ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាមច្រករបៀង ចៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលត្រូវធ្វើដំណើរមកលេងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមកុំចូលតាមច្រករបៀងខុសច្បាប់ផ្សេងៗ ដើម្បីចៀសវាងមានបញ្ហា និងប៉ះពាល់ដល់សុខសុវត្ថិភាព។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ មីនា នេះថា ថ្មីៗ នេះ តំណាងក្រសួងការងារ សហការជាមួយតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចុះពិនិត្យច្រកទ្វារព្រំដែនជាប់ជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាត្រៀមរៀបចំ និងបង្កលក្ខណៈងាយស្រួល ព្រមទាំងសម្របសម្រួលឯកសារចេញចូលដល់ពលករខ្មែរក្នុងការចេញដំណើរពីកម្ពុជាទៅថៃ និងពីថៃវិលត្រឡប់មកកម្ពុជា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
លោកបានបន្តថា «ដូច្នេះហើយបានជាយើងយកចិត្តទុកដាក់ជាខ្លាំងដល់បងប្អូនពលករ និងសូមឱ្យពលករ ត្រូវមានឯកសារសម្គាល់ខ្លួនឱ្យបានត្រឹមត្រូវ ធ្វើដំណើរមកកាន់ច្រកទ្វារអន្តរជាតិដែលមានមន្ត្រីយើងរង់ចាំស្វាគមន៍ និងសម្របសម្រួលជូន ចៀសវាងធ្វើដំណើរតាមច្រករបៀងខុសច្បាប់ផ្សេងៗ ដែលអាចបង្កឱ្យមានបញ្ហា និងប៉ះពាល់ដល់សុខសុវត្ថិភាព»។ លោកបន្តទៀតថា ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ពលករ ក៏នឹងទទួលបានទឹកបរិភោគផងដែរ។

លោក កត្តា អ៊ន បានលើកឡើងថា ក្នុងនាម ក្រសួងការងារ សូមជូនពរពីចម្ងាយដល់ពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជា សូមឱ្យមានសុខសុវត្ថិភាព សុខភាពល្អ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។
លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានព្យាករថា លំហូរពលករខ្មែរវិលត្រលប់ចូលប្រទេសវិញ នឹងមានកំណើនខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ជាពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិដូង ដែលអាចមានពលករវិលចូលច្រើនជាងគេ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខ។

លោកឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា ដើម្បីជាការត្រៀមលក្ខណៈជាមុន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងមន្ត្រីបន្ថែមជាច្រើនរូប និងបានចាត់ឱ្យក្រុមការងារជំនាញ ត្រូវត្រៀមរៀបចំប្រព័ន្ធបច្ចេកទេសមួយចំនួនក្នុងការជួយសម្របសម្រួលដល់ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ធ្វើដំណើរចេញចូលឱ្យបានស្រួល ឆាប់រហ័ស ប្រកបដោយសន្តិសុខ និងមានសុវត្ថិភាព។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានពលករកម្ពុជាកំពុងធ្វើការ និងរស់នៅប្រទេសថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ ដែលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់