការលក់ដូរម្ហូបអាហារនំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗសម្រាប់លក់ជូនភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុក ខណះដែលតំបន់នេះមានសក្តានុពលជាច្រើនទៀតមានដូចជា ទឹកធ្លាក់ធម្មជាតិ បឹងទន្លេផែនទំហំ ២ ហិចតា កន្លែងលេងទឹក សួនផ្កាចម្រុះ ទេសភាពព្រៃភ្នំ ចំការក្រវ៉ាញ ម្ហូបប្រចាំតំបន់ (ចេកព្រៃ) ទេសចរព្រៃភ្នំ (ផ្សងព្រេង) តំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាព្រៃឈើចម្រុះអមជាមួយសម្លេងបក្សី និងមានបោះតង់និងមានផ្ទះស្នាក់សម្រាប់ពេលរាត្រីជាដើម។


លោក ឡាច ហម មេឃុំកំពង់ល្ពៅបានឲ្យដឹងថា តំបន់អូរជាំក្រៅពីមានសក្តានុពលទៅលើវិស័យទេសចរណ៍យ៉ាងសម្បូរបែប តំបន់នេះក៏បានទ្រទ្រង់លើវិស័យកសិកម្មដល់ប្រជាពលរដ្ឋចំនួន ៤ ភូមិផងដែរ ក្នុងនោះមាន ១-ភូមិអូរជាំលើ មានប្រជាពលរដ្ឋចំនួន ១៦២ គ្រួសារ ស្មើ ៥៧៨ នាក់។ ២-ភូមិអូរជាំកណ្តាល មានប្រជាពលរដ្ឋចំនួន ៩៨ គ្រួសារ ស្មើ ២៧៨នាក់។ ៣-ភូមិអូរជាំ មានប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ ស្មើ ៤៧៦នាក់។ ៤-ភូមិអូរជាំក្រោម មានប្រជាពលរដ្ឋចំនួន ១៦១ គ្រួសារ ស្មើ ៦៣៩នាក់។
ក្នុងចំណោមទាំង ៤ ភូមិខាងលើ មានភូមិអូរជាំក្រោម ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែច្រើនជាងគេ ក្រៅពីនេះមានដំណាំ ពោត និងដំឡូងមី ទទួលបានទិន្នផលល្អគ្រប់រដូវកាល ដោយកត្តាទឹកធម្មជាតិ ដែលបានទ្រទ្រង់ពីមួយឆ្នាំទៅមួយឆ្នាំ គ្មានការប្រឈមធ្វើឲ្យប៉ះពាល់ដល់ផលដំណាំដោយកត្តារាំងស្ងួតឡើយ។
លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា តំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុសខេត្តបាត់ដំបងបានក្លាយជាសហគមន៍ទេសចរណ៍ដ៏សំខាន់មួយ ដែលមានទីតាំងស្ថិតនៅភូមិអូរជាំលើ និងអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅប៉ែកខាងលិច ឆៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចម្ងាយប្រមាណ ៩៩ គីឡូម៉ែត្រពីទីរួមខេត្ត។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់ទឹកធ្លាក់ឬអាចធ្វើដំណើរតាមផ្លូវលេខ ១៥៤ ឆ្លងកាត់ផ្លូវអក្សរតេ និងវាលចម្បាំង ចម្ងាយផ្លូវ ៦៨ គីឡូម៉ែត្រប៉ុណ្ណោះអាចទៅដល់ទឹកជ្រោះតែម្តង។
លោកបន្តថា ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។ ពាក្យថា អូរជាំនេះបានមកពីពាក្យស្រែជាំមានន័យថា ជាតំបន់កសិកម្មធ្វើស្រែដោយជោគជាំខួបប្រាំងខួបវស្សា ដែលបានមកពីប្រភពទឹកដែលមិនចេះរីងស្ងួតពីបឹងធម្មជាតិដ៏ធំមួយដែលមានឈ្មោះថា “ទន្លេផែន” ហើយបឹងធម្មជាតិលើកំពូលភ្នំមួយនេះមានទំហំប្រមាណ ០២ ហិចតា ហូរតាមជ្រោះជ្រលងភ្នំដែលហៅថា អូរជាំតែម្តង។
លោកបន្តថា តាមរយៈគម្រោងដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញ (CMWSP) ប្រជាជនដែលរស់នៅក្នុងភូមិអូរជាំលើ និងភូមិអូរជាំកណ្ដាលបានធ្វើលិខិតស្នើសុំបង្កើតសមាគមន៍ការពារធម្មជាតិអូរជាំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧។

រហូតមកដល់ចុងឆ្នាំ ២០១៣ សហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានសហការរួមគ្នាជាមួយមន្ត្រីមន្ទីរបរិស្ថានដើម្បីរៀបចំផ្លូវចូលទៅក្នុងសហគមន៍អូរជាំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីអង្គការម្លប់បៃតងផង។ ដោយមើលឃើញពីសក្តានុពលនៃតំបន់ទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អង្គការបៃតងបានជួយរៀបចំសហគមន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់អូរជាំ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិអូរជាំលើ និងភូមិអូរជាំកណ្តាលមានសមាជិកចូលរួមចំនួន ៤៦៦ គ្រួសារ និងចំនួនមនុស្សសរុប ១,៣៣៣ នាក់ គ្រប់គ្រងលើទំហំផ្ទៃដីចំនួន ៣៧២ ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច