ព័ត៌មានអន្ដរជាតិ
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៦ខែមីនា ដោយបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ Patapsco។

កប៉ាល់សិង្ហបុរីទម្ងន់៩៦ម៉ឺនតោនមួយនេះមានឈ្មោះថា Dali ប្រវែង៣០០ម៉ែត្រ និងចុះបញ្ជីជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាសម្ព័ន្ធជាមួយ Synergy Marine Group ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk។ វាកំពុងចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ តាមការគ្រោងទុក វានឹងទៅដល់គោលដៅនៅថ្ងៃទី២២ខែមេសា។
យោងតាមរបាយការណ៍របស់ ABC News, កប៉ាល់បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ដែរ។

អាជ្ញាធរនិយាយថា សមាជិកនាវិកទាំងអស់២២នាក់ នៅលើកប៉ាល់ Dali និងអ្នកបញ្ជាកប៉ាល់២នាក់ ត្រូវបានរកឃើញ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។
និយាយអំពីស្ពាន Francis Scott Key វិញ, ស្ពាន៤គន្លងប្រវែង២.៦គីឡូម៉ែត្រមួយនេះ គឺលាតសន្ធឹងលើទន្លេ Patapsco ភាគអាគ្នេយ៍នៃទីក្រុង Baltimore។ វាគឺជាផ្នែកសំខាន់មួយនៃបណ្តាញផ្លូវជុំវិញទីក្រុង Baltimore ដែលជាទីក្រុងឧស្សាហកម្មនៅភាគឦសាន រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។

ស្ពាននេះមានយានជំនិះពាណិជ្ជកម្ម និងរថយន្តដឹកអ្នកដំណើរឆ្លងកាត់ជាង១២លានគ្រឿងក្នុងឆ្នាំ២០២៣។ ដោយឡែក កំពង់ផែ Baltimore គឺជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រឿងចក្រកសិកម្ម សំណង់ ធ្យូងថ្ម ព្រមទាំងការនាំចូលនិងនាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ រួមមាន Nissan, Toyota, General Motors, Volvo, Jaguar និង Land Rover។
លោក Lars Jensen អ្នកជំនាញកប៉ាល់កុងតឺន័រ បាននិយាយថា ការបាក់ស្ពាននេះ នឹងបង្កជាបញ្ហាសំខាន់នៅឆ្នេរខាងកើតសហរដ្ឋអាមេរិក។

ពាក់ព័ន្ធហេតុការណ៍នេះ អភិបាលរដ្ឋ Maryland លោក Wes Moore បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក Pete Buttigieg គូសបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែដំណើរការ ហើយអ្នកបើកបរនៅក្នុងតំបន់ Baltimore គួរតែរកផ្លូវវាងតាមការណែនាំរបស់មន្ត្រី”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងថា ហេតុការណ៍នេះកើតឡើងដោយអចេតនា ហើយមិនត្រូវផ្សារភ្ជាប់ទៅនឹងអំពើភេរវកម្មនោះទេ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា