Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិកតំណាងរាស្ត្រ អំឡុងពេលដែលលោកអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃជាលើកដំបូងក្នុងរយៈពេលជិត ២ ទសវត្សរ៍ ក្រោយរស់នៅនិរទេសប្រហែល ១៧ ឆ្នាំ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីរដ្ឋប្រហារក្នុងឆ្នាំ ២០០៦ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងដំណើរអញ្ជើញទៅទីស្នាក់ការបក្សនេះដែរ កូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបាននាំឪពុកដែលជាស្ថាបនិកគណបក្សភឿថៃផងដែរនោះ ទៅកាន់អូហ្វីសរបស់ប្រធានបក្សដែលរើទៅកាន់បន្ទប់ធ្វើការរបស់លោក ថាក់ស៊ីន មានឈ្មោះថា “OAK” ដែលដាក់តាមឈ្មោះហៅក្រៅរបស់កូនស្រីលោកទាំងបីដូចជា Oak, Aim និង Ing ។

ដោយឡែកលោក ថាក់ស៊ីន ក៏បាននិយាយផងដែរថា ទាំងអគារ និងសមាជិកតំណាងរាស្ត្រមានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ប៉ុន្តែមន្ត្រីអ្នកមុខអ្នកការទាំងនោះសុទ្ធសឹងតែជាកូនៗរបស់សមាជិកតំណាងរាស្ត្រដែលធ្លាប់ធ្វើការជាមួយលោកកាលពីលោកកាន់ជានាយករដ្ឋមន្ត្រី ហើយការអញ្ជើញទៅស្នាក់ការបក្សនេះទៀតសោត អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះមិនបាននិយាយពីរឿងការងារផ្ទៃក្នុងរបស់បក្សនោះឡើយ ។

ទន្ទឹមនោះ គ្រាន់តែអញ្ជើញទៅដល់ស្នាក់ការភ្លាម លោក ថាក់ស៊ីន ទទួលការទះដៃអបអរសាទរ និងមានទាំងការឲ្យផ្កាកុលាបក្រហមពីសំណាក់សមាជិកតំណាងរាស្ត្រ និងបងប្អូនប្រជាពលរដ្ឋដែលនៅតែស្រឡាញ់ពេញចិត្តលើរូបលោក ខណៈដែលលោក ថាក់ស៊ីន វិញញញឹមបិទមាត់មិនជិតឡើយ ហើយមើលទៅគាត់ដូចជាវីរបុរសជើងចាស់មួយរូបត្រឡប់មកលេងផ្ទះអ៊ីចឹង ។

កូនស្រីពៅលោក ថាក់ស៊ីន លើកឡើងថា ឪពុករបស់លោកស្រីក៏ចង់ចុះទៅសួរនាំប្រជាជននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ប៉ុន្តែមិនមែនក្នុងន័យទាក់ទាញ ឬជួយរកសំឡេងឆ្នោតឲ្យសមាជិកតំណាងរាស្ត្រគណបក្សភឿថៃនោះឡើយ ជាពិសេសគឺការហោះទៅខេត្តឈៀងម៉ៃសាជាថ្មីម្ដងទៀត ប៉ុន្តែទោះយ៉ាងណា យើងនឹងត្រូវពិភាក្សារឿងនេះជាមួយក្រុមគ្រួសារជាមុនសិន ។

ស្របពេលជាមួយគ្នានេះ ដំណើរ​អញ្ជើញទៅ​កាន់​ទីស្នាក់ការ​គណបក្ស​ភឿថៃរបស់​លោក ថាក់ស៊ីន នាពេលនេះក៏មិនមែនជារឿងចម្លែកអ្វីនោះដែរ ដោយសារតែអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះគឺជាអ្នកបង្កើតគណបក្សថៃស្រឡាញ់ថៃ គណបក្សកម្លាំងប្រជាជន និងគណបក្សភឿថៃនេះឯង ។

បន្ថែមពីនេះ ក្រោយដោះលែងឲ្យមានសេរីភាព លោក ថាក់ស៊ីន បានបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ ជាពិសេសលោកបានចំណាយពេល ៣ ថ្ងៃហោះទៅលេងស្រុកកំណើតក្នុងខេត្តឈៀងម៉ៃដើម្បីគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់លោក ទៅមើលគម្រោងក្នុងស្រុកមួយចំនួន និងជួបជាមួយមិត្តភក្តិចាស់ៗ បន្ទាប់ពីចាកចេញឆ្ងាយអស់រយៈពេល ១៧ ឆ្នាំ ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគបែរជាមើលឃើញជ្រុងផ្សេងទៅវិញ ដោយចាត់ទុកការធ្វើដំណើររបស់លោក ថាក់ស៊ីន ទៅកាន់ស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ គឺជាការដាក់មុខព្រួញស្ដារប្រជាប្រិយភាពឲ្យគណបក្សភឿថៃឲ្យកាន់តែមានមុខមាត់សាជាថ្មីម្ដងទៀត ក្រោយខេត្តមួយនេះចាញ់សំឡេងឆ្នោតយ៉ាងច្រើនក្រាស់ក្រែលទៅលើបក្សចលនាឆ្ពោះទៅមុខ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៤ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម